អ្នកនាំពាក្យប្រធានាធិបតីនីហ្សេរីយ៉ាលោក Ajuri Ngelale និយាយថា ប្រធានាធិបតីលោក Bola Tinubu កំពុងតាមដានស្ថានកាណ៍វិវត្តនៅហ្គាបុងយ៉ាងដិតដល់ និងដោយមានការព្រួយបារម្ភយ៉ាងខ្លាំង។
លោក Ngelale បន្តថា លោក Tinubu ក៏បារម្ភពីអ្វីដែលមើលទៅដូចជា «ការរីកសាយភាយនូវរបបផ្តាច់ការ» នៅទ្វីបអាហ្វ្រិក ហើយលោកកំពុងធ្វើការជាមួយនឹងមេដឹកនាំបណ្តាប្រទេសនៅអាហ្វ្រិកដទៃទៀត ដើម្បីដោះស្រាយបញ្ហានេះ។
កាលពីថ្ងៃទី៣០ ខែសីហា ក្រុមមេបញ្ជាការយោធាជាន់ខ្ពស់បានបណ្តេញមេដឹកនាំហ្គាបុងលោក Ali Bongo Ondimba ចេញពីអំណាចភ្លាមៗ បន្ទាប់ពីលោកត្រូវបានប្រកាសថាជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដ៏ចម្រូងចម្រាសមួយកាលពីពេលកន្លងទៅ។ ឥឡូវនេះ លោកកំពុងស្ថិតនៅក្រោមការឃុំខ្លួននៅផ្ទះ។ នៅក្នុងវីដេអូមួយបង្ហោះតាមបណ្តាញសង្គម លោក Bongo បានស្នើឱ្យសម្ព័ន្ធមិត្តរបស់លោក «បញ្ចេញសំឡេង» អំពីការទម្លាក់រូបលោកចេញពីតំណែង។
របបសឹកបានធ្វើមោឃភាពការបោះឆ្នោត រំសាយស្ថាប័នរដ្ឋ និងបិទព្រំដែនប្រទេស។ លោក Ngelale បានថ្លែងដូច្នេះទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋធានីអាប៊ូហ្សា។
«អំណាចស្ថិតនៅក្នុងដៃពលរដ្ឋអាហ្វ្រិក មិនមែននៅក្នុងកាណុងកាំភ្លើងដែលបញ្ចូលគ្រាប់ហើយនោះទេ។ លោកប្រធានាធិបតីបញ្ជាក់ថា នីតិរដ្ឋ និងការវិលត្រឡប់ដោយភាពស្មោះស្ម័គ្រទៅកាន់ដំណោះស្រាយតាមរដ្ឋធម្មនុញ្ញ និងដំណោះស្រាយវិវាទពាក់ព័ន្ធនឹងការបោះឆ្នោត មិនត្រូវអនុញ្ញាតឱ្យបាត់បង់ពីទ្វីបដ៏អស្ចារ្យរបស់យើងទេ»។
រដ្ឋប្រហារនៅប្រទេសហ្គាបុងគឺជារដ្ឋប្រហារទីប្រាំបីនៅទ្វីបអាហ្រិ្វកចាប់តាំងពីខែសីហា ឆ្នាំ២០២០មក ហើយបានកើតឡើងមួយខែ បន្ទាប់ពីរដ្ឋប្រហារដោយយោធានៅនីហ្សេ ដែលប្លុក ECOWAS ដឹកនាំដោយលោក Tinubu កំពុងជួបការលំបាកក្នុងការដោះស្រាយ។
រដ្ឋប្រហារចុងក្រោយបង្អស់ ដែលសហភាពអាហ្រ្វិកក៏បានថ្កោលទោសផងដែរនោះ បានបង្កឱ្យមានការព្រួយបារម្ភអំពីការសាបរលាបនីតិរដ្ឋនៅអាហ្វ្រិក។
លោក Rotimi Olawale អ្នកវិភាគកិច្ចការនយោបាយមានមូលដ្ឋាននៅក្រុងអាប៊ូហ្សា បាននិយាយថា រដ្ឋប្រហារកើតមានកាន់តែច្រើន ដោយសារមេដឹកនាំអាហ្រ្វិកខកខានក្នុងការបង្ហាញភាពជាអ្នកដឹកនាំតាមលទ្ធិប្រជាធិបតេយ្យប្រកបដោយគុណភាព។
«ខណៈប្លុក ECOWAS និងសហភាពអាហ្រ្វិកបង្ហាញប្រតិកម្មចំពោះរដ្ឋប្រហារនៅទ្វីបអាហ្រ្វិក អ្វីដែលអង្គភាពទាំងពីរនេះត្រូវការសម្រេច ក្រៅពីការឆ្លើយតបទៅនឹងរដ្ឋប្រហារគឺ ពិនិត្យនិងសិក្សាពីសុក្រិត្យភាពផ្នែកលទ្ធិប្រជាធិបតេយ្យរបស់សមាជិករបស់ខ្លួន។ ប្រសិនបើលទ្ធិប្រជាធិបតេយ្យមិនដំណើរការសម្រាប់ពលរដ្ឋនោះទេ ពួកគេត្រូវស្វះស្វែងរកមធ្យោបាយអភិបាលកិច្ចដទៃទៀត ដែលពួកគេអាចសម្រេចបាន។ ប៉ុន្តែមធ្យោបាយមួយចំនួនមិនអំណោយផលនោះទេ»។
លោក Emmanuel Njoku នាយកផ្នែកលទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចនៃអង្គការ Connected Development ដែលជាអង្គការសង្គមស៊ីវិលមិនស្វែងរកប្រាក់ចំណេញមួយមានមូលដ្ឋាននៅក្រុងអាប៊ូហ្សា និយាយថា អាចនឹងមានរដ្ឋប្រហារបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
លោកថ្លែងថា៖ «លទ្ធិប្រជាធិបតេយ្យនៅលើសាកលលោកកំពុងរងការគំរាមកំហែង។ ប៉ុន្តែសម្រាប់អាហ្វ្រិក ជាពិសេសចំពោះទម្រង់លទ្ធិប្រជាធិបតេយ្យដែលយើងបានឃើញ ក៏ដូចជា ករណីនានាដែលយើងឃើញអ្នកនយោបាយប្រកាន់លទ្ធិប្រជាធិបតេយ្យនិយម ប៉ុន្តែចូលកាន់អំណាចបែបផ្តាច់ការ ខ្ញុំមិនមានការភ្ញាក់ផ្អើលនោះទេ ដែលរឿងទាំងនេះកំពុងតែកើតឡើង។ ខ្ញុំគិតថា វាមិនទាន់ចប់ទេ។ យើងគួររំពឹងថា នឹងមានរដ្ឋប្រហារបន្ថែមទៀត»។
កាលពីឆ្នាំ ២០០៩ លោក Ali Bongo បានចូលកាន់តំណែងបន្តពីឪពុករបស់លោក ដែលបានដឹកនាំប្រទេសអស់រយៈពេល៤២ឆ្នាំ មុនទទួលមរណភាព។
លោក Bongo ក៏បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឱ្យរូបលោកចូលកាន់តំណែងសម្រាប់អាណត្តិទីបីផងដែរ។
កាលពីថ្ងៃទី៣០ ខែសីហា មនុស្សរាប់រយនាក់បានដើរហែរក្បួននៅរដ្ឋធានីលីប្រីវីលនៃប្រទេសហ្គាបុង ដោយអបអរសាទរការធ្វើរដ្ឋប្រហារ និងថាពួកគេត្រូវបានរំដោះចេញពីការដឹកនាំតវង្សត្រកូល Bongo។
លោក Emmanuel Njoku នាយកផ្នែកលទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចនៃអង្គការ Connected Development បានធ្វើការឆ្លើយតបយ៉ាងដូច្នេះថា៖
«នេះជាប្រទេសផលិតប្រេង ប៉ុន្តែពលរដ្ឋមានភាពក្រីក្រខ្លាំង។ បើអ្នកមើលតាមស្ថានភាពពិត នេះពិតជាការរំដោះពលរដ្ឋហ្គាបុង បន្ទាប់ពីស្ថិតក្រោមការដឹកនាំដោយត្រកូលតែមួយអស់ពេលជាយូរមកនេះ។ ហើយយើងដឹងថា ប្រធានាធិបតីរូបនេះត្រៀមរៀបចំឱ្យកូនប្រុសបន្តតំណែងពីរូបលោក នៅពេលលោកចូលវ័យជរា»។
ខណៈមានការថ្កោលទោសជាសាកល របបសឹកយោធានៅហ្គាបុងបានចាត់តាំងនាយឧត្តមសេនីយ៍លោក Brice Nguema ជាមេដឹកនាំអន្តរកាលនៃប្រទេសនេះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា