បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ផ្តោត​លើ​ការបោះឆ្នោត​បឋម​នៅ​រដ្ឋ Oregon និង​រដ្ឋ Kentucky

បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យអ្នកស្រី Hilary ថ្លែងនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល Millwrights និង Union of Carpenters ខណៈយុទ្ធនាការឃោសនានៅ រដ្ឋ Louisville កាលពីថ្ងៃអាទិត្យ ១៥ ឧសភា ២០១៦(AP Photo/Andrew Harnik)

លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ Vermont ​និង​លោកស្រី Hillary Clinton អតីត​រដ្ឋមន្រ្តី​ការបរទេសសង្កត់​ធ្ងន់​លើ​បញ្ហា​សេដ្ឋកិច្ច ខណៈ​ដែល​ពួកគេ​រៀងខ្លួន​ ព្យាយាម​យក​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារស្អែក​នេះ​នៅ​ក្នុង​រដ្ឋ Oregon និង​រដ្ឋ Kentucky។

រដ្ឋ​ទាំង​២​នេះ ​មាន​ភាព​ខុសគ្នា​ជាច្រើន​ប៉ុន្តែ​មាន​ចំនួន​ប្រតិភូ​ប្រហាក់ប្រហែល​គ្នា ដោយ​រដ្ឋ Oregon មាន​ប្រតិភូ​ចំនួន​៧៤ ហើយ​រដ្ឋ Kentucky មាន​ប្រតិភូ​ចំនួន​៦១។
លោក Sanders ​បាន​យក​ជ័យ​ជម្នះ​យ៉ាង​ងាយស្រួល​នៅ​ក្នុង​ការបោះឆ្នោត​បឋម​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​រដ្ឋ West Virginia ដែល​ស្ថិត​នៅ​ជាប់​នឹង​រដ្ឋ Kentucky។

រដ្ឋ​ទាំង​នោះ​ប្រតិបត្តិការ​ឧស្សាហកម្ម​ជីក​ធ្យូងថ្ម​ធំៗ ប៉ុន្តែ​លោកស្រី Clinton បាន​ស្នើ​កម្មវិធី​មួយ​ដែល​ផ្លាស់ប្ដូរ​ឧស្សាហកម្ម​ធ្យូងថ្ម​នេះ​ឲ្យ​ទៅ​ជា​ឧស្សាហកម្ម​ផ្សេងៗ​វិញ ដែល​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​មាន​ការអកអន់​ស្រពន់​ចិត្ត​នឹង​លោកស្រី។

ប្រព័ន្ធ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បែងចែក​ចំនួន​ប្រតិភូ​តាម​សមាមាត្រ​គឺ​ផ្អែក​ទៅ​លើ​ការបោះឆ្នោត ដែល​នេះ​មាន​ន័យ​ថា​លោកស្រី Clinton និង​លោក Sanders ​នឹង​ទទួល​បាន​ចំនួន​ប្រតិភូ ខណៈ​ដែល​ពួកគេ​ទាំង​២​រូប​ព្យាយាម​ដើម្បី​ទទួល​បាន​ប្រតិភូ​ច្រើន​បំផុត​ចំនួន​២.៣៨៣ ដើម្បី​ទទួល​បាន​ការជ្រើសតាំង​ឲ្យ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ មុន​នឹង​ឈាន​ដល់​ការបោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ លោកស្រី Clinton មាន​ប្រតិភូ​ចំនួន​១.៧១៦ ចំណែក​ឯ​លោក Sanders មាន​ប្រតិភូ​ចំនួន ១.៤៣៣ ពី​ក្នុង​ចំណោម​រដ្ឋ​ទាំងអស់ដែល​បាន​ធ្វើ​ការបោះឆ្នោត​បឋម​ឬ​បោះឆ្នោត​នៅក្នុង​គណបក្ស​រួច​រាល់​៕​