មេធាវី​ការពារ​ក្តី​មេ​ដឹកនាំ​ខ្មែរក្រហម​ពន្យល់​ពហិការ​សវនាការ

Your browser doesn’t support HTML5

មេធាវី​ការពារ​ក្តី​​មេដឹកនាំ​ខ្មែរក្រហម​ពន្យល់​អំពី​ពហិការ​សវនាការ​

ក្រុម​មេធាវី​ការ​ពារក្តី​ឲ្យ​លោក​ខៀវ សំផន​ និង​លោក​នួន ជា​បាន​អះអាង​ថា​ ការ​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​សវនាការ​វគ្គទី​២​នេះ​គឺ​ដោយសារ​ពួក​ខ្លួនត្រូវការពេល​វេលា​ច្រើន​ថែម​ទៀត​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ក្នុងការ​តតាំង​ក្តី​នៅ​ក្នុង​សវនាការ។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​ខែ​តុលា​នេះ លោក​គង់ សំអុន​ សហ​មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក​ខៀវ សំផន​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​មិន​អាច​ការ​ពារ​កូន​ក្តី​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​បាន​ទេ​ នៅពេល​ដែលសាលាក្តី​ខ្មែរ​ក្រហម​បើក​សវនាការ​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះ ក្នុង​ខណៈ​ពេល​ដែល​ក្រុម​មេធាវី​របស់​លោក​កំពុងរៀប​ចំ​បណ្តឹង​សាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​នៅ​វគ្គ​ទី១​នោះ។​

«បើ​យើង​បណ្តោយ​ឲ្យ​សវនាការ​នេះ​ធ្វើ​ទៅ​បាន​ក្នុង​ពេល​ដែល​យើង​កំពុង​រៀប​ចំ​បណ្តឹង​សាទុក្ខ​ អញ្ចឹង​វា​ធ្វើ​ឲ្យ​ការងារ​របស់​យើង​ទាំង​ពីរ​នេះ ​ចុះ​ខ្សោយ​ បាន​ន័យ​ថា គ្មាន​គុណភាព​ទេ ទាំង​សវនាការ​ក៏​គ្មាន​គុណភាព ទាំង​ការ​រៀបចំ​បណ្តឹង​សាទុក្ខ​ក៏​គ្មាន​គុណភាព។​ ដូច្នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់លោក​ខៀវ​ សំផន ដែល​ជា​ជនជាប់​ចោទ​ក្នុង​នីតិវិធី​នេះ។​ ប៉ះពាល់​យ៉ាង​ម៉េច? គឺមាន​ន័យ​ថា គាត់​មិន​បាន​ទទួល​ការ​ការពារ​ដែល​មាន​ប្រសិទ្ធ​ភាព​ទេ»។

ដូច​គ្នា​ដែរ លោក​សុន អរុណ ​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នួន​ ជា​បាន​ថ្លែងថា ក្រុម​របស់​លោក​ក៏​កំពុង​មមារ​ញឹក​រៀបចំ​បណ្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ​ដូច្នេះ​ក្រុម​មេធាវី​របស់​លោក​ក៏​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​កូនក្តី​របស់​លោក​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​សវនាការ​វគ្គ​ទី​២​នេះ​ដែរ។​

«ពេល​វេលា​ចង្អៀត​មែន​ទែន ហើយ​ប្រាក់​ខែ ប្រាក់​ថ្ងៃ ​និង​ប្រាក់​ម៉ោង​ដែល​ECCC ​បាន​ប្រគល់​ឲ្យ​ មិន​សក្តិសម​នឹង​ការ​ងារ​ដែល​ខ្លួន​ឯង​បាន​ធ្វើ​ទេ​ ​ព្រោះការ​ងារ​ហ្នឹង​វា​ច្រើន​មែនទែន។ ដូច​មេធាវី​ការពារក្តី​គឺ​លោក​គង់ សំអុន បានលើកឡើង​មិញ​អញ្ចឹង ការ​ងារ​ហ្នឹង​ វា​មហា​សាល»។​

កាល​ពី​ខែ​សី​ហា​កន្លង​ទៅ​នេះ លោក​នួន ជា​ អតីត​បងធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម​ និង​លោក​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​នៃ​របបនោះ ​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងមនុស្ស​ជាតិ។​

ការ​កាត់​ទោស​នៅ​ក្នុង​សំណុំ​រឿង​ក្តី​០០២ វគ្គ​ទី​១​នោះ​ផ្តោត​ទៅ​លើ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ និង​ការ​ទទួល​ខុសត្រូវ​របស់​ជន​ជាប់ចោទ​ទាំង​នេះ ក្នុង​ការ​ស្លាប់​ប្រជាជ​ន​ជិត​២​លាន​នាក់​នៅក្នុង​របប​ដែលពួក​គេ​គ្រប់គ្រង​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។​

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់ចោទ​ទាំងពីរ​បាន​ប្រកាស​ប្តឹង​សាទុក្ខ​ ជំទាស់​នឹង​ការ​កាត់ទោស​នេះ ហើយ​បាន​ស្នើ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ពន្យារ​ពេល​ការ​ចាប់​ផ្តើម​សំណុំ​រឿង​០០២ វគ្គ​ទី​២ ដែល​ផ្តោត​ទៅ​លើ​ឧក្រិដ្ឋ​កម្មប្រល័យ​ពូជសាសន៍​និងឧក្រិដ្ឋ​កម្ម​មួយ​ចំនួនទៀត។​

ប៉ុន្តែ​ អង្គជំនុំ​ជម្រះ​សាលាដំបូង​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុម​មេធាវី​នោះ ​ហើយ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី​សំណុំ​រឿង​០០២​វគ្គទី២​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៧​ខែ​តុលា​នេះ។​

លោក​សុន អរុណ សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោកនួន​ ជា ​មាន​ប្រសាសន៍​ថា ក្រៅ​ពី​បណ្តឹង​សាទុក្ខ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់​ចោទ​ទាំង​ពីរ​ ក៏​ត្រូវ​រង់​ចាំ​ការ​សម្រេច​លើ​បណ្តឹង​ដិតចិត្ត​ ឬ​បណ្តឹង​ដេញ​ចៅ​ក្រម​ចំនួន​៤រូប​ក្នុង​ចំណោម​ចៅ​ក្រម​៥​រូប​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ចេញ​ពី​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សិន មុន​នឹង​ពួកខ្លួន​ចូល​រួម​នៅ​ក្នុង​សវនាការ​វគ្គ​ទី​២​នេះ។​

«បើ​មិន​ទាន់​មាន​លទ្ធផល​នៃ​ការ​ប្តឹង​ដិត​ចិត្ត​ទេ តុលាការ​មិន​អាច​យកក្តី​មួយ​ទៀត​មក​កាត់​ដើម្បី​បន្ថែម​ពេល​វេលា​ឲ្យ​យើង​ដក​ខ្លួន​អត់​រួច​អញ្ចឹង​ទេ។ អា​នេះ​ជា​រឿង​មួយ​ដែល​មាន​ការ​គាប​សង្កត់​ខ្លាំង​មែន​ទែន​ពី​តុលាការ​មក​លើ​មេធាវី​ការពារ»។​

លោក​គង់ សំអុន​ សហ​មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក​ខៀវ សំផន​ បាន​ថ្លែង​ថា​ បើ​ការ​ទាម​ទារ​របស់​ក្រុម​មេធាវី​ការ​ពារ​ក្តី​របស់​លោកមិន​ត្រូវ​បាន​ឆ្លើយ​តប​ទេ នោះ​ក្រុម​របស់​លោក​នឹង​មិន​ចូលរួម​នៅ​ក្នុង​សវនាការ​វគ្គ​ទី២ដើម្បី​អ្វី​មួយ​ដែល​លោក​ហៅ​ថា គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច​នោះ​ឡើយ។​

លោក​នេត្រ​ ភក្ត្រា អ្នក​នាំពាក្យ​ម្នាក់​របស់​សាលាក្តី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា​ កង្វះ​ពេល​វេលា​សម្រាប់​ការ​ត្រៀម​ខ្លួន​ក្នុង​សវនាការ​នេះ​កើត​ឡើង​ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដោយ​រួម​ទាំង​ព្រះ​រាជអាជ្ញា និង​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ផង​ដែរ មិន​មែន​ចំពោះ​តែ​ភាគី​មេធាវី​ការពារក្តី​ឲ្យ​ជន​ជាប់​ចោទ​នោះ​ទេ។​

ដូច្នេះ​លោក​ថ្លែង​ថា ការ​ធ្វើ​ពហិការ​របស់​ក្រុម​ការ​ពារក្តី​ឲ្យ​លោក នួន ជា ​និង​ ​លោក​ខៀវ សំផន​នេះ​គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​មេធាវីការ​ពារ​ក្តី​តែ​ប៉ុណ្ណោះ។​

«យុទ្ធ​សាស្ត្រ​នៃ​ការ​ប្រើប្រាស់របស់​ក្រុម​មេធាវី​គឺ​គាត់​មាន​យុទ្ធសាស្ត្រ​រៀងៗខ្លួន​ដើម្បី​ការ​ពារក្តី។​ ប៉ុន្តែ ​អ្វី​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​លោក​ធ្វើ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ផល​ប្រយោជន៍យុត្តិធម៌​គឺ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចង់​បាន​របស់​ជន​រងគ្រោះ​គឺ​ការ​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​ឲ្យ​បាន​ឆាប់​រហ័ស​ ក៏​ដូច​ជាឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ជន​ជាប់ចោទ​ផង​ដែរ ​ហើយ​អ្វីៗគឺ​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធី​ច្បាប់»។​

លោក​ជុំ ម៉ី​ អតីត​អ្នក​រស់រាន​មាន​ជីវិត​ម្នាក់​ពី​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម​ បាន​មាន​ប្រសាសន៍​ថា​ លោក​ចង់​ឃើញ​សាលាក្តី​ខ្មែរ​ក្រហម​ធ្វើ​យ៉ាង​ណា​យក​ជន​ជាប់ចោទ​ទាំង​ពីរ​មក​ក្នុង​សវនាការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះ​ឲ្យ​បាន។​

«យើង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គាត់​បាន​ចូល​ទៅ​ក្នុង​វគ្គ​១​និង​វគ្គ​២​ហ្នឹង​ឲ្យ​បាន​ចប់​សព្វ​គ្រប់ ឲ្យ​បាន​សាលក្រម​ចេញ​ជា​ស្ថាពរ​ទៅ។ អាហ្នឹង​បាន​យុត្តិធម៌»។​

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​សាលាក្តី លោក​ឡុង បញ្ញាវុធ​នៃ​កម្ម​វិធី​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា បាន​ថ្លែង​ថា តុលាការ​គួរ​តែ​រក​វិធី​សាស្ត្រ​យ៉ាង​ណា​ដើម្បី​ធានា​ឲ្យ​មានយុត្តិធម៌​ដល់​ទាំង​ជន​រងគ្រោះ​ផង ទាំង​ជន​ជាប់ចោទ​ផង។​

«យើង​ត្រូវ​ពិនិត្យ​មក​វិញ​ថា​ តើ​សិទ្ធិ​នៅ​ក្នុងការ​ធ្វើ​ពហិការ​គឺ​ជា​លក្ខខណ្ឌ​ដែល​ជា​សិទ្ធិ​ទទួល​ការជំនុំ​ជម្រះដោយ​យុត្តិធម៌​ដែរ​ឬ​អត់?​ ​យើង​ត្រូវ​ពិចារណា​ចំណុច​ហ្នឹង។ វា​ជា​ចំណុច​សំខាន់ ពីព្រោះ​តាម​គោល​ការណ៍​ច្បាប់ ការ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​គឺ​មិនមាន​បទ​បញ្ញត្តិ​ណាមួយដែល​និយាយ​ថា​ មេធាវី​អាច​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​សវនាការ​ទេ»។​

យ៉ាង​ណាក៏​ដោយ លោក​នេត្រ ភក្ត្រា​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ​បញ្ហា​ដែល​លើក​ឡើង​ដោយ​ក្រុម​មេធាវីការ​ពារក្តី​ឲ្យ​ជន​ជាប់​ចោទ​ទាំងពីរនេះ នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​នៅក្នុង​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​នៅថ្ងៃ​ទី​២១​ខែ​តុលា​នេះ៕