ការ​ប្រឆាំង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​លោក ​Gorsuch​ កើន​ឡើង​ខណៈ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ជិត​ចូល​មក​ដល់

លោក Neil Gorsuch បេក្ខជន​ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី​ ត្រាំ តែង​តាំង​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​។

ខណៈ​ដែល​ព្រឹទ្ធសភា​អាមេរិក​ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​ការ​បោះឆ្នោត​ទៅ​លើ​ការ​តែង​តាំង ​បេក្ខភាព​របស់​ចៅក្រម​តុលាការ​កំពូល​លោក Neil Gorsuch ​ដែល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​តែងតាំង​នោះ ការ​ប្រឆាំង​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែ​បន្ត​កើន​ឡើង​ខ្លាំង​ជាង​មុន។ ​

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​៣​នាក់​ទៀត​ដែល​រួម​មាន​លោកស្រី Claire McCaskill លោក​ Richard Blumenthal និង​លោក ​Brian Schatz បាន​ប្រកាស​អំពី​ជំហរ​ប្រឆាំង​របស់​ពួក​គេ​ទៅ​លើ​បេក្ខភាព​របស់​លោក​ Gorsuch ​កាល​ពី​ថ្ងៃ​សុក្រ ដែល​ជំហរ​ប្រឆាំង​នេះ​ប្រឈម​ជាមួយ​នឹង​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ។

សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ពួក​គេ​នឹង​ប្រើ​ប្រាស់​នីតិវិធី​មួយ​ដែល​នឹង​តម្រូវ​ឲ្យ​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​៦០​ដើម្បី​ទទួល​បាន​ការតែងតាំង​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​១០០​អាសនៈ។

សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ត្រួតត្រា​លើ​ព្រឹទ្ធសភា​យ៉ាង​ប្រកៀក​ប្រកិត​ជាមួយ​នឹង​អាសនៈ​៥២​ទល់​នឹង​៤៨ ​ប៉ុន្តែ​ប្រសិន​បើ​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អាច​ទទួល​បាន​សន្លឹក​ឆ្នោត​៤១​ ពួកគេ​នឹង​អាច​រក្សា​នីតិវិធី​នេះ​បាន។ គិត​មក​ត្រឹម​ថ្ងៃ​សុក្រ សមាជិកខាង​គណបក្ស​ប្រជាធិបតេយ្យ​៣៦​នាក់​និយាយ​ថា ពួកគេ​នឹង​គាំទ្រ​វិធានការ​នេះ។ ​

ប្រសិន​បើ​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​ការគាំទ្រ​គ្រប់​គ្រាន់​ដើម្បី​រារាំង​មិន​ឲ្យ​តែងតាំង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ខាង​មុខ​នេះ សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ត្រូវ​បាន​គេ​រំពឹង​នឹង​ព្យាយាម​ផ្លាស់ប្ដូរ​បទបញ្ញត្តិ​ព្រឹទ្ធសភា​ជា​ឯកតោភាគី ដើម្បី​អនុញ្ញាត​ឲ្យ​ការ​តែង​តាំង​អាច​ប្រព្រឹត្ត​ទៅ​បាន​ ដោយ​ត្រូវ​ការ​តែ​សំឡេង​ភាគច្រើន​តែ​ប៉ុណ្ណោះ៕