លោក Marco Rubio សមាជិកព្រឹទ្ធសភារដ្ឋ Florida បានបញ្ឈប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកសម្រាប់ទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋ នៅពេលដែលលោកបានចាញ់យ៉ាងខ្លាំងកាលពី២សប្តាហ៍នៅក្នុងរដ្ឋរបស់លោក ទៅលើមហាសេដ្ឋីចលនទ្រព្យ Donald Trump ដែលជាអ្នកនាំមុខគេនៅក្នុងគណបក្ស។ ក៏ប៉ុន្តែឥឡូវនេះ លោក Rubio កំពុងតែព្យាយាមយកឈ្នះលោក Trump វិញ ដោយរក្សាទុកនូវប្រតិភូដែលលោកទទួលបាននៅក្នុងរដ្ឋដទៃទៀតរហូតដល់សមាជបក្សថ្នាក់ជាតិ។
មុនពេលបោះបង់ចោលការប្រជែងយកបេក្ខភាពប្រធានាធិបតីនេះ លោក Rubio បានឈ្នះប្រតិភូចំនួន១៧១មុននឹងឈានដល់សមាជបក្សនៅខែកក្កដាខាងមុខនេះ។ នៅក្នុងសមាជបក្ស សមាជិកគណបក្សសាធារណរដ្ឋនឹងជ្រើសតាំងបេក្ខជនរបស់ខ្លួនម្នាក់ដើម្បីប្រកួតប្រជែងនឹងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា។
លោក Trump បានឈ្នះប្រហែល៦០ភាគរយនៃប្រតិភូសរុបចំនួន១២៣៧ ដែលលោកត្រូវការដើម្បីទទួលបានការតែងតាំង ប៉ុន្តែវានៅតែមិនទាន់ប្រាកដនៅឡើយទេ ថាតើលោកអាចឈ្នះបានប្រតិភូគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតបឋមនិងការបោះឆ្នោត caucuses នៅតាមរដ្ឋនីមួយៗ ដើម្បីទទួលបានការគាំទ្រភាគច្រើននៅមុនពេលការបោះឆ្នោតថ្នាក់ជាតិចាប់ផ្តើមឬយ៉ាងណានោះទេ។
នៅក្នុងការបោះឆ្នោតសមាជបក្សលើកដំបូងបង្អស់ គេតម្រូវឲ្យប្រតិភូភាគច្រើនបោះឆ្នោតឲ្យបេក្ខជនដោយអាស្រ័យលើលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋនីមួយៗ។ ប៉ុន្តែគេនឹងអនុញ្ញាតឲ្យប្រតិភូស្ទើរតែទាំងអស់បោះឆ្នោតជាលើកទី២ឬបន្តបន្ទាប់បាន ប្រសិនបើគ្មានបេក្ខជនណាម្នាក់អាចទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោតជុំទី១ទេនោះ៕