គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​ក្រសួង​ការបរទេស​បង្ហាញ​ឯកសារ​រឿង​អ៊ុយក្រែន

រូបឯកសារ៖ លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ ពេលថ្លែងនៅវិមានសភា Capitol Hill នៅ​ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

ក្រុម​សមាជិក​រដ្ឋសភា​​ថា ក្រសួង​ការបរទេស​បាន​ដក​ចេញ​នូវ​អ៊ីមែល សារ​ទូរស័ព្ទ សារ​តេឡេក្រាម​ការទូត និង​ព័ត៌មាន​ផ្សេង​ទៀតនៅ​ក្នុង​សំណុំ​ឯកសារ​ក្នុង​កុំព្យូទ័រ​របស់​ខ្លួនប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​ព័ត៌មាន​ទាំង​នេះ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង បាន​ទាមទារ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ឲ្យ​ក្រសួង​ការបរទេស​ផ្ដល់​ឯកសារ​សំខាន់ៗ​តម​តាម​ដីកា​របស់​រដ្ឋសភា​ទាក់ទិន​នឹង​ការ​ប្រឹងប្រែង​របស់​លោក Trump នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេស​អ៊ុយក្រែន​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​លោក Joe Biden និង​កូន​ប្រុស​របស់​លោក Biden។

ក្រុម​សមាជិក​រដ្ឋសភា​បាន​និយាយ​ថា ក្រសួង​ការបរទេស​បាន​ដក​ចេញ​នូវ​អ៊ីមែល សារ​ទូរស័ព្ទ សារ​តេឡេក្រាម​ការទូត និង​ព័ត៌មាន​ផ្សេង​ទៀត នៅ​ក្នុង​សំណុំ​ឯកសារ​ក្នុង​កុំព្យូទ័រ​របស់​ខ្លួន កាល​ពី​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​ព័ត៌មាន​ទាំង​នេះ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។

ប្រធាន​គណៈកម្មាធិការ ៣ នៃ​រដ្ឋសភា ដូចជា​លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ លោក Eliot Engel ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស និង​អ្នកស្រី Carolyn Maloney ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល បាន​និយាយ​ថា ព័ត៌មាន​ទាំង​នេះ​គឺ «សំខាន់​សម្រាប់​ចំណុច​ស្នូល​នៃ​ការ​ស៊ើប​អង្កេត​នេះ។ ចំណុច​ស្នូល​នោះ​គឺ​ការ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី Trump នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយក្រែន​បើក​ការ​ស៊ើប​អង្កេត​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​លោក​ទាំង​ផ្ទាល់​ខ្លួន​ផង និង​ទាំង​ផ្នែក​នយោបាយ​ផង មិន​មែន​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​នោះ​ទេ»។

ពួកគេ​ថា ព័ត៌មាន​ទាំង​នោះ​មាន​ដូចជា​ការ​ទំនាក់ទំនង​របស់​អ្នក​ការទូត​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​អ៊ុយក្រែន និង​ព័ត៌មាន​មុន និង​ក្រោយ​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ចុង​ខែ​កក្កដា​របស់​លោក Trump ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ដែល​នៅ​ក្នុង​ការ​សន្ទនា​នោះ លោក Trump បាន​ស្នើ​ឲ្យ​អ៊ុយក្រែន​បើក​ការ​ស៊ើប​អង្កេត​លើ​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០២០ ខាង​មុខ និង​លើ​តួនាទី​របស់​កូន​ប្រុស​លោក Biden គឺ​លោក Hunter Biden ដែល​ធ្លាប់​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​នៃ​ក្រុមហ៊ុន Burisma ដែល​ជា​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ​មួយ​របស់​ប្រទេស​អ៊ុយក្រែន៕