ម្តងហើយម្តងទៀត មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទទូចឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងកូនក្តីខ្លួនឱ្យមានសេរីភាពឡើងវិញ។ នេះបើតាមសេចក្តីសន្និដ្ឋានការពារក្តីចុះថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២៣។
លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ ក្រោមការចោទប្រកាន់ទាក់ទិនការចេញសែកអត់ប្រាក់ដែលបានកើតឡើងកាលពីឆ្នាំ២០១៩។
បើតាមមេធាវីការពារក្តីលោក ជូង ជូងី កូនក្តីរបស់លោកមិនបានប្រព្រឹត្តបទល្មើសជុំវិញការ«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»ដូចការចោទប្រកាន់របស់ដើមបណ្តឹងឡើយ ហើយលោក ថាច់ សេដ្ឋា ក៏មិនបានចេញមូលប្បទានប័ត្រអ្វីនោះដែរ។
លោកបន្ថែមថា៖ «ដើមចោទ ក៏ដូចជាចៅក្រមស៊ើបសួរ មិនមានភស្តុតាងដាក់បន្ទុក ជាមូលប្បទានប័ត្រច្បាប់ដើម សម្រាប់ជាមូលដ្ឋានក្នុងការចោទប្រកាន់លោក ថាច់ សេដ្ឋា ទេ គឺផ្អែកតែលើឯកសារចម្លងតែប៉ុណ្ណោះ។ ដូច្នេះការចោទប្រកាន់ក្នុងករណីនេះគឺគ្មានភស្តុតាង»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកអ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញតាមប្រព័ន្ធតេឡេក្រាមបាននៅឡើយទេ។
សាលាដំបូងរាជធានីភ្នំពេញ បានដាក់លោក ថាច់ សេដ្ឋា ឱ្យស្ថិតនៅក្រោមការពិនិត្យជុំវិញរឿងចេញសែកគ្មានសាច់ប្រាក់ចំនួន ៥ សន្លឹក ដែលលោកចេញឱ្យក្រុមហ៊ុន រិនឆាយផនសប។ តុលាការបញ្ជាក់ថា លោក ថាច់ សេដ្ឋា មិនបានចូលខ្លួនបំភ្លឺតាមដីកាចំនួនពីរលើក ដោយពុំមានមូលហេតុ ក្រោយការប្តឹងផ្តល់របស់ក្រុមហ៊ុន រិនឆាយ ផនសប។
ក្នុងសវនាការតុលាការកំពូលកាលពីកន្លងទៅ លោក ថាច់ សេដ្ឋា បានបញ្ជាក់ថា លោកមិនដែលទទួលបានដីកាកោះឱ្យចូលបំភ្លឺម្តងណាឡើយ ស្រាប់តែមានការចាប់ខ្លួនតែម្តង។ ហើយមេធាវីរបស់លោកមួយរូបគឺលោក សំ សុគង់ បានប្រាប់ចៅក្រមថា កូនក្តីរបស់លោកបានដាក់ប្លង់បញ្ចាំចំនួន៦ នៅក្រុមហ៊ុន រិនឆាយ ផនសប។ ដូច្នេះបើកូនក្តីរបស់លោកមិនសងប្រាក់ គួរណាស់តែក្រុមហ៊ុនប្តឹងទៅតុលាការក្នុងសំណុំរឿងរដ្ឋប្បវេណី ដើម្បីទាមទាររឹបអូសជំនួសការចាប់ឃុំខ្លួន។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត យល់ថា សំណុំរឿងរបស់លោក ថាច់ សេដ្ឋា មានចរិតនយោបាយ និងជាការគាបសង្កត់ផ្នែកនយោបាយ។
លោកប្រាប់វីអូអេថា៖ «បើសិនជាមិនមានលក្ខណៈចរិតនយោបាយ ឬជាការគាបសង្កត់ផ្នែកនយោបាយ គឺថាគ្រាន់តែជំពាក់លុយ ជំពាក់កាក់ប៉ុណ្ណឹង គេអាចដោះស្រាយបានហើយ។ គេអាចផាកពិន័យ គេអាចសងជំងឺចិត្តទៅលើម្ចាស់បំណុលគឺគ្រប់គ្រាន់ហើយ ប៉ុន្តែយើងមើលឃើញហាក់ដូចជាម្ចាស់បំណុលមិនទាមទារឱ្យដាក់ទោសទណ្ឌអីខ្លាំងក្លាទេ បើតាមមើល តែវាទៅជាតុលាការលោកអ្នកវិនិច្ឆ័យវិញ»។
លោកបន្ថែមថា៖ «ធម្មតាម្ចាស់បំណុល នៅពេលដែលកូនបំណុលយកលុយទៅសង ទាំងគេទាំងខ្ញុំ គឺអរណាស់ឱ្យតែបានលុយ ប៉ុន្តែហេតុអ្វីបានជាករណីមួយនេះ ហាក់ដូចជាមិនសូវជាសប្បាយចិត្តទៅនឹងកូនបំណុល នៅពេលគេយកលុយទៅសង?»
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្ថែមថា តុលាការគួរតែសម្រេចឱ្យលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំ ដើម្បីបន្ធូរបន្ថយកំដៅនយោបាយ កុំឱ្យកាន់តែឡើងខ្លាំង និងបង្កការបែកបាក់ជាតិ។
យ៉ាងណាក្តី លោកមេធាវីជូង ជូងី ថាការប្រកាសសាលក្រមពាក់ព័ន្ធនឹងសំណុំរឿងចេញសែកស្អុយរបស់លោកថាច់ សេដ្ឋា នឹងធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាដំបូងរាជធានីភ្នំពេញ៕