គណបក្ស​ប្រជាធិបតេយ្យ​ បាន​ឈ្នះ​វិញ​នូវ​អំណាច​ភាគ​ច្រើន​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក

  • Jim Malone

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​ការ​ប្រជុំ​មួយ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០១៧។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សេតវិមាន ​អ្នកស្រី Sarah Sanders ថ្លែង​ថា លោក​ប្រធានាធិបតី ត្រាំ រីករាយ​ដែល​គណបក្ស​សាធារណរដ្ឋ​​នៅ​កាន់​កាប់​​ព្រឹទ្ធសភា។

តុល្យភាព​អំណាច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ផ្លាស់ប្តូរ​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង​បាន​ឈ្នះ​មក​កាន់កាប់​វិញ​នូវអំណាច​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក។​ លទ្ធផល​នេះ​ជា​បរាជ័យ​នយោបាយ​មួយ​សម្រាប់​លោក​ប្រធានាធិបតី​ Trump និង​គណបក្ស​សាធារណរដ្ឋ​របស់​លោក។ ប៉ុន្តែ​គណបក្ស​សាធារណរដ្ឋ បាន​ពង្រឹង​បន្ថែម​ទៀត​នូវ​អំណាច​សំឡេង​ភាគ​ច្រើន​របស់​ខ្លួន​នៅ​ក្នុង​ព្រឹទ្ធសភា​ ដែល​ការណ៍​នេះ​នឹង​ជួយ​ពង្រឹង​អំណាច​លោក​ប្រធានាធិបតី​ Trump និង​បង្កើត​នូវ​ឆាក​នយោបាយ​ដែល​កាន់​តែ​ប្រឈម​មុខ​ដាក់​គ្នា​មួយ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ។

នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្សប្រជាធិបតេយ្យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi បាន​ប្រកាស​ពី​ដំណាក់កាល​ថ្មី​មួយ​នៅ​រដ្ឋធានី​សហរដ្ឋ​អាមេរិក​ថា៖

«យើង​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ស្វែងរក​ចំណុច​រួម គ្រប់​ពេល​ដែល​យើង​អាច​រក​បាន ហើយ​យើង​ក៏​ត្រូវ​មាន​ជំហរ​រឹង​មាំ​គ្រប់​ពេល​ដែល​យើង​អាច​ធ្វើ​បាន​ដែរ។ ប៉ុន្តែ ​យើង​ត្រូវ​ព្យាយាម​ធ្វើរឿង​ទាំង​ពីរ​នេះ។ រដ្ឋសភា​អាមេរិក​មួយ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ធ្វើការ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​នាំ​ឲ្យ​យើង​រួបរួម​គ្នា ពីព្រោះ​យើង​ទាំង​អស់​គ្នា​ឆ្អែត​ឆ្អន់​ហើយ​នឹង​ការ​បែកបាក់​នយោបាយ​ដែល​មាន​ក្នុង​ពេល​កន្លង​មក»។

លទ្ធផល​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​រដ្ឋសភា​អាមេរិក​ឆ្នាំ​២០១៨៖

លោកស្រី Pelosi ពេល​នេះ​រំពឹង​ថា​នឹង​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បន្ទាប់ ដែល​នេះ​អាស្រ័យ​ដោយ​ជ័យជម្នះ​របស់​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ដូច​ជា​លោកស្រី Jennifer Wexton ដែល​ដណ្តើម​បាន​អាសនៈ​ពី​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋ Virginia។

លោកស្រី Wexton ថ្លែង​ថា៖

«ខ្ញុំ​បាន​និយាយ​តាំង​ពី​ដំបូង​នៃ​យុទ្ធនាការម៉្លេះ​ថា ការ​ផ្លាស់ប្តូរ​មួយ​កំពុង​មាន​នៅ​អាមេរិក ហើយការ​ផ្លាស់ប្តូរ​នេះ​បាន​មក​ដល់​សង្កាត់​បោះឆ្នោត​លេខ​១០​នៃ​រដ្ឋ​ Virginia។ ហើយ​ការ​ផ្លាស់ប្តូរ​នេះ​ពិត​ជា​បាន​កើតឡើងនៅ​យប់​នេះ​មែន»។

ក៏​ប៉ុន្តែនៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នេះ​ គណបក្ស​សាធារណរដ្ឋរបស់​លោក Trump ក៏​បាន​ពង្រីក​បន្ថែម​នូវ​អំណាច​សំឡេង​ភាគ​ច្រើន​របស់​ខ្លួន​នៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិក ដោយ​សារ​បរាជ័យ​របស់​បេក្ខជន​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូច​ជា​រដ្ឋ​ North Dakota Missouri និង Indiana ដែល​នៅ​ទី​នោះ លោក Mike Braun នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ទទួល​ជ័យ​ជម្នះ។

លោក Mike Braun ខាង​គណបក្ស​សាធារណរដ្ឋ​ថ្លែង​ថា៖

«យើង​ជា​អ្នក​អភិរក្ស​និយម​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ត្រាំ។ យើង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​គិត​របស់​យើង​និង​អ្វី​ដែល​មាន​ដំណើរ​ល្អ​សម្រាប់​រដ្ឋ​ Indiana នឹង​មាន​ដំណើរ​ការ​ល្អ​សម្រាប់​ពលរដ្ឋ​អាមេរិក​ទាំង​អស់ ហើយ​ខ្ញុំ​ជឿ​ថា ខ្ញុំ​អាច​វែក​ញែក​ក្នុង​ការ​ជជែក​គ្នា​នោះ​បាន‍»។

អ្នក​នាំ​ពាក្យ​សេតវិមាន ​អ្នកស្រី Sarah Sanders ថ្លែង​ថា លោក​ប្រធានាធិបតី ត្រាំ រីករាយ​ដែល​គណបក្ស​សាធារណរដ្ឋនៅ​កាន់​កាប់​នៅ​ព្រឹទ្ធសភា។

​អ្នកស្រី Sarah Sanders ថ្លែង​ថា៖

«បេក្ខជន​ភាគ​ច្រើន​ដែល​លោក​ប្រធានាធិបតី​គាំទ្រ​និង​ធ្វើ​យុទ្ធនាការ​ឲ្យ​នោះ​ទទួល​បាន​លទ្ធផល​ល្អ​នៅ​យប់​នេះ។ ទោះ​ជា​យ៉ាង​ណា លោក​ប្រធានាធិបតី​នឹង​ធ្វើ​ការ​ជាមួយ​អ្នក​ទាំង​ឡាយ​ណា​ដែល​ឡើង​កាន់​តំណែង»។

លទ្ធផល​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ព្រឹទ្ធសភា​សភា​អាមេរិក​ឆ្នាំ​២០១៨៖

វោហាសាស្ត្រ​ដ៏​តឹងរ៉ឹង​របស់​លោក​ប្រធានាធិបតី​នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ជំរុញ​ទឹកចិត្ត​ក្រុម​អ្នក​បោះឆ្នោត​ក្នុង​បក្ស​ទាំង​ពីរ នេះ​បើ​តាម​ការ​ថ្លែង​របស់​អ្នកស្រី Rebecca Gill ដែល​ជា​អ្នក​វិភាគ​មួយ​រូប។

អ្នកស្រី Gill បាន​ថ្លែង​ថា៖

«វា​ហាក់​ដូច​ជា​ ធ្វើ​ឲ្យ​បែក​ខ្ញែក​គ្នា ហើយ​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ជាង​មុន​ចូលរួម​ក្នុង​ភាគី​ទាំង​សង​ខាង‍»។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​អ្នក​បោះឆ្នោត​គាំទ្រ​លោក ត្រាំ ម្នាក់​ក្នុង​រដ្ឋ កាលីហ្វ័រញ៉ា យើង​សង្កេត​ឃើញ​ថា រឿង​នេះ​ពិត​ជា​កើត​ឡើង​មែន។

លោក Thomas Wesley អ្នក​គាំទ្រ​លោក ត្រាំ​ មួយ​រូប​ថ្លែង​ថា៖

«ខ្ញុំ​យល់​ស្រប​ជាមួយ​នឹង​អ្វី​ជា​ច្រើន​ដែល​លោក​បាន​ធ្វើ ប៉ុន្តែ​មិន​មែន​គ្រប់​យ៉ាង​នោះ​ទេ។ ប៉ុន្តែ​លោក​ពិត​ជា​បាន​ធ្វើ​រឿង​ជា​ច្រើន។ ខ្ញុំ​គិត​ថា លោក​គិត​ពី​ប្រយោជន៍​ជាតិ​សំខាន់​បំផុត ទាំង​នៅ​ក្នុង​ប្រទេស​និង​អន្តរជាតិ»។

ប៉ុន្តែ​ អ្នក​រិះគន់​លោក​ ត្រាំ​ ម្នាក់​នៅ​ក្នុង​ទីក្រុង ញូវយ៉ក ថ្លែង​ថា៖

«យើង​សង្ឃឹម​ថា លោក​គ្រាន់​តែ​ជា​សុបិន​អាក្រក់​មួយ​ដែល​យើង​ទើប​ចាប់​ផ្តើម​ភ្ញាក់​ពី​ដំណេក​អញ្ជឹង។ ដំបូង​យើង​ចូល​កាន់កាប់​រដ្ឋសភា ហើយ​ពីរ​ឆ្នាំ​ទៀត​យើង​ចូល​កាន់​កាប់​ក្នុង​ព្រឹទ្ធសភា និង​សេតវិមាន។ លា​ហើយ​លោក ត្រាំ‍»។

ចុង​បញ្ចប់ លោក ត្រាំ គឺ​ជា​បញ្ហា​សំខាន់​សម្រាប់​បក្ស​ទាំង​ពីរ នេះ​បើ​តាម​ការ​ថ្លែង​របស់​អ្នកស្រី Capri Cafaro ដែល​ជា​អ្នក​វិភាគ​មួយរូប។

អ្នកស្រី Capri Cafaro ថ្លែង​ថា៖

«យើង​ឃើញ​ភាគី​ទាំង​សងខាង​មាន​ភាព​សោមនស្ស​រីករាយ។ ​ខ្ញុំ​គិត​ថា យើង​កំពុង​មើល​ឃើញ​ ការ​ប្រណាំង​ប្រជែង​ដ៏​ប្រកៀក​ប្រកិត​គ្នា​នៅ​ក្នុង​តំបន់​ទាំង​នេះ ដែល​ត្រូវ​បាន​កំណត់​ថា​ ជា​រដ្ឋ​ដែល​មិន​ទាន់​សន្មត​ថា​គណបក្ស​ណា​នឹង​ឈ្នះ‍»។

លោក Trump និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំងឥឡូវ​នេះ​នឹង​ប្រឈម​នឹង​សំណួរ​ថ្មី​មួយ តើ​ភាគី​ទាំង​ពីរ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ដែរ​ឬ​ទេ ខណៈ​ដែល​ភាគី​ទាំង​ពីរ​ចាប់​ផ្តើម​រៀបចំ​ខ្លួន​សម្រាប់​យុទ្ធនាការប្រធានាធិបតី​នៅ​ពីរ​ឆ្នាំ​ទៀត៕

ប្រែសម្រួលដោយ លោក សឹង សុផាត និង​កញ្ញា ស្រេង លក្ខិណា