សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​តវ៉ា​សុំ​ឱ្យ​ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា

អ្នក​ស្រី​យ៉ោម បុប្ផា​ សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ថា​ អ្នក​ស្រី​បាន​បង្ក​ហិង្សា​ទៅលើ​អ្នក​រត់​ម៉ូតូឌុប​ពីរ​នាក់​កាល​ពី​ឆ្នាំ​មុន។

អ្នក​ភូមិ​រង​គ្រោះ​ដោយ​សារ​ការ​ចាប់​រំលោភ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ សហគមន៍​បូរី​កីឡា​ និង​សហគមន៍​ថ្មគោល​បាន​ធ្វើ​ការ​តវ៉ា​ជាថ្មី​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ជាផ្នែក​មួយ​នៃ​ការ​ដាក់​សម្ពាធ​ដល់​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​អ្នក​ស្រី​យ៉ោម​ បុប្ផា​ឱ្យមាន​សេរីភាព​ឡើង​វិញ​ក្នុង​ខណៈ​ពេល​ដែល​តុលាការ​នេះ​គ្រោង​នឹង​បើក​សវការ​នៅ​ថ្ងៃ​ទី​២២​ខាង​មុន​នេះ។

ក្រុម​បាតុករ​បាន​ស្រែក​ថា៖​ «ពួក​យើង​ត្រូវ​ការ​យុត្តិធម៌​ដែល​តុលាការ​កំពូល​សម្រេច​ក្តី​នៅ​ថ្ងៃ​ទី​២២! ​ត្រូវ​តែ​ដោះ​លែង​អ្នក​ស្រី​យ៉ោម​ បុប្ផា​ ដោយ​គ្មាន​លក្ខខណ្ឌ!»។​

ក្រុម​អ្នកតវ៉ា​ដោយ​មាន​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស​បាន​ធ្វើ​ពិធី​បួង​សួង​តាម​បែប​ព្រះ​ពុទ្ធសាសនា​ដោយ​មាន​ដៃ​កាន់​ធូប​ ផ្កាឈូក​ ពាក្យ​ស្លោក ​រូប​ថត​អ្នក​ស្រី​យ៉ោម បុប្ផា​ និង​គ្រឿង​ដង្វាយ​មួយ​ចំនួន​ដូច​ជា​ស្រូវ​សណ្តែក​ ល្ង​ បាន​ដើរ​ជុំ​វិញ​តុលាការ​កំពូល​ចំនួន​បី​ជុំហើយ​បានទូង​ស្គរ​បញ្ចេញ​សំឡេង​និង​សូត្រធម៌​តាម​បែប​ព្រះ​ពុទ្ធសាសនា​ដើម្បី​បួង​សួង​ឱ្យ​អ្នក​ស្រី​យ៉ោម បុប្ផា​ឆាប់​មាន​សេរីភាព។​

ពួកគេ​ក៏​បាន​ដុត​ចោល​ជា​និមិត្តរូប​នូវ​ក្រដាស​ដីកា​ចាប់​ខ្លួន​អ្នកស្រី​យ៉ោម​ បុប្ផា​ដែល​បាន​ចេញ​ដោយ​តុលាការ​ដំបូង​កាលពី​ពេល​កន្លងមក។​



គ្មានការ​ប៉ះទង្គិច​ណាមួយ​បាន​កើត​មាន​ឡើង​ទេដោយ​សារ​តែ​មិន​មាន​ក្រុម​មាន​សមត្ថកិច្ច​ទប់​ស្កាត់​ក៏ប៉ុន្តែ​ក្រុម​មាន​សមត្ថកិច្ច​ខ្លះ​បាន​ស្លៀក​ពាក់​ជា​ឯក​សណ្ឋាន​ស៊ីវិល​តាម​ឃ្លាំមើល​ពិធី​បូង​សួង​តាំង​ពី​ពេល​ចាប់​ផ្តើមរហូត​ដល់​ទី​បញ្ចប់។​

អ្នក​ស្រី​ទេព វន្នី​ ម្ចាស់​ពាន​រង្វាន់​ស្ត្រី​ជាអ្នក​ដឹក​នាំ​របស់​អង្គការ​ Vital Voices​ បាន​និយាយ​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ទាំង​ដើរបណ្តើរ​និង​ក្នុង​ដៃ​មាន​កាន់​គ្រឿង​ដង្វាយ​ថា ពិធី​នេះ​និង​ជួយ​ដល់​អ្នក​ស្រី​យ៉ោម បុប្ផា​ឱ្យ​មាន​សេរី​ភាពឡើង​វិញ​។​

អ្នក​ស្រី​និយាយ​ថា៖ ​«ដោយសារ​ពួក​ខ្ញុំ​គិត​ថា​ថ្ងៃទី​២២​ខាង​មុខនេះ​គឺជា​ឱកាស​ចុង​ក្រោយ​របស់​អ្នក​ស្រី​យ៉ោម បុប្ផា​ សម្រាប់​ករណី​ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​ខ្មែរ។ ​នៅ​តុលាការ​កំពូល​ហ្នឹង​អញ្ចឹង​ពួក​ខ្ញុំ​ត្រូវ​តែ​ស្វែង​រក​យុទ្ធសាស្ត្រ​គ្រប់​វិធីសាស្ត្រ​ដើម្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​អ្នក​ស្រី​យ៉ោម បុប្ផា​ទទួល​បាន​នូវ​យុត្តិធម៌»។​

ស្វាមី​អ្នក​ស្រី​យោម បុប្ផា​និង​កូន​ប្រុស​មិន​បាន​ដើរ​ហែរ​ក្បួន​ដូច​ប្រជាពលរដ្ឋ​ដទៃ​ផ្សេង​ទៀត​ទេ។​ ប៉ុន្តែ​លោក​បាន​អង្គុយ​នៅ​ពី​មុខ​តុលាការ​កំពូល​ដោយដុត​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​នោះ។​

ថ្លែង​មាន​ទឹក​មុខ​ស្រពាប់​ស្រពោន​លាយឡំ​ជាមួយ​នឹង​ផ្សែង​ហុយ​ចេញ​ពី​គំនរ​ផេះ​ផង់ ​លោក​លួស សាខន​ ស្វាមី​អ្នក​ស្រី​យ៉ោម​ បុប្ផា​នៅ​តែ​ការ​ពារ​ថា​ភរិយា​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ខុស។​

លោក​និយាយ​ថា៖​ «យើង​សម្រេច​ចិត្ត​ដុត​ដីកា​នេះ​ចោល​ពីព្រោះ​ចាប់​ខ្លួន​ក៏គ្មាន​ដីកា​ចាប់​ខ្លួន​ហើយ​ចាប់​ហើយ​បាន​មាន​ដីកា​មក​ក្រោយ​ហើយ​ដីកា​នេះ​ឃើញ​ជាក់​ស្តែង​ហើយ​ឈ្មោះ​ខ្ញុំ​គឺ​ប្តី​អ្នក​ស្រី​យ៉ោម បុប្ផា​ ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ហើយ​ដីកា​ទីពីរ​បាន​មាន​ឈ្មោះ​ខ្ញុំ​លួស​ សាខន។ នេះ​បាន​ន័យ​ថា​ដីកា​សព្វ​ថ្ងៃនេះ​ចង់​ធ្វើ​ពេល​ណា​បាន​ពេល​ហ្នឹង»។​

លោក​តែ សំអាង​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​និង​ លោក ឌិត មន្ទី ​ប្រធាន​តុលាការ​កំពូល​មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បានទេ។​

លោក​ អំ សំអាត​ប្រធាន​ការិយា​ល័យ​គ្រប់​គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្កការ​លីកាដូ​បាន​បញ្ជាក់​ថា​ តុលាការ​កំពូល​ធ្លាប់​បាន​ផ្តល់​យុត្តិ​ធម៌​ដល់​លោក​ ប៊ន សំណាង​និង​លោក​សុខ សំអឿន។​ដូច្នេះ​លោក​សង្ឃឹម​ថា​តុលាការ​ចុង​ក្រោយ​នេះ​នឹង​ផ្តល់​យុត្តិ​ធម៌​ជូន​អ្នក​ស្រី​យ៉ោម បុប្ផា។​

លោក​និយាយ​ថា៖ «អ្នក​ស្រី​យ៉ោម បុប្ផា​បើ​យើង​មើល​តាម​ការ​តាម​ដាន​របស់​ខ្ញុំ​ទៅ​លើ​សវនាការ​នៅ​សាលា​ដំបូង​ក៏ដូច​ជា​សាលា​ឧទ្ធរណ៍​វា​អត់មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ថា​អ្នក​ស្រី​យ៉ោម បុប្ផា​និង​ស្វាមី​បាន​ប្រព្រឹត្ត​បទ​ល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដូច​មាន​ការ​ចោទ​ប្រកាន់​នោះ​ទេ»។​

អ្នក​ស្រី​យ៉ោម បុប្ផា​ សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ថា​ អ្នក​ស្រី​បាន​បង្ក​ហិង្សា​ទៅលើ​អ្នក​រត់​ម៉ូតូឌុប​ពីរ​នាក់​កាល​ពី​ឆ្នាំ​មុន៕