អង់គ្លេស​ថា​វីរុស​​​កូវីដ១៩​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ឆ្លង​កាន់​តែ​ច្រើន​​

រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​លោក ​Matt Hancock ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​ទី​ស្នាក់ងារ​កណ្តាល​ទូរទស្សន៍ BBC ក្នុង​ទី​ក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២១។

ក្រសួង​សុខាភិបាល​ឥណ្ឌា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​រាយការណ៍​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​ ១០០.៦៣៦​ករណី​ជា​ចំនួន​ឆ្លង​សរុប​តិច​បំផុត​ក្នុង​រយ:​ពេល​៦១​ថ្ងៃ​និង​ករណី​ស្លាប់​ចំនួន​ ២.៤២៧ នាក់​ ក្នុង​អំឡុង​ពេល​ ២៤​ម៉ោង​ចុង​ក្រោយ​នេះ។​

កាល​ពី​ថ្ងៃ​អាទិត្យ​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​លោក ​Matt Hancock ​បាន​ឲ្យ​ដឹង​ថា​ វីរុសជំងឺ​កូវីដ១៩បំប្លែង​ថ្មីដែលតា​ (Delta) អាច​ឆ្លង​៤០%​ច្រើន​ជាង​វីរុស​បំប្លែងថ្មីអាល់ហ្វា (Alpha)។​

លោក​ Hancock បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​វីរុស​ជំងឺ​កូវីដ១៩​ប្រភេទ​ដែលតា​បាន​ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​ចម្បងនៅ​ក្នុង​ចក្រភព​អង់គ្លេស​ជំនួស​ឲ្យ​វីរុស​អាល់ហ្វា​ដែល​បាន​រក​ឃើញ​ដំបូង​បំផុត​នៅ​ក្នុងទីក្រុង​ Kent។​ វីរុសប្រភេទ​ដែលតា​នេះ​អាច​គំរាម​កំហែង​ដល់​ការដក​ចេញនូវបម្រាមការ​ធ្វើ​ដំណើរ​ត្រឹម​ថ្ងៃ​ទី២១ ​ខែ​មិថុនានេះ។​

លោក​ Hancock​ បាន​ក្រើន​រំឭកពី​ភាពចាំបាច់​ដែល​ពលរដ្ឋ​អង់គ្លេសត្រូវចាក់​វ៉ាក់សំាង។​ ទិន្នន័យ​បឋម​បង្ហាញ​ថា​វ៉ាក់សំាង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុសប្រភេទ​ដែលតាក្រោយ​ពេល​ពលរដ្ឋ​ចាក់​បាន​ពីរ​ដូស។

ទិន្នន័យ​ពី​សាកល​វិទ្យាល័យ ​Johns Hopkins​ ឲ្យ​ដឹង​ថាបច្ចុប្បន្ន​នេះ ៤០%​នៃ​ប្រជាជន​នៅ​ចក្រភព​អង់គ្លេស​ទំាង​អស់​បាន​ចាក់​វ៉ាក់សំាង​បាន​ពេញ​លេញ។​ ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ចក្រភព​អង់គ្លេស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សំាង​មក។​

ទិន្នន័យ​ពី​សាកលវិទ្យាល័យ​ Johns Hopkins​ ក៏​បាន​បង្ហាញ​ថា​ជំងឺ​កូវីដ១៩​សរុប​ទូទំាង​ពិភព​លោក​បាន​កើន​ឡើង​ដល់​ ១៧៣,៣ ​លាន​ករណី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​

សហរដ្ឋ​អាមេរិក​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ច្រើន​ជាង​គេ​បំផុត​សរុប​ប្រមាណ​៣៣លាន​ករណី​បន្ទាប់​មក​គឺ​ឥណ្ឌា​ដែល​មាន​ចំនួន ​២៩​លាន​ករណី ​និង​ប្រទេស​ប្រេស៊ីល​មាន ​១៧​លាន​ករណី៕​