ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​៖​ទំនាក់​ទំនង​អាមេរិក-​កម្ពុជា​នឹង​មាន«សក្តានុពល​ពេញ​លេញ»ពេល​​កម្ពុជា​ស្តារលទ្ធិ​​ប្រជាធិប​​តេយ្យ

ឧបការី​រងរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រី​Melissa A. Brown​ធ្វើ​សនិ្នសីទ​ព័ត៌​មាននៅភ្នំពេញ​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០២៣។​(ហ៊ុល រស្មី/វីអូអេ)

ឧបការី​រងរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក អ្នកស្រី ​Melissa A. Brown បាន​លើកឡើង​អំពី​សារសំខាន់​នៃ​ការ​ស្តា​ឲ្យមាន​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅកម្ពុជា​ ដែល​អាច​ជំរុញ​ទំនាក់​ទំនង​សហរដ្ឋអាមេរិក​ និងកម្ពុជា​ឲ្យ​ឈាន​ដល់​ «សក្តានុពលពេញលេញ»។

អ្នក​ស្រី​ Brown ​ដែល​ទទួល​បន្ទុក​ការិយាល័យ​កិច្ចការ​អាស៊ីអាគ្នេយ៍​ដែន​គោក​ និង​ការិយាល័យ​អាស៊ី​អាគ្នេយ៍​ដែន​សមុទ្រ​ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​កម្ពុជា​សំខាន់​ៗ​មួយ​ចំនួន​ រួម​មាន​ អនុប្រធានទី​១​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក ស៊ុន ចាន់​ថុល​ និង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា​ លោក សុខ ចិន្តាសោភា​។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​រៀបចំដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​នៅទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​សុ​ក្រ​នេះ​ អ្នក​ស្រី​ Brownបាន​ប្រាប់​អ្នកកាសែត​ថា​សហរដ្ឋ​អាមេរិក​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថាន​ការណ៍​ប្រជាធិបតេយ្យ​នៅកម្ពុជា​ ​ដែល​មាន​ទំនាក់​ទំនង​ក្នុង​ការ​ជំរុញ​ចំណង​ការទូត​រវាង​រដ្ឋាភិបាល​រដ្ឋធានីវ៉ាស៊ីន​តោន និង​ទីក្រុង​ភ្នំពេញ​។

អ្នក​ស្រីថ្លែង​ថា​៖ «យើង​ជឿជាក់​ថា​ ទំនាក់​ទំនងរវាងសហរដ្ឋអាមេរិក និង​កម្ពុជា​នឹង​ឈាន​ទៅ​ដល់​កម្រិត​សក្តា​នុពល​ពេញលេញ​ នៅ​ពេល​អាជ្ញាធរ​មាន​លទ្ធភាព​ចាត់​វិធានការច្បាស់​លាស់​ដើម្បី​ស្តា​ឲ្យ​មានលទ្ធិ​ប្រជាធិប​តេយ្យសេរី​ពហុបក្សពិត​ប្រាកដ​ បញ្ចប់​ដំណើរការកាត់​ក្តី​ដែល​ជាប់​ហេតុ​ផល​នយោបាយ​ កែប្រែ​វិញ​ចំពោះ​ការ​ផ្តន្ទាទោស​អ្នករិះគន់​រដ្ឋាភិបាល​ ហើយ​អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យដែលដំណើរ​ការ​ដោយ​គ្មានការ​ជ្រៀត​ជ្រែក»។

នៅពេល​អ្នកយក​ព័ត៌មាន​របស់​សំឡេង​សហរដ្ឋអាមេរិកបាន​សួរ​ថា​តើ​អ្នកស្រីមាន​បានអំពាវនាវ​ជាក់​លាក់​ណាមួយ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អ្នកទោស​នយោបាយ​នៅ​កម្ពុជាឬ​ទេ​ អ្នកស្រី​បាន​លើក​ឡើង​ថា​សហរដ្ឋអាមេរិក​បាន​បន្ត​ពិនិត្យ​លើ​ករណី​សំខាន់​មួយចំនួន​ដូច​ជា​ ករណីរបស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា និង​មេដឹកនាំ​សហជីព​កញ្ញា​ឈឹម​ ស៊ីថរ​។

មន្ត្រី​ស្ថានទូតអាមេរិក​ប្រចាំនៅ​កម្ពុជា​ និង​សារព័ត៌មាន​ចូលរួម​សន្និសីទ​សារ​ព័ត៌មានអ្នកស្រី ​Melissa A. Brown​។ (ហ៊ុល រស្មី​/វីអូអេ)​

អ្នកស្រីថ្លែងថា៖ «ដូច្នេះ​ វា​ពិតជារឿង​អាទិភាព​ចំពោះ​ពួកយើង​ដើម្បី​បន្ត​លើកឡើង​ករណី​សំខាន់​ៗ​ ដូច​ជា​ កញ្ញា សេង ធារី ដូចជា​ លោក​កឹម សុខា ដូច​ជា​ កញ្ញា​ឈឹម ស៊ីថរ​ ជាឧទាហរណ៍​ដែល​យើង​សូម​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ និង​ធានាថា​ មេដឹក​នាំ​នយោបាយ​ជំទាស់​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​យ៉ាងអយុត្តិធម៌​ ហើយ​ជា​ការ​ពិត​ពួក​គេ​អាច​ត្រូវ​បាន​ដោះ​លែង​ និង​មាន​លទ្ធភាពសម្តែង​យោបល់​របស់​ពួក​គេ។​ យើង​ធ្វើការតស៊ូមតិ​ឲ្យ​សំឡេង​របស់​ពួកគេ​ត្រូវបាន​គេដឹងឮ ហើយវាជា​គុណ​តម្លៃ​គ្រឹះ​របស់​សហរដ្ឋអាមេរិក​ដើម្បី​បន្ត​សង្កត់ធ្ងន់​លើ​ករណីទាំងនេះ​»។

ក្រៅ​ពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ អ្នកស្រី Brown ក៏បាន​លើកឡើង​ជា​ថ្មី​ទៀត​អំពី​ដំណើរ​ការ​អភិវឌ្ឍមូលដ្ឋាន​ជើងទឹក​សមុទ្ររាម​ ដែល​អ្នកស្រីថា​ ទាំង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ផ្សេង​ទៀត​ចង់​ដឹង​ឲ្យ​បាន​ច្បាស់​ថា​នឹង​មាន​ផែន​ការបែបណា​ខ្លះ​សម្រាប់​មូលដ្ឋានទ័ព​ជើង​ទឹក​រាម។ ​

អ្នកស្រីថ្លែង​ថា​៖​ «រឿង​ដែល​សំខាន់​មួយ​សម្រាប់រាល់​ប្រទេស​ទាំងអស់គឺការ​ធានា​ថាអធិបតេយ្យ​របស់​ពួក​គេ​ត្រូវបាន​គោរ​ព។ មាន​របាយការណ៍អន្តរជាតិ​ដែល​គួរឲ្យជឿទុកចិត្ត​ ដែលដឹង​អំពី​ការ​ពាក់​ព័ន្ធ​របស់​សាធារណ​រដ្ឋប្រជាមានិត​ចិន​ នៅ​ពេល​និយាយដល់​ការ​អភិវឌ្ឍ​រាម។ យើង​ចង់​ឲ្យ​មាន​ការ​ធានា​បាន​ថា​អធិបតេយ្យ​ភាពរបស់​កម្ពុជា​ត្រូវបាន​គេ​គោរព​ ហើយ​ខ្ញុំគិតថា​យើងមាន​បំណង​មាន​កិច្ច​សន្ទនា​នៅ​ត្រង់​ណាដែល​យើង​អាច​បង្កើនតម្លាភាពបាន​នោះ​។ ដូច្នេះមិន​មែនតែ​សហរដ្ឋ​អាមេរិក​ទេដែល​អាចចង់​ដឹង ប៉ុន្តែ​ប្រទេស​ដទៃទៀត​នៅ​ក្នុង​តំបន់​ក៏​អាច​ចង់​ដឹង​ឲ្យបាន​ច្បាស់​ផងដែរ​អំពីផែនការ​សម្រាប់​រាម»។

អត្ថាធិប្បាយ​របស់​ឧបការី​រងរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​អ្នកស្រី ​Melissa A. Brown ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅកម្ពុជា កើត​មាន​ឡើង​បន្ទាប់ពីអ្នក​ធ្វើ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​ដាក់​លិខិត​ស្នើ​ទៅ​ក្រសួង​ការ​បរទេស​អាមេរិក​ ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ដោះ​លែង​អ្នក​ទោស​នយោបាយ​ ក្នុង​នោះ​មាន​ទាំង​កញ្ញា​សេង ធារី​មេធាវីខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​។

វត្តមាន​របស់អ្នក​ស្រី​ Brown ​នៅ​កម្ពុជា ​បាន​កើត​ឡើង​ ក្រោយ​ពេល​ដែលនាវា​ចម្បាំង​របស់​ចិន​បាន​ចូល​មក​មូល​ដ្ឋាន​កងទ័ព​ជើង​ទឹករាម​ក្នុង​ខេត្ត​ព្រះសីហនុ​របស់​ប្រទេស​កម្ពុជា​កាល​ពី​ដើម​ខែ​ធ្នូ​នេះ​។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និង​ជានិពន្ធនាយក​នៃ​ទូរទស្សន៍​ PNN ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មានក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា​ ប្រាប់វីអូអេ​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​ដឹកនាំ​ប្រទេស​ទៅ​តាម​លំនាំប្រជាធិបតេយ្យ​ ដោយ​លើក​ហេតុផល​ការ​បោះ​ឆ្នោត​ជាតិចុងក្រោយ​កាល​ពី​ខែ​កក្កដា​ ធ្វើឡើង​ដោយ​មាន​ការ​ចូលរួម​គណបក្ស​នយោបាយ​មាន​លក្ខណៈ​ចម្រុះ​ និង​សេរី​។

លោក​ថ្លែង​ថា​៖ «រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជាបាន​ធ្វើ​កំពុង​ធ្វើ​ និង​បន្ត​ធ្វើ​ឥត​មាន​ងាករេ​ទេ​នៅ​លើ​គន្លង​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ ដូច​យើង​ឃើញ​ហើយ​នៅ​ប្រទេស​កម្ពុជា​យើង​ ជា​ប្រទេស​តូច​មួយដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៧លាន​នាក់​តែ​ប៉ុណ្ណឹង​ទេ​ ក៏ប៉ុន្តែ​បើនិយាយពី​គណបក្ស​នយោបាយ​យើង​មានដល់​ទៅ​រាប់​សិប​ត្រូវបាន​បង្កើត​ឡើង​។ ហើយ​ជាក់​ស្តែង​កាល​ពី​ការ​បោះឆ្នោត​ ខែ​កក្កដា​ កន្លង​ទៅ​នេះ​ មាន​គណបក្ស​នយោបាយ​១៨​បាន​ចូលរួម​ ហើយ​ក្នុងហ្នឹង​មាន​គណបក្ស​២​បាន​ជាប់ឆ្នោត​មាន​កៅ​អី​នៅ​ក្នុង​រដ្ឋ​សភា​ ហើយ​សព្វថ្ងៃ​នេះ​ កំពុង​ធ្វើ​ការ​ងារ​រួម​គ្នា​ នៅឯរដ្ឋសភា»។

សម្រាប់​វិស័យ​សារព័ត៌មាន​ អ្នកនាំពាក្យរដ្ឋាភិបាល​រូបនេះ​ថា កម្ពុជា​មានអង្គភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយជាង​២០០០​ត្រូវបាន​ចុះបញ្ជីនៅ​ក្រសួងព័ត៌មាន និងមាន​អ្នក​កាសែត​ខ្ទង់​ជិតម៉ឺននាក់កំពុង​ប្រកបអាជីពរបស់​ពួកគេ​ដោយសេរី ហើយ​ក៏​មាន​អង្គការ​ក្រៅរដ្ឋាភិបាល​ និង​សហជីពចំនួន​៥ពាន់​ទៅ​៦ពាន់​អង្គភាព​ដែលកំ​ពុង​ដំណើរ​ការ​នៅ​ប្រទេស​កម្ពុជា ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ប្រើ​បណ្តាញ​សង្គម​សព្វ​បែប​យ៉ាង​ផង​ដែរ​។

ចំណែក​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ជិន ម៉ាលីន​ ថ្លែង​ថា​ការ​ស្នើរបស់​អ្នក​ស្រី​ Brown ទាក់​ទង​នឹង​សេរីភាព​របស់​មេដឹកនាំនយោបាយ​ជំទាស់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន មិនមាន​ឥទ្ធិពល​លើដែន​អធិបតេយ្យរបស់​កម្ពុជានោះ​ទេ។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ផ្តល់​សម្ភាសន៍​ដល់ VOA ក្រោយពី​ចូល​រួមកម្មវិធីផ្សាយ​ផ្ទាល់​ «តុមូល​វីអូឌី» អំពី​ប្រធានបទ​«​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុងប្រព័ន្ធ​យុត្តិធម៌» នៅ​បន្ទប់​ផ្សាយ​វីអូឌី​ក្នុង​រាជធានី​ភ្នំពេញ

លោក​ប្រាប់វីអូអេ​ថា​៖ «ការ​ស្នើ​របស់​គាត់អាហ្នឹង ជាសិទ្ធិរបស់​គាត់​ទេ​ ចេះ​តែ​ស្នើ​ទៅ​ក៏ប៉ុន្តែ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ យើង​មាន​រដ្ឋធម្មនុញ្ញ​ មាន​ច្បាប់​ជាតិ​ របស់យើង​ ហើយ​យើង​ធ្វើ​ទៅ​តាម​រដ្ឋ​ធម្ម​នុញ្ញ​ ច្បាប់​ជាតិ​របស់​យើង​។

ផ្អែកលើ​រដ្ឋធម្មនុញ្ញ​ ផ្អែក​លើ​ច្បាប់​ជាតិ​របស់​យើង​គឺ​រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​ឯណា​ទៅ​ដោះលែង​ទណ្ឌិត​ឬក៏​ជន​ជាប់​ចោទ​ដែល​ស្ថិត​ក្នុង​ដំណើរ​ការ​នីតិវិធីរបស់​តុលាការ​នោះទេ។ ហើយ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់​របស់​យើង​ក៏អត់​មាន​អ្នក​ទោស​នយោបាយ​ដែរ​ មានតែ​អ្នក​នយោបាយ​ដែល​មាន​ទោស​ ដោយ​សារ​ប្រព្រឹត្ត​បទល្មើស»។

វីអូអេ​មិនទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយពីអ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោកឈុំ សុជាត​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​សុក្រ។

ទាក់​ទិន​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​កង​ទ័ពជើង​ទឹក​រាម រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បកស្រាយ​ច្រើន​លើកច្រើនសារ​ថា មូលដ្ឋាន​នេះ​នឹង​មិន​អាច​ក្លាយ​ជាទីតាំង​ផ្តាច់​មុខ​របស់​កង​ទ័ពចិន​ទេ ហើយជាង​នេះ​ទៀត​ មូលដ្ឋាន​នេះ​ នឹង​ក្លាយ​ជា​ទីតាំង​នៃ​ការធ្វើសមយុទ្ធយោធា​រវាង​កងទ័ព​កម្ពុជា​ និង​ប្រទេស​ផ្សេង​ទៀត​ តែ​ជា​សមយុទ្ធ​បែប​សង្គ្រោះ​បន្ទាន់​ពេលមាន​គ្រោះអាសន្ន​កើតឡើង។ ​

ទោះ​ជា​យ៉ាង​ណាក្តី​ ក្នុង​សន្និសីទ​ព័ត៌មាន​ដែលមាន​វត្តមានឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក លោក​ W. Patrick Murphy និង​មន្ត្រី​ស្ថានទូត អ្នកស្រី​ Brown បាន​ថ្លែង​ថា​សហរដ្ឋ​អាមេរិក​មាន​មោទន​ភាព​ដែល​បាន​ដើរតួ​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ចដ៏គួរ​ឲ្យ​កត់​សម្គាត់​របស់កម្ពុជា​ ហើយ​ជំនួយ​របស់​សហរដ្ឋអាមេរិក​បាន​រួម​ចំណែក​ជួយកម្ពុជា​លើ​វិស័យ​ជាច្រើន​ដែល​រួម​មាន​សុខភាព​សាធារណៈ​ ការអប់រំ​ កសិកម្ម សន្តិសុខ​ស្បៀង​អាហារ​ បរិស្ថាន ការ​ឆ្លើយតប​ទៅនឹង​ឧក្រិដ្ឋកម្ម ហើយ​និង​ផ្នែក​ផ្សេង​ៗជាច្រើនទៀត។

អ្នកស្រីបន្ថែម​ថា​ជា​ការ​ពិត​ សហរដ្ឋអាមេរិកគឺ​ជាទីផ្សារ​ដ៏ធំ​បំផុត​របស់​ទំនិញនាំ​ចេញកម្ពុជា​។ ការណ៍​នេះ​បាន​បង្កើត​ឲ្យ​មាន​ការងារ​ ហើយ​ក៏​បាន​នាំមក​នូវ​វិបុលភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូបផង​ដែរ៕