រូបថតប្រធានាធិបតីសហរដ្ឋអាមេរិកទាំង ៤៣ រូប ត្រូវបានគេដាក់បញ្ចាំងនៅក្នុងសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ ដែលធ្វើឡើងនៅក្នុងទីក្រុង Philadelphia។ បន្ទាប់មករូបប្រធានាធិបតីទី ៤៤ របស់សហរដ្ឋអាមេរិក គឺរូបលោកប្រធានាធិបតី Barack Obama ត្រូវបានគេពង្រីកចេញយ៉ាងធំ និងចុងក្រោយ គឺលេចចេញនូវរូបរបស់លោកស្រី Hillary Clinton ដែលជាស្រ្តីដំបូងគេបង្អស់ត្រូវបានគេតែងតាំងឲ្យធ្វើជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិករបស់គណបក្សចម្បងមួយនៅក្នុងសហរដ្ឋអាមេរិក។
លោកស្រី Clinton បានលើកឡើងថា៖ «ថ្ងៃនេះ យប់នេះ គឺពិតជាអស្ចារ្យណាស់។ នេះជាកិត្តិយសណាស់សម្រាប់រូបខ្ញុំ»។
លោកស្រីបានបន្ថែមថា សមាជិកគណបក្សប្រជាធិបតេយ្យបានបំបែករបាំងដែលរារាំងស្ត្រីមិនឲ្យមានឱកាសបានកាន់ការងារខ្ពង់ខ្ពស់។ លោកស្រីបានបញ្ជាក់ពីសារៈសំខាន់នៃពេលវេលាឥឡូវនេះ ឲ្យស្ត្រីក្មេងៗទាំងឡាយដែលកំពុងតែទស្សនាលោកស្រីនិយាយ។
លោកស្រីថា៖ «ខ្ញុំប្រហែលជាអាចក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេបង្អស់ ប៉ុន្តែវេនបន្ទាប់មកទៀត គឺជាវេនរបស់អ្នក»។
អ្នកថ្លែងសុន្ទរកថាចម្បងបំផុតកាលពីថ្ងៃអង្គារម្សិលមិញនេះ គឺលោក Bill Clinton ដែលជាស្វាមីរបស់លោកស្រី Hillary Clinton។ លោក Bill Clinton ធ្លាប់ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកបានពីរអណត្តិពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០១។ លោកបានរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួនដោយលំអិត តាំងពីការដែលលោក និងលោកស្រី Clinton បានជួបគ្នាដំបូង រហូតដល់ការរ៉ាយរ៉ាប់ពីប្រវត្តិការងាររបស់លោកស្រី Clinton ដែលធ្លាប់ធ្វើជាមេធាវី សមាជិកព្រឹទ្ធសភា និងរដ្ឋមន្ត្រីការបរទេស។
លោកនិយាយថា៖ «លោកស្រី Hillary Clinton គឺមានសមត្ថភាពពិសេសគ្រប់គ្រាន់ក្នុងការបង្កើតឱកាស និងកាត់បន្ថយនូវគ្រោះថ្នាក់ដែលយើងកំពុងជួបប្រទះ ហើយលោកស្រីគឺនៅតែជាអ្នកផ្លាស់ប្តូរមួយរូបដែលខ្ញុំស្គាល់កន្លងមក»៕