រដ្ឋ​មន្ត្រី​ការពារ​ជាតិលោក​ ​ទៀ បាញ់​ ​បាន​គោរមងារ​ជា​សម្តេច​ខណៈការបោះឆ្នោត​ជាតិ​ខិត​ជិត​មក​ដល់

រូបឯកសារ៖ លោក​ទា បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

លោក​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ ទៀ បាញ់​ ដែល​ត្រូវ​បាន​សាធារណជន​ទូទៅ​ខ្មែរ​កត់​សម្គាល់​លើ​ការ​ថ្លែង​របស់​លោក​អំពី​ការ​វាយ​បំបាក់​ធ្មេញ​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​​ប្រោស​ព្រះរាជទាន​គោរមងារ​ដល់​លោក​ជា​ ​«សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់»។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ផ្សេងៗគ្នា​ថា​ ការ​ផ្តល់​ក្រុមគោរមងារ​នេះ​ ជាសិទ្ធិ​​អំណាច​ស្វ័យត​របស់​រដ្ឋាភិបាល​ ឬ​ក៏​ជា​ការ​លើក​ទឹកចិត្ត​ដល់​រដ្ឋមន្ត្រី​ការពារជាតិ​រូប​នេះ។​

ក្រុម​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រតិកម្ម​ផ្សេង​គ្នា​ ចំពោះ​ការ​ផ្តល់​គោរមងារ​ ជា​សម្តេច​ដល់​ នាយ​ឧត្តមសេនីយ៍​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​និង​ការ​តម្លើង​មុខ​តំណែង​ដល់​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ ក្នុង​ពេល​ដែល​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម​ សីហមុនី មិន​នៅ​ក្នុង​ប្រទេស។​

យោង​តាម​ព្រះរាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ​ដែល​មិន​បាន​បញ្ជាក់​ពី​ទី​កន្លែង​នៃការ​ចុះ​ព្រះហស្ថ​លេខា​ និង​ត្រូវ​បាន​ចេញផ្សាយ​ជាសាធារណៈ​កាល​ពី​ថ្ងៃ​សៅរិ៍​កន្លង​ទៅ​ឲ្យ​ដឹង​ថា​ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​បាន​ប្រោស​ព្រះរាជទាន​គោរមងារ​ លោក​ ទៀ បាញ់​ ជា​ «សម្តច​ពិជ័យ​សេនា​ ​ទៀ បាញ់»។​

​ព្រះ​មហាក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី បាន​យាង​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​ នៅ​ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​កក្កដា កន្លង​ទៅ។ ការ​យោងចេញ​ពី​ប្រទេស​កម្ពុជា​របស់​ទ្រង់​កើត​មាន​ឡើង​មុន​ពេល​ដែល​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ស្នើ​ដោយ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​បញ្ជូន​ចូល​ព្រះ​បរម​រាជវាំង​ដើម្បី​ឲ្យ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើ។ ការ​យាង​ទៅ​ពិនិត្យ​ព្រះ​រាជសុខភាព​របស់​ព្រះ​មហាក្សត្រ​មិន​ត្រូវ​បាន​បញ្ជាក់​ថា ព្រះ​អង្គ​នឹង​យាង​ត្រឡប់​មក​វិញ​នា​ពេល​ណា​នោះ​ទេ។​

​ទោះ​បីជាព្រះបាទ​ នរោត្តម សីហមុនី​ មិន​ស្ថិត​ក្នុង​ប្រទេស​ព្រះ​រាជក្រឹត្យ​ផ្តល់​គោរមងារ​ដល់នាយ​ឧត្តម​សេនីយ៍​ ទៀ បាញ់ ជាសម្តេច​ ​របស់​ទ្រង់ចុះ​ថ្ងៃទី​ ២៩​ ខែកក្កដា​បាន​លើក​ឡើង​ហេតុផល​អំពី​ការ​ផ្តល់​គោរមងារ​ដ៏​ខ្ពស់​ខ្ពស់​និង​មាន​កិត្តិយសបំផុត​សម្រាប់​នាយ​ឧត្តមសេនីយ៍​រូបនេះ​ដូចជា​គុណសម្បត្តិ​របស់​លោក​ ក្នុង​ការ​ចូលរួមក​សាង​ប្រព័ន្ធ​ច្បាប់​សម្រាប់​ប្រើ​ប្រាស់​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គម​ជាតិ​ ទទួល​បាន​នូវ​សន្តិភាព​ សិ្ថរភាព​ ​ឯកភាព​ជាតិ​ ការអភិវឌ្ឍជាតិ​លើ​គ្រប់​វិស័យ​ ការពារ​លទ្ធិប្រជាធិប​តេយ្យ​ និង​ការពារ​ជាតិ​មាន​សិ្ថរភាព​សន្តិសុខ​សង្គមបាន​ល្អ​ប្រសើរ​ជា​ដើម។

ក្នុង​ព្រះរាជ​ក្រិត្យ​ដដែល​នោះ​ព្រះ​មហាក្សត្រ​ក៏​ទ្រង់ឈ្វេងយល់​ឃើញ​ថា​ នាយឧត្តមសេនីយ៍​ ទៀ បាញ់​ ជា​ «អ្នកដឹកនាំ​ដ៏ឆ្នើម​ ជាទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ​ និង​មានស្វាមីភក្តិ​ចំពោះ​រាជ​បល្ល័ង្គ»។​

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ ក៏​បាន​ចេញ​លិខិត​មួយ​ភ្លាម​ៗ​ក្នុង​ថ្ងៃ​តែ​មួយ​ បញ្ជាក់​ពី​ក្តី​រីករាយ​ចំពោះ​គោរមងារ​របស់​លោក​ ទៀ បាញ់។​

លោក​ ហ៊ុន សែន​ បាន​សរសេរក្នុងលិខិត​ចុះថ្ងៃទី​ ២៩​ខែកក្កដា​ ឆ្នាំ​ ២០១៧​ក្នុងន័យ​ដើម​ថា៖​

«​សម្តេច​ពិជ័យ​សេនា​ គឺជាឥស្សរជនមួយ​រូប ដែល​បានរួមដំណើរ​ជាមួយ​ខ្ញុំ​ និង​ថ្នាក់​នាំ​ផ្សេង​ទៀត​ រយៈពេលជិត៤០​ឆ្នាំ​មក​ហើយ​ ដោយ​សហការ​គ្នាដោះស្រាយ​រាល់ការងារ​លំបាក​ ពិសេស​សម្តេច​គឺ​ជាប្រតិបត្តិករ​ដ៏​មាន​សមត្ថភាព​ និង​ស្មោះត្រង់​ក្នុងការ​អនុវត្ត​នយោបាយ​ឈ្នះ​ ឈ្នះ​ នាំមក​នូវ​សន្តិភាព​ ការ​បង្រួបបង្រួមជាតិ​ ការ​ឯកភាព​ទឹកដី​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ រហូត​ដល់​សព្វថ្ងៃ»។​

នៅ​មុន​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ខែមិថុនា ​ឆ្នាំ​ ២០១៧​ នាយ​ឧត្ដម​សេនីយ៍​ទៀ បាញ់​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​អាគារ​រដ្ឋបាល​ជាច្រើន​នៅ​ជាយ​ក្រុង​សៀមរាប​ បាន​ព្រមាន​វាយ​បំបែក​ធ្មេញ​ក្រុម​ណា​ដែល​ចេញ​មក​តវ៉ា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូបនេះ​ ក៏​បាន​ព្រមាន​មុនការ​បោះឆ្នោត​ឃុំ-សង្កាត់​ថា កងទ័ព​កម្ពុជា​នឹង​ប្រើ​សម្ភារៈ​យោធា​ដែល​ជា​ជំនួយ​របស់​បរទេស​ដើម្បី​បង្ក្រាប​ចលនា​បដិវត្តន៍​ឬ​ចលនា​នានា​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អាសន្ន​ដល់​ប្រទេស​ជាតិ។

គោរមងារ​របស់​លោក​ ទៀ បាញ់ ត្រូវបានព្រះមហាក្សត្រ​ខ្មែរ​ប្រោស​ព្រះរាជទាន​ក្នុង​ពេល​តំណាល​គ្នា​នៃ​ការតែង​តាំង មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ ក្នុង​នោះ​មាន​លោក សុខ ទូច សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ខ្មែរ​ត្រាស់បង្គាប់​ និងតែង​តាំង​ជា​ប្រធាន​រាជ​បណ្ឌិត​សភា​ជំនួស​លោក​ស្រី​ ខ្លួត ធីតា។លោក​ស្រី​ ខ្លូត ធីតា​ ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សាផ្ទាល់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ​មានឋានៈ​ ស្មើ​ទេសរដ្ឋមន្ត្រី។ បន្ថែម​លើ​ងារ​ជា​ប្រធាន​រាជ​បណ្ឌិត​សភា​ លោក សុខ ទូច​ក៏​មាន​ឋានៈស្មើ​រដ្ឋមន្ត្រី​ផង​ដែរ។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ទៀ បាញ់​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ តែមិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​ នៅថ្ងៃ​អាទិត្យ​នេះ។ VOA ​ក៏មិន​អាច​ទាក់​ទង​ លោក ​អ៊ុំ តារាវុធ​ នាយក​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​បាន​ដែរ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​ គ្មាន​អ្នក​ទទួល។​

ក្រុម​មន្ត្រីនៃអង្គការ​សង្គម​ស៊ីវិល​ និង​អ្នកវិភាគ​ យល់ឃើញ​ផ្សេងៗ​គ្នា​ថា ការ​ផ្តល់​គោរមងារ​ដល់​លោក​ ទៀ បាញ់​គឺ​ជា​ឆន្ទានុសិទិ្ធរបស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ឬ​ជា​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​មិនមាន​ជំហរ​រិះគន់​នឹង​ទង្វើ​អវិជ្ជមាន​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។​

លោក​ យឿង​ សុធារ៉ា​ មន្ត្រី​ផ្នែកច្បាប់​ និងអង្កេត​នៃអង្គការ​ខុមហ្វែ្រល​ មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ រដ្ឋាភិបាល​ បាន​ប្រើ​ឆន្ទានុសិទ្ធិ​របស់ខ្លួន​ ផ្តល់គោរមងារ​ ដល់​លោក ទៀ បាញ់​ ផ្អែកទៅតាម​ការចូល​រួម​ការពារ​ប្រទេសជាតិ​ របស់​នាយឧត្តមសេនីយ៍​រូបនេះ។​

«នោះ​ជាបញ្ហា​ ដែល​ជាសេចក្តីសម្រេចចិត្ត​របស់​គាត់​ សម្រាប់​ការតែងតាំង​ ឬ​ក៏​ថា​ តម្លើង​ឋានៈ​ ឋានន្តរសក្តិ ឬ​ក៏​ថា​ ទៅដល់គោរមងារ​ណាមួយ​ ដល់​ឥស្សរជន​របស់គាត់​ គឺ​សមត្ថកិច្ច​ សិទ្ធិ​អំណាច​ របស់​រាជរដ្ឋាភិបាល»។​

លោក មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់(Central) ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ លោកទៀ បាញ់​ត្រូវ​បាន​សាធារណៈជន​ទូទៅ​ចងចាំ​លោក​អំពី​ការថ្លែង​វាយឲ្យបាក់​ធ្មេញ​ អ្នក​ដែល​ហ៊ានតវ៉ាប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។​ ទោះ​ជា​យ៉ាងណា​លោក​ថា​ គោរមងារ​ថ្មី​ របស់​នាយ​ឧត្តមសេនីយ៍​ ទំនង​មិន​អាច​ជួយ​កែ​លម្អ​ចំណុច​អវិជ្ជមាន​ជា​ច្រើន​របស់​រដ្ឋាភិបាល​បាន​ឡើយ។ លោក​និយាយ​ថា​ គោរមងារ​នេះ​ជាការ​លើក​ទឹក​ចិត្ត​ដល់លោក​ ទៀ​ បាញ់​ ដែល​មិន​មាន​ជំហរ​រិះគន់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។

«សម្រាប់​ខ្ញុំ​ ខ្ញុំ​អត់សូវ​ចម្លែក​ទេ​ អ្នក​ដែល​ហ៊ាន​រិះគន់​ឬក៏​និយាយសម្តី​ អឺ​និយាយ​ទៅ​វា​មតិ​ ខុសពី​ខ្លួន​គឺ​ តែង​ទទួល​រង​នូវការ​ប្រមាថ​ឬ​ក៏​គំរាមកំហែង​ ឬ​ក៏​អាច​ជា​ ក៏​អាច​បាត់​បង់​ជីវិត​ ក៏​ប៉ុន្តែ​អ្នក​ដែលនិយាយ​បៀប​ ការពារ​ អាហ្នឹង​គឺ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​វិញ​ អាហ្នឹង»។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ត្រូវ​គេ​ដឹង​ថា​ បានទទួល​គោរម​ងារ​ជា​សម្តេច​ជាបន្ត​បន្ទាប់​ក្រោយការ​បោះឆ្នោត​ឆ្នាំ​២០១៣។​ កាលពី​ឆ្នាំ​ ២០១៥​ ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហមុនី​បាន​ប្រោស​ព្រះរាជ​ទាន​គោរមងារ​ជា​«សម្តេច​វិបុល​សេនា​ភក្តី​សាយ​ ឈុំ» ដល់​លោក សាយ ឈុំ​អនុ​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​និង​គោរម​ងារជា​«សម្តេច​ក្រឡា​ហោម ​ស ខេង» ដល់​លោក​ ស ខេង​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ ទៀ បាញ់ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំនិត​របស់​ លោក ហ៊ុន សែន និង​ជា​មន្ត្រី​សំខាន់​ក្នុង​ជួរ​គណ​បក្ស​ប្រជាជន​កម្ពុជា។​ មក​ដល់​ពេល​នេះ​ ​មាន​ឥស្សរជន​ នៃ​បក្សកាន់​អំណាច​ជិត​ដប់​រូប​ទទួល​បាន​គោរពងារ​ជា​«សម្តេច»​ រួមមាន​លោក​ ហ៊ុន សែន​ លោក​ ជា ស៊ីម​ អតីត​ប្រធាន​បក្សកាន់​អំណាច​ដែល​បាន​លាចាក​លោក​ លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ គង់ សំអុល​ រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរមរាជ្យវាំង អតីត​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​លោក​ សុខ អាន​ ដែល​ទើប​តែ​ទទួល​មរណភាព​និង​ចុង​ក្រោយ​គឺ​លោក ទៀ បាញ់​មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ៕