គណកម្មាធិការសភាតំណាងរាស្ត្រទទួលបន្ទុកកិច្ចការក្រសួងយុត្តិធម៌ Jerrold Nadler បានចេញបញ្ជាមួយ កាលពីថ្ងៃសុក្រ ឲ្យក្រសួងយុត្តិធម៌ ផ្ញើជូនលោកនូវរបាយការណ៍ពេញលេញរបស់លោករដ្ឋអាជ្ញា Robert Mueller អំពីការស៊ើបអង្កេតរបស់លោក ក្នុងការលូកលាន់របស់ប្រទេសរុស្ស៊ី ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សរអា កាលពីឆ្នាំ២០១៦។
លោក Nadler បានថ្លែងថា «ការលប់ចោលកន្លែងខ្លះក្នុងរបាយការណ៍នោះ មើលទៅមានច្រើនកន្លែង» ដែលនាំឲ្យ «សមាជិកសភាភាគច្រើន មិនបានដឹងរឿងជាច្រើន»។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យរូបនេះ បានបន្ថែមថា លោកនិងសហសេវិករបស់លោក៖ «មកទល់នឹងពេលនេះ មិនបានឃើញភស្តុតាងជាក់ស្តែងណាមួយ ដែលលោករដ្ឋអាជ្ញា Mueller បានយកមកប្រើប្រាស់ដើម្បីធ្វើរបាយការណ៍របស់លោក»។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងយុត្តិធម៌សរអា បានហៅការបញ្ជានោះថាជារឿង «ឆាប់រហ័សពេក និង មិនចាំបាច់»។
សេចក្តីថ្លែងការណ៍នោះ បានដកស្រង់សម្តីរបស់ស្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបាននិយាយថា របាយការណ៍របស់លោក Mueller ចេញផ្សាយដោយមាន«ការលប់ចោលយ៉ាងតិចតួចបំផុត» ហើយថាសមាជិកសភាខ្លះ នឹងទទួលបានរបាយការណ៍ដដែលនេះមួយច្បាប់ទៀតដែលមានការលប់ចោលតិចជាងនេះទៀត។
ក្រុមមេដឹកនាំសភាខាងគណបក្សប្រជាធិបតេយ្យ បានទាមទារអស់ពេលជាច្រើនខែកន្លងមក ចង់បានការចេញផ្សាយរបាយការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេតរបស់លោក Mueller ថាតើយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកប្រធានាធិបតី ត្រាំ កាលពីឆ្នាំ ២០១៦ បានឃុបឃិតជាមួយរុស្ស៊ី ឬក៏អត់។
ឥឡូវក្រោយពីរបាយការណ៍នេះបានចេញផ្សាយ ដោយមានការលប់ចោលផ្នែកខ្លះហើយនោះ ពួកសមាជិកគណបក្សប្រជាធិបតេយ្យ មានជម្រើស ២។ ទី១ គឺធ្វើការវាយប្រហារជាបន្ត។ ទី២ បញ្ចប់រឿងនេះ ហើយធ្វើកិច្ចការផ្សេងទៀត។