អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានចាប់ផ្តើមបើកសវនាការសំណុំរឿង០០២វគ្គទី២នៅថ្ងៃនេះ ដោយមានការប្តឹងតវ៉ាពីជនរងគ្រោះដែលទាមទារសំណងផ្ទាល់ខ្លួនក្នុងម្នាក់ៗចំនួន១៣.៥០០ដុល្លារអាមេរិក។
ក្រុមមេធាវីការពារក្តីរបស់ជនជាប់ចោទ នួន ជា និងខៀវ សំផន បានធ្វើពហិការមិនចូលរួមសវនាការក្នុងការកាត់ក្តីសំណុំរឿង០០២វគ្គទី២នៅរសៀលថ្ងៃសុក្រនេះដែលធ្វើឲ្យសវនាការបើកឆាកនៅថ្ងៃទី១នេះបញ្ចប់មុនពេលកំណត់។
ការធ្វើពហិការរបស់ក្រុមមេធាវីការពារជនជាប់ចោទកើតមានក្រោយពីជនជាប់ចោទ នួន ជា អតីតប្រធានសភាខ្មែរក្រហមបានប្រកាសប្រឆាំងនឹងសាលក្រមប្រឆាំងរូបខ្លួនកាលពីពីរខែមុននិងទាមទារបណ្តេញក្រុមចៅក្រមជំនុំជម្រះសាលាដំបូងចេញពីការធ្វើសវនាការលើរូបខ្លួន។ ដោយឡែក ខៀវ សំផន និងមេធាវីរបស់ខ្លួនប្រកាសដកខ្លួនចេញពីការកាត់ទោសនៅវគ្គទី២នេះដោយសំអាងថាដើម្បីយកពេលវេលាទៅរៀបចំត្រៀមខ្លួនចូលរួមសវនាការឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូង។
ជនជាប់ចោទ នួន ជា ក្នុងវ័យ៨៨ឆ្នាំដែលមើលទៅបាក់ធ្មេញអស់នៅសល់តែមួយពីរតែប៉ុណ្ណោះ និយាយដោយពាក់វ៉ែនតាម៉្ញូបពណ៌ស ដោយសុំបណ្តេញចៅក្រមជំនុំជម្រះសាលាដំបូងកម្ពុជាចំនួន៣រូបនិងចៅក្រមបារាំងមួយរូបចេញពីការជំនុំជម្រះលើករណីរបស់ខ្លួន ហើយបានប្រកាសស្នើឲ្យមេធាវីរបស់ខ្លួនធ្វើពហិការចំពោះការជំនុំជម្រះទោសក្នុងសំណុំរឿង០០២វគ្គទី២ដោយរង់ចាំការសម្រេចលើបណ្តឹងដិតចិត្តសុំបណ្តេញចៅក្រមជំនុំជម្រះនេះចេញ។
«ខ្ញុំសូមណែនាំនិងស្នើសុំមេធាវីរបស់ខ្ញុំចេញពីបន្ទប់សវនាការបន្ទាប់ពីលោកខៀវ សំផន ប្រកាសពីជំហររបស់គាត់ហើយនិងធ្វើពហិការការចូលរួមរាល់សវនាការនាពេលខាងមុខនៃសវនាការលើកទី២នេះរហូតដល់បណ្តឹងដិតចិត្តត្រូវបានសម្រេច។ សូមអរគុណ។»
ចៅក្រមទាំងនោះរួមមានលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រមសញ្ជាតិបារាំង Jean-Marc Lavergne លោកចៅក្រម យ៉ា សុខន និងលោកចៅក្រម យូរ ឧត្តរា។ ចៅក្រមទាំងបួនគឺជាចៅក្រមក្នុងចំណោមចៅក្រមសរុបចំនួនប្រាំរូបដែលកំពុងបើកសវនាការសំណុំរឿង០០២វគ្គទី២នៅថ្ងៃនេះ។
ដោយឡែកជនជាប់ចោទខៀវ សំផន ពាក់អាវរងាពណ៌ផ្ទៃមេឃខ្ចី ឈរនិយាយអានសេចក្តីថ្លែងការណ៍ក្នុងរង្វង់ក្រចកសេះ។
ជនជាប់ចោទអាយុ៨៣ឆ្នាំរូបនេះបានប្រកាសដកខ្លួនចេញពីសវនាការលើកនេះរហូតដល់ពេលមានការសម្រេចលើបណ្តឹងសារទុក្ខរបស់ខ្លួនប្រឆាំងនឹងសាលក្រមកាលពីខែសីហា។
អង្គជំនុំជម្រះសាលាដំបូងបានផ្តន្ទាទោស នួន ជា និងខៀវ សំផន កាលពីខែសីហាឲ្យជាប់គុកអស់មួយជីវិត។
«ខ្ញុំសូមប្រកាសជាឱឡារិកថា ដើម្បីខ្ញុំអាចចំណាយពេលធ្វើការតទៅទៀតក្នុងកិច្ចការពារក្តីលើបណ្តឹងឧទ្ធរណ៍របស់ខ្ញុំ ខ្ញុំមិនមានបំណងមកចូលរួមសវនាការទេ។ បើតុលាការបង្ខំឲ្យខ្ញុំចូលរួមសវនាការ ខ្ញុំមិនអាចប្រឆាំងបានទេ។ ប៉ុន្តែខ្ញុំត្រូវការឲ្យមានការកត់ត្រាក្នុងកំណត់ហេតុឲ្យច្បាស់លាស់រាល់ថ្ងៃដែលខ្ញុំត្រូវមានមុខមកទីនេះ គឺដោយមានការបង្ខិតបង្ខំ។ ហើយនេះគឺជាការរំលោភសិទ្ធិរបស់ខ្ញុំ។»
ដោយឡែកសហមេធាវីកម្ពុជារបស់ ខៀវ សំផន លោក គង់ សំអុន បានប្រកាសចាកចេញពីបន្ទប់កាត់ក្តីភ្លាមៗដែរ។
«ជាចុងក្រោយសូមជម្រាបលាអង្គជំនុំជម្រះចាប់ពីពេលនេះទៅ។ ហើយយើងខ្ញុំសូមចាកចេញពីបន្ទប់នេះដើម្បីទៅរៀបចំបណ្តឹងសារទុក្ខ។ សូមអរគុណ។»
ភ្លាមៗនោះដែរលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងក៏បានប្រកាសបិទសវនាការមុនម៉ោងកំណត់។
«ដោយមេធាវីពហិការ គឺមេធាវីការពារក្តី នួន ជា និងមេធាវីការពារក្តីខៀវ សំផន បានចាកចេញពីបន្ទប់ជំនុំជម្រះមុនពេលសហព្រះរាជអាជ្ញាធ្វើសេចក្តីសន្និដ្ឋានតប។»
ទោះជាបែបនេះក្តី សហព្រះរាជអជ្ញាអន្តរជាតិលោកនីកូឡាស គុមជាន (Nicholas Koumjian) ពន្យល់នៅក្នុងសវនាការថា «ក្រុមចៅក្រមមានសមត្ថកិច្ចកំណត់និងបង្គាប់» ឲ្យមេធាវីបង្ហាញខ្លួនក្នុងសវនាការបាន។
លោកចៅក្រមនិល ណុន ឲ្យដឹងថាការសម្រេចលើពហិការរបស់ក្រុមមេធាវីការពារក្តីនេះនឹងមាននៅពេលក្រោយ។ ដោយឡែកសវនការវគ្គទី២នៃសំណុំរឿង០០២គ្រោងនឹងបន្តនៅថ្ងៃអង្គារសប្តាហ៍ក្រោយទៀត។
សហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិបានបង្ហាញពីវិសាលភាពនៃការកាត់ក្តីសំណុំរឿង០០២វគ្គទី២ដូចជាការផ្តោតលើឧក្រិដ្ឋកម្មនៅការដ្ឋានការងារដូចជាការដ្ឋានទំនប់១មករា ការដ្ឋានទំនប់ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យនិងការដ្ឋានព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ឧក្រិដ្ឋកម្មលើជនជាតិចាម ជនជាតិវៀតណាមនិងអតីតរាជការសម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ ណុល ឧក្រិដ្ឋកម្មនៅតាមមន្ទីរសន្តិសុខនិងការបោសសំអាតផ្ទៃក្នុងដូចជាមន្ទីរសន្តិសុខអូរកន្សែង មន្ទីរ សន្តិសុខភ្នំក្រោល និងមន្ទីរសន្តិសុខស២១ ឬគុកទួលស្លែង បទល្មើសដែលទាក់ទងនឹងការចេញបញ្ជាឲ្យរៀបការដោយបង្ខំ លក្ខណៈនៃជម្លោះប្រដាប់អាវុធ និងតួនាទីរបស់ជនជាប់ចោទទាំងពីរគឺនួន ជា និងខៀវ សំផន។
សូមបញ្ជាក់ថា ក្នុងខណៈពេលដែលតុលាការកំពុងបើកសវនាការកាត់ទោស នួន ជា និងខៀវ សំផន ដើមបណ្តឹងរដ្ឋប្បវេណីប្រមាណជា១០០នាក់បានព្យាយាមដាក់ញ្ញត្តិជូនតុលាការដើម្បីទាមទារសំណងជាបុគ្គលក្នុងម្នាក់ៗចំនួន១៣.៥០០ដុល្លារអាមេរិក។
ដើមបណ្តឹងរដ្ឋប្បវេណីគឺជាភាគីជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងនិងបានចូលរួមក្នុងសវនាការ។ តាមវិធានផ្ទៃក្នុងរបស់សាលាក្តីខ្មែរក្រហម ការផ្តល់សំណងមានតែពីរប្រភេទតែប៉ុណ្ណោះ គឺសំណងជាសមូហភាពនិងសំណងជានិមិត្តរូប គឺមិនមានការផ្តល់សំណងដល់ជនរងគ្រោះម្នាក់ៗនោះទេ៕