សមាជិក​សភា​ពី​គណបក្ស​ប្រជាធិបតេយ្យ​សួរដេញ​ដោល​​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អំពី​របាយ​ការណ៍​របស់​លោក​រដ្ឋអាជ្ញា Mueller

រូបឯកសា៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកលោក William Barr ផ្តល់សក្ខីកម្មនៅវិមាន​សភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០១៩។ 

លោក Barr មាន​គម្រោង​ថ្លែង​ក្នុងសវនាការនៃ​អនុគណៈកម្មាធិការ​ព្រឹទ្ធ​សភា​ទទួល​បន្ទុក​ការ​ចាយវាយ ដែល​នឹង​ផ្តោត​ទៅ​លើ​គម្រោង​ថវិកា​ចាយ​វាយ​របស់​ក្រសួង​យុត្តិធម៌​ សម្រាប់​ឆ្នាំ​សារពើពន្ធ​ ២០២០។

រដ្ឋ​មន្ត្រីក្រសួង​យុត្តិធម៌​អាមេរិក​លោក William Barr នឹង​វិល​ត្រឡប់​ទៅ​រដ្ឋ​សភា​អាមេរិក​វិញ​ នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ធ្វើ​សក្ខី​កម្ម​នៅ​ចំពោះ​មុខ​សមាជិក​សភា មួយ​ថ្ងៃ​ក្រោយ​ពី​លោកប្រកែក​មិន​ព្រម​ពិភាក្សា​ឲ្យ​បាន​ល្អិត​ល្អន់​នូវ​របាយការណ៍របស់​រដ្ឋ​អាជ្ញា​ពិសេស Robert Mueller អំពី​ការ​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​ជាមួយ​ការ​លូក​លាន់​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក។ ក៏​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ លោក​នឹង​បញ្ចេញ​ឯកសារ​នោះ ដែលមាន​ការ​លុប​ចោល​មួយ​ចំនួនក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

លោក Barr មាន​គម្រោង​ថ្លែង​ក្នុងសវនាការនៃ​អនុគណៈកម្មាធិការ​ព្រឹទ្ធ​សភា​ទទួល​បន្ទុក​ការ​ចាយវាយ ដែល​នឹង​ផ្តោត​ទៅ​លើ​គម្រោង​ថវិកា​ចាយ​វាយ​របស់​ក្រសួង​យុត្តិធម៌​សម្រាប់​ឆ្នាំ​សារពើពន្ធ​ ២០២០។

លោក​បាន​ថ្លែង​អំពី​រឿង​នេះម្តង​រួច​ហើយ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​រដ្ឋសភា ដែល​មាន​តួនាទី​ដូច​គ្នា ក៏​ប៉ុន្តែ​គ្រា​ដែល​លោក​ថ្លែង​ជា​លើក​ទី​មួយ​តាំង​ពី​លោក​បានបញ្ចេញ​សេចក្តី​សង្ខេបនៃ​របា​យការណ៍​អំពី​ការ​រក​ឃើញរបស់​លោក​ Mueller​ នោះ លោក​បាន​ទទួល​ការ​រិះ​គន់​យ៉ាង​ខ្លាំងពី​សំណាក់​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ចង់​និយាយ​ថា លោក​បាន​ចាត់​វិធានការ ​ដើម្បី​ការពារ​លោក​ប្រធានាធិបតី Donald Trump៕