ផែនដីកំពុងបាត់បង់ប្រភពធនធានទឹកសាបសំខាន់ៗ។ ប៉ុន្តែធនធានទឹកទាំងនេះមិនមែនជា ទឹកបឹងឬទន្លេនោះទេ។ ធនធានទឹកនោះត្រូវបានគេស្គាល់ថាជា ប្រភពទឹកក្រោមដី ហើយត្រូវបានរកឃើញនៅក្រោមដីជ្រៅ។ ប្រភពទឹកខ្លះនៅជ្រៅខ្លាំងរហូតសូម្បីតែភ្លៀងដែលធ្លាក់ខ្លាំងក៏មិនអាចជ្រាបចូលដល់ និងបំពេញប្រភពទាំងនោះបានដែរ។ ប្រភពទឹកក្រោមដីជាច្រើនត្រូវបានគេប្រើដើម្បីស្រោចស្រពដំណាំ ហើយមិនមែនសម្រាប់ការប្រើប្រាស់ក្នុងស្រុកតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេប្រើប្រាស់សម្រាប់ការប្រើប្រាស់សាកលផងដែរ។ ការសិក្សាថ្មីមួយបានព្រមានថា ប្រភពទឹកទាំងនេះកំពុងតែបាត់បង់ ហើយអាចប៉ះពាល់ដល់សន្ដិសុខស្បៀងនិងសេដ្ឋកិច្ចជុំវិញពិភពលោក។
ស្រូវសាលី អង្ករ ស្ករ កប្បាសនិងពោតគឺស្ថិតក្នុងចំណោមដំណាំជំនួញសំខាន់បំផុត។ ប្រទេសផលិតដំណាំកសិផលមួយចំនួនពឹងផ្អែកលើប្រព័ន្ធធារាសាស្ដ្រដើម្បីដាំដុះ។ ការពិត កសិកម្មបែបធារាសាស្រ្តប្រើប្រាស់ទឹកសាប ប្រមាណ៨០ភាគរយឬច្រើនជាងនេះនៅទូទាំងពិភពលោក។ ការកើនឡើងទំហំនៃការប្រើប្រាស់ទឹកសាបទាំងនេះបានមកពីប្រភពទឹកក្រោមដី ដោយសារមូលហេតុនានា ដូចជាគ្រោះរាំងស្ងួត ឬការដាំដុះនៅក្នុងតំបន់រាំងស្ងួតខ្លាំង ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ការស្រូបយកទឹកពីប្រភពទឹកក្រោមដីទាំងនេះកំពុងបង្កើតជាបញ្ហាធំមួយ ដែលមិនសូវទទួលការចាប់អារម្មណ៍ច្រើន។
ហើយក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា បើទោះបីជាមានការចាប់អារម្មណ៍ ក៏មិនមានអ្វីច្រើនដែលពួកគេអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហានេះដែរ។
ការសិក្សាស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ College Londonនិងវិទ្យាស្ថាន សិក្សាអំពីអវកាស Goddard នៃអង្គការណាសា (NASA) នៅញូវយ៉ក។
ការសិក្សានេះបានឲ្យដឹងថា ១១ ភាគរយនៃអ្វីដែលគេហៅថា «ទឹកក្រោមដីដែលកំពុងបាត់បង់» ពីប្រភពទឹកក្រោមដី ត្រូវគេប្រើប្រាស់ដើម្បីដាំដុះដំណាំស្បៀងដែលត្រូវជួញដូរជាអន្តរជាតិ។
លោក Michael Puma ដែលជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅអង្គការណាសា និងសាកលវិទ្យាល័យColumbia បានថ្លែងថា៖
«ប្រភពទឹកក្រោមដីគឺលំបាកក្នុងការសង្កេតមើល ដោយសារតែវានៅជ្រៅក្នុងដីខ្លាំង។ ដូច្នេះវាមានការលំបាកក្នុងការសង្កេតមើល និងដឹងថាតើមានទឹកក្រោមដីប៉ុន្មាន ហើយនៅកន្លែងណាខ្លះ»។
ប្រភពទឹកក្រោមដី កើតឡើងនៅក្នុងចន្លោះរន្ធក្រោមដី ដូចដែលប្រវត្តិភូគព្ភសាស្ត្ររបស់ផែនដីបានសរសេរ។
«សម្រាប់ការសិក្សានេះយើងពិតជាចាប់អារម្មណ៍ខ្លាំងទៅលើការបង្កើតទ្រង់ទ្រាយជ្រៅឬប្រភពក្រោមដីជ្រៅ ដែលជាកន្លែងមនុស្សបូមទឹកចេញ ហើយមិនត្រូវបានបំពេញទៅវិញ ទោះបីជាមានភ្លៀងធ្លាក់ធំៗក៏ដោយ»។
លោកបាននិយាយថា ប្រភពទឹកក្រោមដីទាំងនេះអាចនឹងមិនត្រូវបានបំពេញវិញទេអស់រយៈពេលរាប់រយឆ្នាំឯណោះ។
«ដើម្បីឲ្យប្រភពទឹកក្រោមដីត្រូវបានបំពេញឡើងវិញ ត្រូវមានការប្រែប្រួលធំមួយទៅលើអាកាសធាតុ។ យើងត្រូវការឲ្យមានទឹកច្រើនជាងនេះនៅក្នុងតំបន់ ដែលបច្ចុប្បន្ននេះ កំពុងស្ងួតខ្លាំង»។
សហរដ្ឋអាមេរិក ឥណ្ឌា អ៊ីរ៉ង់ ប៉ាគីស្ថាន ចិន ម៉ិកស៊ិក និងអារ៉ាប៊ីសាអ៊ូឌីត ប្រើទឹកក្រោមដី ដែលមិនកើតឡើងវិញ ភាគច្រើនសម្រាប់ផលិតកម្មកសិកម្ម។ សហរដ្ឋអាមេរិកគឺជា ប្រទេសនាំចេញចំណីអាហារចម្បងមួយ។
«ប្រសិនបើសហរដ្ឋអាមេរិកប្រើធនធានទឹកក្រោមដីរបស់ខ្លួនអស់នោះ នេះបង្ហាញពីហានិភ័យមួយទៅលើប្រព័ន្ធស្បៀងអាហារលើសកលលោកទាំងមូល។
ប្រសិនបើអ្នកដកការនាំចេញនេះចេញ បណ្ដាប្រទេសនៅជុំវិញពិភពលោកនឹងរងផលប៉ះពាល់។ ជាឧទាហរណ៍ បច្ចុប្បន្ននេះ ប្រទេសចិននិងឥណ្ឌា ក៏ប្រឈមនឹងការបាត់បង់ទឹកក្រោមដីនៅក្នុងប្រទេសខ្លួនផងដែរ។ ឥឡូវនេះ ប្រទេសទាំងនេះមិននាំចេញអាហារទៅកាន់ប្រទេសផ្សេងទៀតនៅលើពិភពលោកនោះទេ ដូច្នេះប្រទេសទាំងនេះប្រឈមនឹងឱនភាពក្នុងស្រុក ប្រសិនបើប្រភពទឹកក្រោមដីបាត់បង់»។
ប៉ុន្តែប្រសិនបើប្រទេសចិននិងឥណ្ឌាបាត់បង់ប្រភពទឹកក្រោមដី ដែលបានប្រើសម្រាប់កសិកម្មក្នុងស្រុក ពួកគេនឹងត្រូវពឹងផ្អែកលើការនាំចូលអាហារកាន់តែច្រើន។ តម្រូវការកាន់តែធំអាចធ្វើឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង។
លោក Puma និយាយថា សហរដ្ឋអាមេរិកដឹងច្បាស់ពីការបាត់បង់ទឹកក្រោមដី ដែលនឹងកើតឡើងទៅលើប្រភពផ្តល់ទឹកក្រោមដីជ្រៅមួយចំនួន។
«រដ្ឋកាលីហ្វញ៉ាទទួលស្គាល់ថា ខ្លួនកំពុងជួបប្រទះនឹងការបាត់បង់ទឹកក្រោមដី។ រដ្ឋ Kansasក៏ទទួលស្គាល់ផងដែរថា ខ្លួនកំពុងប្រឈមមុខនឹងបញ្ហាការបាត់បង់ទឹកក្រោមដី។ ទោះជាយ៉ាងណាដំណោះស្រាយនៅមិនទាន់ច្បាស់លាស់នៅឡើយ។ មានការព្យាយាមដើម្បីធ្វើឲ្យការប្រើប្រាស់ទឹកក្រោមដីមានលក្ខណៈយឺតៗជាងមុន ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហានោះទេ ដោយសារតែបរិមាណទឹកក្រោមដីមានកំណត់ ហើយដែលនឹងមិនត្រូវបំពេញឡើងវិញ»។
ប្រភពទឹកក្រោមដីដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិកមានទំហំប្រហែល២៨២.០០០ គីឡូម៉ែត្រការេ ដែលមានឈ្មោះថា Ogallala។ ប្រភពទឹកនេះលាតសន្ធឹងនៅក្នុងផ្នែកខ្លះនៃរដ្ឋចំនួនប្រាំបី ដែលរួមទាំងរដ្ឋ Kansas ផងដែរ។
ការស្ទង់មតិភូគព្ភសាស្ត្ររបស់រដ្ឋ Kansas ដែលបានធ្វើកាលពីរបីឆ្នាំមុនបានប៉ាន់ប្រមាណថាប្រភពទឹកនេះអាចស្ងួតនៅក្នុងរដ្ឋមួយចំនួនក្នុងរយៈពេល៥០ ឆ្នាំខាងមុខ។ ភាគច្រើននៃដីនៅក្នុងរដ្ឋនេះត្រូវបានគេប្រើប្រាស់ដើម្បីដាំស្រូវសាលី ពោត និងដំណាំអាហារផ្សេងៗទៀត។
អ្នកវិទ្យាសាស្ត្រទីភ្នាក់ងារណាសានិយាយថា បច្ចុប្បន្ននេះវាគ្រាន់តែជាបញ្ហានៃការគ្រប់គ្រងអ្វីដែលនៅសេសសល់ប៉ុណ្ណោះ។
«ដើម្បីធ្វើឲ្យមានការរីកចម្រើនពិតប្រាកដចំពោះបញ្ហាទឹកក្រោមដីនេះ យើងត្រូវតែមានការពិភាក្សាអំពីរបៀបថាតើយើងនឹងលៃលកកសិដ្ឋានរបស់យើង និងសកម្មភាពកសិកម្មតាមរបៀបណា ដើម្បីដោះស្រាយជាមួយនឹងអនាគតដែលយើងប្រឈមនឹងស្ថានភាពមួយ ដែលទឹកក្រោមដីលែងមានវត្តមាននៅកន្លែងទាំងនេះតទៅទៀត»។
ចុះចំណែកគម្រោងធំដែលចម្រាញ់ជាតិអំបិលចេញពីទឹក ដែលនឹងបម្លែងទឹកសមុទ្រទៅជាទឹកសាបសម្រាប់ការប្រើប្រាស់ផ្នែកកសិកម្ម? លោក Puma បាននិយាយថា គម្រោងនោះថ្លៃខ្លាំងណាស់ហើយនឹងបង្កើនការចំណាយលើទឹកសម្រាប់កសិករ ហើយបន្ទាប់មកបង្កើនតម្លៃម្ហូបអាហារ។
«ប្រសិនបើពួកគេត្រូវបង់ថ្លៃខ្ពស់សម្រាប់ទឹកប្រើប្រាស់របស់ពួកគេ យើងរំពឹងថា កសិករភាគច្រើននឹងមិនមានលទ្ធភាពបន្តការធ្វើកសិកម្មបានទៀតនោះទេ។ ដូច្នេះការយកជាតិអំបិលចេញពីទឹកប្រៃនឹងមានការលំបាកខ្លាំងណាស់ដើម្បីជួយដោះស្រាយបញ្ហានេះ»។
ដូច្នេះខណៈពេលដែលប្រទេសជាច្រើនដូចជា ប្រទេសសូម៉ាលីកំពុងជួបគ្រោះរាំងស្ងួត ការសិក្សារបស់ទីភ្នាក់ងារណាសា និងសាកលវិទ្យាល័យ College London ក្នុងទីក្រុងឡុងដ៍ព្រមានថា កំពុងតែមានគ្រោះរាំងស្ងួតនៅក្រោមដីផងដែរ។
«វាគឺពិតជាបញ្ហាសកល។ ប្រទេសទាំងអស់នៅជុំវិញពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមនេះ។ យើងមិនមានដំណោះស្រាយ ឬយុទ្ធសាស្ត្រល្អៗដើម្បីដោះស្រាយបញ្ហានេះនោះទេ។ ដូច្នេះយ៉ាងហោចណាស់ យើងត្រូវមានការពិភាក្សាគ្នាដើម្បីរកមធ្យោបាយនិងយុទ្ធសាស្រ្តថ្មីផ្សេងៗ ដែលទទួលស្គាល់បញ្ហានេះ ហើយព្យាយាមនិងសម្របសម្រួលពីរបៀបដែលយើងអាចនឹងកែតម្រូវគោលនយោបាយរបស់យើង»។
យុទ្ធសាស្ត្រណាក៏ដោយក៏ត្រូវតែរក្សាតុល្យភាពរវាងតម្រូវការផលិតកម្មរយៈពេលខ្លី និងចិរភាព៕
ប្រែសម្រួលដោយផន បុប្ផា