ក្នុងការប្រកួតប្រជែងមួយដែលពាក់ព័ន្ធនឹងប្រទេសជាតិ លោក Conor Lamb បេក្ខជនតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យបានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតសភាដ៏ប្រកៀកប្រកិតគ្នាមួយដែលបានធ្វើឡើងកាលពីថ្ងៃទី៣ មីនា នៅក្នុងរដ្ឋ Pennsylvania។ លោក Lamb បានទទួលសំឡេងឆ្នោតរាប់រយលើសលោក Rick Saccone បេក្ខជនខាងគណបក្សសាធារណរដ្ឋ ដែលជាអ្នកគាំទ្រដ៏ខ្លាំងដល់ប្រធានាធិបតីដូណាល់ ត្រាំ។ ការបង្ហាញនូវជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងស្រុកដែលគណបក្សសាធារ ណរដ្ឋមានទំនុកចិត្តថាឈ្នះនោះប្រហែលជាសញ្ញាមួយនៃសញ្ញាប្រែប្រួលនៅពេលដែលគណបក្សទាំង២ប្រុងប្រៀបសម្រាប់ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅឆ្នាំនេះ។
ពួកគណបក្សប្រជាធិបតេយ្យ ប្រារព្ធជ័យជម្នះដែលទំនងនឹងកើតមានឡើងរបស់លោក Conor Lamb នៅក្នុងរដ្ឋPennsylvania។ លោក Conor Lambបានថ្លែងថា៖ «ជ័យជម្នះនេះបានចំណាយពេលយូរជាងអ្វីដែលយើងបានគិត ក៏ប៉ុន្តែយើងបានទទួលជ័យជម្នះ»។
ដោយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាអ្នកគណបក្សប្រជាធិបតេយ្យប្រកាន់នយោបាយកណ្តាល លោក Lamb បានឈរឈ្មោះដោយបានទទួលការគាំទ្រដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងស្រុកមួយដែលប្រធានាធិបតីត្រាំបានទទួលការគាំទ្រជិត២០ពិន្ទុ។ លោក Conor Lamb បានថ្លែងទៀតថា៖ «យើងបានប្រយុទ្ធដើម្បីស្វែងរកផលប្រយោជន៍រួម ហើយយើងបានរកឃើញ នៅស្ទើរគ្រប់ទីកន្លែង។ ពួកគណបក្សប្រជាធិបតេយ្យ ពួកគណបក្សសាធារណរដ្ឋ និងពួកអ្នកឯករាជ្យ យើងទាំងអស់គ្នាជាជនជាតិអាមេរិកាំង»។
លោក Rick Saccone មិនបានប្រុងប្រៀបខ្លួនព្រមចុះចាញ់ការប្រកួតប្រជែងការបោះឆ្នោតនេះទេ។ លោក Rick Saccone បានថ្លែងថា៖ «យើងកំពុងប្រយុទ្ធដល់ទីបញ្ចប់។លោកដឹងហើយថា ខ្ញុំនឹងមិនបោះបង់ទេ»។
លោក Saccone ចាត់ទុកខ្លួនលោកជាដៃស្តាំរបស់ប្រធានាធិបតីហើយលោកត្រាំបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឲ្យលោកទើបតែកាលពីប៉ុន្មានថ្ងៃមុន។ ប្រធានាធិបតីដូណាល់ ត្រាំបានថ្លែងថា៖ «ចូរចងចាំថា ពិភពលោកទាំងមូលកំពុងមើលយើង។ យើងចង់ធ្វើឲ្យយុទ្ធនាការនេះទៅមុខ។ យើងចង់រក្សារបៀបវារៈនេះជារបៀបវារៈធ្វើឲ្យប្រទេសអាមេរិកជឿនលឿនទៅមុខ។ លោក អ្នក ត្រូវជួយឲ្យគាត់ជាប់ឆ្នោត។ នេះជាការប្រកួតប្រជែងដ៏សំខាន់បំផុត»។
យោងតាមលោក Larry Sabato សាស្រ្តាចារ្យសាកលវិទ្យាល័យ Virginia បាននិយាយថា លទ្ធផលរដ្ឋ Pennsylvania កើតមានឡើងបន្ទាប់ពីជ័យជម្នះរបស់ពួកគណបក្សប្រជាធិបតេយ្យកាលពីឆ្នាំទៅនៅក្នុងរដ្ឋVirginiaនិងរដ្ឋAlabama ហើយ វាប្រហែលធ្វើឲ្យមានការលំបាកសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិសម្រាប់ប្រធានាធិបតី។ លោក Larry Sabato បានថ្លែងថា៖ «ការជំទាស់ប្រឆាំងប្រធានាធិបតីដូណាល់ ត្រាំមានភាពខ្លាំងក្លាបំផុតដូចដែលខ្ញុំបានឃើញ ចាប់តាំងពីកាន់ដំណែងនៅឆ្នាំចុងក្រោយរបស់ប្រធានាធិបតី Richard Nixon ពីឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៤។ ការបោះឆ្នោតមានភាពខ្លាំងក្លាបំផុត។ ការបោះឆ្នោតនេះមានភាពខ្លាំងក្លាដែលអាចនាំឲ្យមានការផ្លាស់ប្តូរកាន់តែខ្លាំងឡើងជាងយើងគិតនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលផ្តល់ការគាំទ្រច្រើនដល់ពួកគណបក្សប្រជាធិបតេយ្យជាងពួកគណបក្សសាធារណរដ្ឋ»។
គណបក្សសាធារណរដ្ឋខ្លះមើលឃើញការប្រកួតប្រជែងនេះជាការរំឮកដ៏ខ្លាំងមួយមុនពេលការបោះឆ្នោតខែវិច្ឆិកា រួមមានលោក Kevin Cramer នៃរដ្ឋ North Dakota ផង។ លោក Kevin Cramer តំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋនិយាយថា៖ «ខ្ញុំគិតចំពោះពួកគណបក្សសាធារណរដ្ឋ សារគឺដូចជាអ្វីដែលយើងបានធ្វើហើយនឹងអ្វីដែលយើងកំពុងធ្វើ ពីព្រោះយើងមានប្រវត្តិល្អ»។ លោក Michael Barone ជាអ្នកវិភាគ បាននិយាយថា តាមប្រវត្តិសាស្រ្ត ការបោះឆ្នោតពាក់កណ្តាលអាណត្តិមិនមានលទ្ធផលល្អសម្រាប់ប្រធានាធិបតីកំពុងកាន់ដំណែង។ លោកMichael Barone នៃវិទ្យាស្ថាន American Enterprise Institute បាននិយាយថា៖ «គណបក្សរបស់ប្រធានាធិបតីជាទូទៅនឹងត្រូវទទួលខុសត្រូវចំពោះអ្វីដែលប្រធានាធិបតីនិងរដ្ឋបាលរបស់លោកបានធ្វើ ជាពិសេសដូចនៅពេលឥឡូវនេះ នៅពេលដែលគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនទាំងនៅក្នុងសភាតំណាងរាស្រ្តនិងព្រឹទ្ធសភា។ ដូច្នេះ មានការលំបាក»។
ហើយលោក Sabato បាននិយាយថា ជ័យជម្នះរបស់ពួកប្រជាធិបតេយ្យក្នុងស្រុកដែលដឹកនាំដោយលោកត្រាំជាសញ្ញាព្រមានដ៏សំខាន់មួយដល់ពួកគណបក្សសាធារណរដ្ឋ។
លោក Sabat ថ្លែងថា៖ «តាមការពិត ការណ៍ដែលគណបក្សប្រជាធិបតេយ្យបានឈ្នះក្នុងស្រុកនោះបានបង្ហាញថាពួកគណបក្សសាធារណរដ្ឋដែលបានកាន់កាប់ស្រុកចំនួន១រយនៅទូទាំងប្រទេសនេះ ឥឡូវនេះ ត្រូវតែព្រួយបាម្ភ ពីព្រោះតែស្រុកទាំងនោះដែលគាំទ្រលោកត្រាំបានចុះថយសំឡេងច្រើន»។
ពួកគណបក្សប្រជាធិបតេយ្យចាំបាច់បង្កើនអាសនៈសភាតំណាងរាស្រ្តចំនួន២៤ហើយនឹងអាសនៈព្រឹទ្ធសភាចំនួន២ទៀតដើម្បីឲ្យបានសំឡេងសភាភាគច្រើននៅក្នុងខែវិច្ឆិកា៕
ប្រែសម្រួលដោយជឹង ប៉ូជីន