ក្រុមហ៊ុន​ដាំ​ចេក​ក្នុង​ស្រុក​កូនមុំ ខេត្ត​រតនគិរី​បើក​ប្រាក់​ឈ្នួល​កម្មករ​យឺត​ពេល នាំ​ឲ្យ​មេការ​តវ៉ា

ចម្ការចេករបស់ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ (Daun Penh Agrico) ក្នុងស្រុកលំផាត់ ខេត្តរតនគិរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១។ (ស៊ុន ណារិន/វីអូអេ)

ក្រុម​មេការ​និង​កម្មករ​បាន​អះអាង​ថា​ក្រុមហ៊ុនវៀតណាម ​Hoang Anh Gia Lai (HAGL) ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន ដូន​ពេញ ​អាហ្គ្រីកូ​(Daun Penh Agrico) នៅ​ក្នុង​ស្រុក​កូន​មុំ ខេត្ត​រតនគិរី បាន​បើក​ប្រាក់​ឈ្នួល​យឺត ដែល​រហូត​មក​ដល់​ពេល​នេះ ប្រាក់​ឈ្នួល​សរុប​មាន​ទៅ​ដល់​ជាង​១លាន​ដុល្លារ​អាមេរិក ដោយ​សារ​មិន​បាន​បើក​រយៈ​ពេល​ជាង​២ខែ។

ការ​បើក​ប្រាក់​ខែ​មិន​ទៀង​ទាត់​នេះ ចាប់​ផ្តើម​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូត​ដល់​មាន​ការ​ប្តឹង​ផ្តល់​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ។

ក្រុម​មេការ​ឲ្យ​ដឹង​ថា​ពួកគេ​ជា​អ្នក​ស្វែង​រក​កម្មករ​មក​ធ្វើ​ការ​នៅ​ចម្ការ​ចេក​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ហើយ​បាន​ចំណេញ​ប្រាក់​មួយ​ចំនួន ដែល​ដក​ចេញ​ពី​ប្រាក់​ឈ្នួល​របស់​កម្មករ។ ប៉ុន្តែ​នៅ​ពេល​ក្រុមហ៊ុន​ផ្តល់​ប្រាក់​យឺត​ដល់​មេការ ពួកគេ​សុខចិត្តចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន បើក​លុយ​ដល់​កម្មករ​សិន។ ប៉ុន្តែ​ភាព​យឺត​យ៉ាវ​ច្រើន​ខែ នាំ​ឲ្យ​ពួកគេ​ត្អូញ​ត្អែរ​អំពី​ការ​លំបាក ហើយ​មិន​ដឹង​ច្បាស់​ថា​តើ​ក្រុមហ៊ុន​នឹង​បើក​ផ្តល់​ប្រាក់​ឲ្យ​ពួកគេ​នៅ​ពេល​ណា។

លោក យិន យ៉ឹម អាយុ​៥២ឆ្នាំ មេការ​ម្នាក់​ដែល​ជ្រើស​រើស​កម្មករ​ប្រមាណ​២០០នាក់​ឲ្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន ប្រាប់​វីអូអេ​ថា​កាល​ពី​ដើម​ឡើយ ក្រុមហ៊ុន​សុំ​ពន្យារ​ពេល​បើក​លុយ រាល់​៤៥​ថ្ងៃ បើក​១៥​ថ្ងៃ ហើយ​បន្ទាប់​មក​ទៀត ឡើង​៦០​ថ្ងៃ បើក​៧​ថ្ងៃ ដែល​នាំ​ឲ្យ​មេការ​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដល់​កម្មករ​មុន។ លោក​បាន​ចំណាយ​ប្រាក់​ជាង​៥ម៉ឺន​ដុល្លារ​ហើយ បើក​ឲ្យ​កម្មករ​សិន ដើម្បី​ឲ្យ​ពួក​គេ​អាច​បន្ត​ធ្វើ​ការ​នៅ​ក្រុមហ៊ុន។

លោក​ថ្លែង​ថា៖ «ដល់​អ៊ីចឹង​កម្មករ និង​មេការ​ពិបាក ទាំង​ការ​ហូប​ចុក ពិបាក​ទាំងការ​រស់​នៅ ហើយ​នឹង​ទាំង​បញ្ហា​ដែល​កម្មករ​ជំពាក់​លុយ​ធនាគារ រក​លុយ​មិន​បាន ធនាគារ​តេ​មក​គំរាម​កំហែង​រាល់​ថ្ងៃ។ យើង​ទៅ​ទាក់​ទង​ទៅ​សួរ​ក្រុមហ៊ុន ដើម្បី​រក​ដំណោះ​ស្រាយ ក៏​មិន​មាន​ដំណោះ​ស្រាយ​អី»។

មេការ​រូប​នេះ​បន្ថែម​ថា​លោក​បាន​សុំ​អន្តរាគមន៍​ពី​មន្ទីរ​ការ​ងារ​ខេត្ត​រតនគិរី ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​ឡើយ។

លោក យិន យ៉ឹម អាយុ៥២ឆ្នាំ មេការដែលជ្រើសរើសកម្មករធ្វើការឲ្យក្រុមហ៊ុនដូនពេញអាហ្រ្គីកូ (Daun Penh Agrico) ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ (ស៊ុន ណារិន/វីអូអេ)

លោក​បន្ថែម​ថា​កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ចម្ការ​ចេក​ប្រឈម​នឹង​សារធាតុ​គីមី​ច្រើន ហើយ​ប្រាក់​ឈ្នួល​នៅ​តិច​នៅ​ឡើយ ដោយ​អ្នក​ខ្លះ​អាច​រក​បាន​តែ​២៧.០០០​រៀល​ក្នុង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «រាល់​ថ្ងៃ​នេះ កម្មករ​ធ្វើ​ការនៅ​ក្នុង​គីមី​ទាំង​អស់ ចូល​ចម្ការ​ចេក ក៏​គេ​បាញ់​ថ្នាំ ចូល​ឃ្លាំង ក៏​គេ​បាញ់​ថ្នាំ។ តែ​ក្រុមហ៊ុន​មិន​មាន​ដំណោះ​ស្រាយ​ណា មាន​ពេទ្យ​មក​ពិនិត្យ​សុខភាព​កម្មករ អត់​មាន»។

លោក​បន្ថែម​ថា៖ «ចង់​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ធ្វើ​ដូច​រោង​ចក្រ ធ្វើ​ឲ្យ​មាន​សហជីព ធ្វើ​ឲ្យ​មាន​មន្ទីរ​ពេទ្យ ធ្វើ​ឲ្យ​មាន​ប្រាក់​ឈ្នួល​ទៀង​ទាត់ សុំ​ឲ្យ​ប្រាក់​ឈ្នួល​ឲ្យ​បាន​សមរម្យ»។

លោក យ៉ឹម ដែល​ធ្វើ​ការ​ជា​មេការ​ឲ្យ​ក្រុមហ៊ុន​ជាង​១០​ឆ្នាំ​មក​ហើយ​បាន​ឲ្យ​ដឹង​ទៀត​ថា​ជា​ធម្មតា កម្មករខ្ចី​លុយ​ពី​មេការ ដើម្បី​ពួក​គេ​អាច​មាន​ប្រាក់​ដោះ​ស្រាយ​បន្ទុក​ជីវភាព​ភ្លាមៗ ខណៈ​ក្រុមហ៊ុន​បើក​ប្រាក់​ឈ្នួល​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ម្តង។

មេការ​មួយ​រូប​ទៀត លោក មិន វុទ្ធី អាយុ​៦១ឆ្នាំ ដែល​រក​កម្មករ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​ចេក​ជាង​៧​ឆ្នាំ​មក​ហើយ បាន​ថ្លែង​ថា​ក្រុមហ៊ុន​ប្រាប់​ថា​ស្ទះ​ប្រាក់ ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ​១៩។ លោក​ វុទ្ធី​ ដែល​មាន​កម្មករ​ប្រមាណ​១៨០​នាក់ ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នេះ​បាន​ថ្លែង​ថា​លោក​បាន​បើកប្រាក់​របស់​ខ្លួនទៅ​កម្មករ សរុប​ជាង​៣ម៉ឺន​ដុល្លារ​រួច​ទៅ​ហើយ។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន ដើម្បី​ឲ្យ​បើក​លុយ​ដល់​កម្មករ​ឲ្យ​បាន​ទៀង​ទាត់​ហើយ​មេការ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ក្នុង​ចំនួន​ច្រើន​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «អត់​បើក​អ៊ីចឹង​វេទនា​ហ្មង វេទនា​ខ្លួន​ឯង។ អស់​ស្បៀង​ឲ្យ​កម្មករ​ហូប។ ចិនៗ​[អ្នក​លក់​ដូរ]​លែង​បណ្តាក់​ឲ្យ​ហើយ​ហ្នឹង។ ហើយ​កូន​ចៅ​សុទ្ធ​តែ​ជំពាក់​ធនាគារ ត្រូវ​ថ្ងៃ​បង់ មក​រត់​រក​មេ មេ​នេះ​ខ្សោយ​ធន​ដែរ។ កំពុង​តែ​ពិបាក​ចិត្ត​ដល់​ហើយ​នេះ»។

អ្នកស្រី យ៉ិន ជឿន អាយុ​៣៦ឆ្នាំ ជា​កម្មករ​ផ្នែក​បាញ់​ថ្នាំ​នៅ​ចម្ការ​ចេក ប្រាប់​វីអូអេ​ថា​ក្រុមហ៊ុន​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​បើក​លុយ​ឲ្យ​មេការ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​កម្មករ​នៅ​បន្ត​ធ្វើ​ការ ដោយសារ​មេការ​បាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​សិន ដើម្បី​បើក​ឲ្យ​អ្នកស្រី ក៏​ដូច​ជា​កម្មករ​ផ្សេង​ទៀត។ អ្នកស្រី​ដែល​មាន​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ​ចំនួន​២៧.០០០​រៀល​បាន​ថ្លែង​ថា​កាល​ពី​កន្លង​ទៅ កម្មករ​ត្រូវ​បើក​ប្រាក់​ឈ្នួល​នៅ​ពេល​ធ្វើ​ការ​បាន​១៥​ថ្ងៃ។

អ្នកស្រី​បញ្ជាក់​ថា៖ «ក្រុមហ៊ុន​មួយរយៈ​កាល​កូវីដ​ហ្នឹង រៀង[បើក​លុយ​]អត់​ទៀង​ទាត់​ទេ»។

កម្មករ​រូប​នោះ​មាន​សមាជិក​ក្រុម​គ្រួសារ​៤​នាក់​ទៀត​ធ្វើ​ការ​នៅ​ចម្ការ​ចេក ក្នុង​នោះ​មាន​ស្វាមី និង​កូន​ប្រុស​៣​នាក់ ដែល​ក្នុង​នោះ​មាន​អាយុ​១៦​ឆ្នាំ​ម្នាក់ រៀន​ថ្នាក់​ទី​៦ ដែល​ធ្វើ​ការ​ផ្នែក​បាញ់​ថ្នាំ​ក្នុង​ចម្ការ​ចេក។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ២០២១ មន្ទីរ​ការងារ​ខេត្ត​រតនគិរី​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ក្រុម​អធិការ​កិច្ច​ការងារ​នៃ​មន្ទីរ បាន​ចុះ​ដោះ​ស្រាយ​សម្រប​សម្រួល​ផ្សះ​ផ្សា​វិវាទ​ការងារ​រួម នៅ​ក្រុមហ៊ុន​ដូន​ពេញ​អាហ្គ្រីកូ។

​លោក ឌុច ចាន់តូ ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បាន​ថ្លែង​ថា​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​កាន់​តែ​លំបាក​ខ្លាំង​ដោយ​បើក​លុយ​យឺត ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ​១៩។ លោក​បន្ថែម​ថា​កន្លង​ទៅ អាជ្ញាធរ​បាន​ចុះ​ទៅ​ដោះស្រាយ​ជម្លោះ​នេះ​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ក្រុមហ៊ុន​កាន់​តែ​មាន​ស្ថាន​ភាព​លំបាក ក្នុង​នោះ​មាន​ការ​មិនបញ្ជា​ទិញ​ចេក​យកទៅ​ប្រទេស​ចិន និង​បញ្ហា​កក​ស្ទះ​លុយ​នៅ​ប្រទេស​វៀតណាម។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា៖ «ពិបាក​ដែរ ក្រុមហ៊ុន​ហ្នឹង​និយាយ​រួម​ទៅ ដូច​ជា​យ៉ាប់​ទៅៗ​ហើយ ចង់​និយា​យ​ថា​គាត់​ដូច​ជា​យ៉ាប់​ទៅៗ ឬ​មួយ​ក៏​យ៉ាង​ម៉េច​ទេ ព្រោះ​ផ្ទៃ​ក្នុងអា​រឿង​សេដ្ឋ​កិច្ច​របស់​គេ គេ​មិន​ឲ្យ​យើង​ដឹង អាហ្នឹង​ខ្ញុំ​ទទួល​ព័ត៌មាន​បាន​ប៉ុណ្ណឹង»។

ប្រធាន​មន្ទីរ​ការងារ​ឲ្យ​ដឹង​ថាក្រុមហ៊ុន​ដូន​ពេញ ​អាហ្គ្រីកូ​បាន​ប្តូរ​ម្ចាស់ ហើយ​ដាក់​ឈ្មោះ​ថា​ThaGrico កាល​ពី​កន្លង​ទៅ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​នៅ​តែ​បន្ត​ប្រើ​ឈ្មោះ​ចាស់​ដដែល។

វីអូអេ​មិន​ទាន់​អា​ច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ដូន​ពេញ​អាហ្គ្រីកូ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នក​បក​ប្រែ​ភាសា​របស់​ក្រុមហ៊ុនជា​ជន​ជាតិ​ខ្មែរ​ពីរ​នាក់ បាន​ប្រាប់​វីអូអេ​ថា​ពួក​គេ​នឹង​ទាក់​ទង​តំណាង​ក្រុមហ៊ុន នៅ​ពេល​វីអូអេ​ស្នើ​សុំ​ធ្វើ​បទ​សម្ភាសន៍ ដើម្បី​សុំ​ការ​ឆ្លើយ​តប។

ក្រុមហ៊ុនវៀតណាម​ Hoang Anh Gia Lai (HAGL) បាន​ដាំ​ដំណាំ​ផ្លែ​ចេក ក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូនមុំ ខេត្ត​រតន​គិរី ដែល​មាន​កម្មករ​រាប់​ពាន់​នាក់​ធ្វើ​ការ​នៅ​ទីនោះ។ ក្រុមហ៊ុនទទួល​បាន​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា ដោយ​ពី​ដំបូង​ឡើយ​បាន​ដាំ​កៅស៊ូ និង​ដូង​ប្រេង​ប៉ុន្តែ​ក្រោយ​មក​បាន​សម្រុក​ដាំ​ចេក ដើម្បី​បំពេញ​ទីផ្សារ​ក្នុង​ប្រទេស​ចិន។

បើ​តាម​មេការ​ដែល​តវ៉ា ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម​ក្នុង​ស្រុក​កូន​មុំ​នេះ មាន​កម្មករ​ជាង​៤​ពាន់​នាក់ ហើយ​ទំហំ​ទឹក​ប្រាក់សរុប​ដែល​ត្រូវ​សង​ទៅ​មេ​ការ​វិញ មានជាង​១​លាន​ដុល្លារ​អាមេរិក៕