រដ្ឋមន្ត្រីការពារ​ជាតិ​នឹង​ប្រើ​ជំនួយ​យោធា​ដើម្បី​កម្ទេច​បដិវត្តន៍

រូបឯកសារ៖ លោក​ ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កងទ័ព​កម្ពុជា​នឹង​ប្រើ​សម្ភារៈ​យោធា​ដែល​ជា​ជំនួយ​របស់​បរទេស​ដើម្បី​បង្ក្រាប​ចលនា​បដិវត្តន៍ ឬ​ចលនា​នានា​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អាសន្ន​ដល់​ប្រទេស​ជាតិ។

រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ព្រួយបារម្ភ​អំពី​ការ​អាច​ផ្ទុះ​ឡើង​នូវ​បដិវត្តន៍ បើ​ទោះ​ជា​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ការ​ធ្វើ​បដិវត្តន៍​នឹង​មិន​អាច​កើត​ឡើង​បាន​នោះ​ឡើយ។ ក្នុង​ពិធី​ទទួល​ជំនួយ​សម្ភារៈ​យោធា​ពី​សាធារណរដ្ឋ​កូរ៉េ លោក ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្លែង​ថា លោក​នឹង​ប្រើ​ប្រាស់​ជំនួយ​យោធា​នោះ​ដើម្បី​បង្ក្រាប​ចលនា​បដិវត្តន៍។ ក្រុម​អ្នកវិភាគ​និយាយ​ថា ការណ៍​នេះ​បញ្ជាក់​ថា​រដ្ឋាភិបាល​កំពុង​បង្ហាញ​ការ​ភ័យខ្លាច​ចំពោះ​ការ​បាត់បង់​អំណាច​របស់​ខ្លួន។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កងទ័ព​កម្ពុជា​នឹង​ប្រើ​សម្ភារៈ​យោធា​ដែល​ជា​ជំនួយ​របស់​បរទេស​ដើម្បី​បង្ក្រាប​ចលនា​បដិវត្តន៍ ឬ​ចលនា​នានា​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អាសន្ន​ដល់​ប្រទេស​ជាតិ។

លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ នៅ​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពិធី​ប្រគល់​រថយន្ត​និង​គ្រឿង​ច​ក្រ​វិស្វកម្ម​ចំនួន​២២២គ្រឿង ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​កូរ៉េ។

ពិធី​ប្រគល់​សម្ភារៈ​យោធា​និង​ស៊ីវិល​ដែល​មាន​ការ​ចូលរួម​ពី​លោក កាង ឃ្យុង ហ៊្សូ (Kang byung Joo) អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ​នេះ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា តេជោ ហ៊ុន សែន ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​២០១៧។

លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ថ្លែង​ថា ជំនួយ​យោធា​របស់​សាធារណរដ្ឋ​កូរ៉េ​នេះ នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រតិបត្តិការ​វាយប្រហារ​ចលនា​បដិវត្តន៍។

«ខ្ញុំ​គិត​ថា មិន​ថា​តែ​បដិវត្តន៍​ពណ៌​ឬ​ក៏​បដិវត្តន៍​ស្អី​ទេ ឲ្យតែ​វា​អ្វី​ដែល​វា​នាំ​មក​ភាព​អន្តរាយ​ដល់​ប្រទេស​ជាតិ ឬ​នាំ​ឲ្យ​ប្រទេស​ជាតិ​កើត​នូវ​ហៅ​ថា​គ្រោះអាសន្ន​គឺ​ថា ច្បាស់​ណាស់​សម្ភារៈ​ទាំង​នេះ គឺ​វា​នឹង​ចូលរួម​ចំណែក​ហើយ​ដល់ ដែល​យើង​ត្រូវ​បំពាក់​ទៅ​តាម​បណ្តា​អង្គភាព។ វា​នឹង​រួមចំណែក​ក្នុង​ការ​ទប់ស្កាត់ រហូត​ដល់​ការ​ហៅ​ថា ថែរក្សា​សមិទ្ធផល​ទាំង​ឡាយ​របស់​យើង​ហ្នឹង​គឺ ឲ្យ​វា​កាន់​តែ​រឹង​មាំ​ឋិត​ថេរ​ទៀត»។

ក្រុម​អ្នកវិភាគ​និយាយ​ថា រដ្ឋាភិបាល​នៅ​បន្ត​ភ័យខ្លាច​ចំពោះ​ចលនា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ខ្លួន បន្ទាប់​ពី​មាន​ការ​ធ្លាក់​ប្រជាប្រិយ​របស់​ខ្លួន​យ៉ាង​គំហុក នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ជិត​បួន​ឆ្នាំ​កន្លង​ទៅ។ ក្រុម​អ្នក​វិភាគ​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​វិញ​ទេ ដែល​កំពុង​បារម្ភ​ថា រដ្ឋាភិបាល​ប្តូរ​ពី​ការ​ដឹក​នាំ​បែប​សេរី​ ទៅ​រក​ការ​ដឹកនាំ​តាម​លទ្ធិ​កុម្មុយនិស្ត​វិញ ដោយ​សារប្រជាពលរដ្ឋ​បាន​សង្កេត​ឃើញ​ថា​ រដ្ឋាភិបាល​កំពុង​រំកិល​ខ្លួន​បន្តិច​ម្តងៗ​ទៅ​រក​ប្រទេស​ចិន។

លោក មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា៖

«យើង​មើល​ទៅ​ដូច​ជា​មិន​មាន​ឃើញ​សញ្ញា​អី ដែល​ប្រុង​កើត​បដិវត្តន៍​ពណ៌​ទេ ព្រោះ​ឥឡូវ​នេះ គាត់​និយាយ​កាន់​តែ​ច្រើន​ឡើងៗ គាត់​ព្រួយ​បារម្ភ​ពី​រដ្ឋាភិបាល​វិញ​ទេ។ គាត់​ខ្លាច​រដ្ឋាភិបាល​ប្តូរ​ពណ៌​វិញ​ទេ។ ប្តូរ​ពណ៌​ហ្នឹង​បាន​ន័យ​ថា ពី​ពណ៌​ខៀវ​មក​ពណ៌​ក្រហម ដោយសារ​តែ​គាត់​សង្កេត​ឃើញ​ថា​ពលរដ្ឋ​ហ្នឹង​ឃើញ​រដ្ឋាភិបាល​ ហាក់​ដូច​ជា​ងាក​ទៅ​រក​ចិន​កាន់​តែ​ខ្លាំង​ឡើងៗ។ ហើយ​កាល​ណា​ងាក​ទៅ​រក​ចិន​កាន់​តែ​ធ្ងន់ គាត់​ព្រួយបារម្ភ​ថា ខ្លាច​របប​កុម្មុយនិស្ត វា​វិល​មក​ស្រុក​យើង​វិញ។ នេះ​ជា​ការ​មើល​ឃើញ​របស់​ពលរដ្ឋ»។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​អះអាង​ថា​ គ្មាន​ហេតុផល​ណា​មួយ​ដែល​ញ៉ាំង​ឲ្យ​រដ្ឋាភិបាល​ងាក​ទៅ​រក​ការ​ដឹកនាំ​តាម​លំនាំ​កុម្មុយនិស្ត​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​ថា កម្ពុជា​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​កើត​ចេញ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា៖

«ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​កើត​ឡើង​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​[ទីក្រុង]​ប៉ារីស​គេ​បាន​កំណត់​ហើយ គឺថា រាល់​បញ្ហា​ណា​ដែល​ប្តូរ​របប​ឬ​ប្រព័ន្ធ​នយោបាយ​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ហ្នឹង​មិន​អាច​ ធ្វើ​វិសោធនកម្ម​បាន​ជា​ដាច់ខាត។ ហ្នឹង​គេ​ហាម​រួច​ហើយ​ទោះ​បី​មាន​សំឡេង​គ្រប់គ្រាន់​ ២/៣​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ហើយ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​គ្រប់គ្រង​ប្រទេស​ជាតិ​បាន​ដែរ»។

ក្នុង​ពិធី​ប្រគល់​សម្ភារៈ​យោធា​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់ស្ពឺ​ដដែល​នោះ​ លោក​នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ថា រថយន្ត​ដែល​មាន​អាយុ​ជាង១០​ឆ្នាំ​និង​ទូក​ល្បាត​មួយ​គ្រឿង​នឹង​ត្រូវ​ប្រគល់​ជូន​បន្ថែម​ទៀត​នៅ​ក្នុង​ខែ​កក្កដា។

យោង​តាម​គេហទំព័រ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា សាធារណរដ្ឋ​កូរ៉េ​បាន​ប្រគល់​ជំនួយ​សម្ភារៈ​រថយន្ត​និង​គ្រឿង​ចក្រ​វិស្វកម្ម​ដល់​កម្ពុជា​ចំនួន​បី​លើក​រួច​មក​ហើយ​គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ​។ ការ​ប្រគល់​ជំនួយ​លើក​ទី​មួយ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ២០១០ ដែល​មាន​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ១៨៨គ្រឿង គ្រឿងចក្រ​គ្រប់​ប្រភេទ​ចំនួន​៦៦​គ្រឿង នាវា​ល្បាត​ប្រភេទ វ៉ាយ យូ ប៊ី (Y U B) ចំនួន៣គ្រឿង និង​សម្ភារៈ​ការិយាល័យ​មួយ​ចំនួន​ទៀត។ ការ​ប្រគល់​លើក​ទី​២​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ២០១២ ដែល​សាធារណរដ្ឋ​កូរ៉េ​បាន​ផ្តល់​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ២១២ គ្រឿង គ្រឿងចក្រ​វិស្វកម្ម​២៩​គ្រឿង និង​សម្ភារៈ​បម្រើ​ឲ្យ​ការងារ​ការិយាល័យ​មួយ​ចំនួន​ទៀត។

នៅ​ក្នុង​ឆ្នាំ​២០១៤ GlobalPost ដែល​ជា​សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បាន​រាយការណ៍​ថា ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​នៅ​កម្ពុជា​ធ្លាប់​មាន​ឥទ្ធិពល​លើ​កងទ័ព​ប្រទេស​កម្ពុជា​។ GlobalPost រាយការណ៍​ថា ដើម្បី​រក្សា​ការ​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ កាល​ពី​បី​ឆ្នាំ​មុន បាន​ដាក់​សម្ពាធ​ដល់​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា ឲ្យ​បញ្ជាការ​វាយ​បង្ក្រាប​ដ៏​ឃោរឃៅ​ទៅ​លើ​ក្រុម​កម្មករ​ដែល​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​តវ៉ា​ប្រាំ​នាក់​ស្លាប់​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​បាន​ច្រានចោល​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​បង្ក្រាប​នេះ។

បដិវត្តន៍​ពណ៌​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​តំបន់​មជ្ឈិមបូព៌ា​និង​តំបន់​អាហ្វ្រិក ហើយ​រាលដាល​មក​ដល់​តំបន់​អឺរ៉ុប​។ ចលនា​បដិវត្តន៍​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ទាំង​នោះ ក្រោយ​ការ​កើត​ឡើង​នូវ​រោគសញ្ញា​នៃ​វិបត្តិ​សង្គម​និង​វិបត្តិ​នយោបាយ​ធំៗ រួម​នឹង​ជម្លោះ​សាសនា​។ វិបត្តិ​ទាំង​នោះ​រួមមាន​ ការ​រីក​រាលដាល​នៃ​ភាព​ក្រី​ក្រ អំពើ​ពុក​រលួយ គម្លាត​ទ្រព្យ​សម្បត្តិ ការ​ប្រមូល​ផ្តុំ​អំណាច ការ​ធ្លាក់​ចុះ​ដុនដាប​សេដ្ឋកិច្ច ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ការ​ក្រាញ​អំណាច​យូរ​ហួស​ហេតុ​របស់​មេដឹកនាំ​ប្រទេស​ជាដើម៕