គណបក្ស​ប្រជាធិបតេយ្យ​រៀបចំ​ការពិភាក្សា​ដេញដោល​ដំបូង​សម្រាប់​ការប្រកួត​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦

បេក្ខនារី​ប្រធានាធិបតី​គណបក្ស​ប្រជាប្រធិបតេយ្យ​លោកស្រី​ហ៊ីលឡារី គ្លីនតុន ចូលរួម​នៅ​ក្នុង​ក្បូន​ដង្ហែ​មួយ​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០១៥ នៅ​ទីក្រុង Las Vegas។

បន្ទាប់​ពី​បាន​មើល​ឃើញ​បេក្ខជនខាងគណបក្ស​សាធារណរដ្ឋពិភាក្សា​ដេញដោល​គ្នា​ចំនួន​ពីរជុំ​មក បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ដែល​មាន​បំណង​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​សហរដ្ឋ​អាមេរិក​មាន​ឱកាស​ពិភាក្សា​ម្តង​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ឯវេទិកា​ក្នុង​ទីក្រុង​ឡាស់ វេហ្កាស Las Vegas ដែល​នេះ​ជាការ​ពិភាក្សា​ដេញដោល​លើក​ទីមួយ​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០១៦។

លោកស្រី​ហ៊ីលឡារី គ្លីនតុន អតីត​រដ្ឋ​មន្ត្រីការបរទេស ​និង​ជា​អ្នក​នាំ​មុខនៅ​ក្នុង​ការប្រកួត​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​នឹង​ស្ថិតនៅ​កណ្តាល​នៃ​ការ​ពិភាក្សា​ទាំង​ទីតាំង​ដែល​ត្រូវ​ឈរ​ជាមួយ​នឹង​បេក្ខជន​បួន​នាក់​ទៀត​ និង​ខ្លឹម​សារដែល​ត្រូវ​យកមក​ពិភាក្សា។​

ការ​ស្ទាបស្ទង់​មតិ​ថ្មីៗ​នេះ​បាន​ឃើញ​ថា ​លោក​ស្រី​គ្លីនតុន​នាំ​មុខ​គេ​ដោយ​ទទួលបាន​ការគាំទ្រ​ប្រហែល​៤០ភាគរយ ក្នុង​ខណៈពេល​ដែល​អ្នក​ប្រកួត​ប្រជែង​ធំ​របស់​លោកស្រី​គឺ​លោក​ប៊ឺនី សេនឌឺរ ​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​Vermont ​ទទួលបាន​២៥ភាគរយ។

ផ្ទុយ​គ្នា​នឹង​ការប្រកួត​ប្រជែង​នៅក្នុង​គណបក្ស​សាធារណរដ្ឋ​ ក្រុម​អ្នក​ប្រជាធិបតេយ្យ​បាន​ចំណាយ​ពេល​តិចតួច​ដើម្បី​និយាយ​រិះគន់​គ្នា​ ដែលនឹង​ធ្វើ​ឲ្យ​ការពិភាក្សា​ដេញដោល​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​ជា ​វេទិកា​ដ៏ ទាក់ទាញ​សម្រាប់​អ្នក​ចង់​ដឹង​ពី​គោលនយោបាយ​របស់​ពួកគេ ​និង​ប្រវត្តិ​ការ​ងារ​ដើម្បី​យកមក​ប្រៀបធៀប​គ្នា។​

ទំហំ​នៃ​អ្នក​ចូល​មក​ប្រកួត​ក៏​មាន​ការ​ខុសប្លែកគ្នា​ដែរ ដោយ​មាន​លោកស្រី​គ្លីនតុន និង​លោក​សែនឌ័រ ចូលរួម​ដោយ​លោក​ម៉ាទីន អ៊ូមាលី អតីត​អភិបាល​រដ្ឋ​Maryland លោក​ជីម វិប អតីត​សមាជិកព្រឹទ្ធ​សភា​រដ្ឋ​Virginia និង​លោក​លីនខុន ឆាហ្វី អតីត​សមាជិក​ព្រឹទ្ធសភាប្រចាំ​ រដ្ឋ​ Rhode Island។ បេក្ខជន​បី​នាក់​ចុងក្រោយ​នេះ​តស៊ូ​យ៉ាង​ត្រដាបត្រដួស​ ហើយ​មិន​ទទួលបាន​ការ​គាំទ្រ​មួយ​ភាគរយ​ផង៕ ​ ​