នៅក្នុងពន្លឺរាត្រីនៃថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១២ នៅលើផ្លូវដ៏មមាញឹកមួយក្នុងរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ លោក Sombath Somphone ដែលជាអ្នកតស៊ូមតិមិនចេះនឿយហត់ និងល្បីល្បាញសម្រាប់កសិករក្រីក្ររបស់ប្រទេសលោកបានបាត់ខ្លួនដោយគ្មានដាន។
នៅក្នុងវីដេអូកាមេរ៉ាសន្តិសុខ ដែលថតបានដោយកាមេរ៉ាតាមដងផ្លូវ លោក Sombath ត្រូវបានគេមើលឃើញថា ត្រូវបានទាញចេញពីរថយន្តនៅប៉ុស្តិ៍ត្រួតពិនិត្យមួយរបស់ប៉ូលិស ដោយលោកបានចុះពីលើរថយន្ត Jeep របស់លោក ហើយចូលទៅក្នុងរថយន្ត pickup ដែលបើកដឹកលោកចេញទៅ។
ភរិយារបស់លោក គឺអ្នកស្រី Shui Meng Ng ដែលកំពុងបើកបរ ទៅផ្ទះញ៉ាំអាហារពេលល្ងាចជាមួយលោក Sombath នៅពីមុខគាត់ក្នុងរថយន្តផ្សេង មិនបានឃើញឬឮដំណឹងពីលោកតាំងពីពេលនោះមក។
ដប់ឆ្នាំមកនេះ អ្នកស្រីនៅតែទាមទាររកចម្លើយអំពីការសង្ស័យពីការចាប់ពង្រត់ពីអាជ្ញាធរឡាវ ដែលបដិសេធថាមិនដឹងពីជោគវាសនារបស់លោកទេ។ ករណីនេះបានទាក់ទាញការយកចិត្តទុកដាក់ចំពោះករណីរាប់រយផ្សេងទៀតនៃការបាត់ខ្លួនដោយបង្ខំនៅទូទាំងអាស៊ីអាគ្នេយ៍។
អង្គការសហប្រជាជាតិកំណត់ការបាត់ខ្លួនដោយបង្ខំថាជាការចាប់ខ្លួន ការឃុំខ្លួន ឬការចាប់ពង្រត់ដោយភ្នាក់ងាររដ្ឋ ឬតំណាងរបស់ពួកគេ និងការបដិសេធរបស់រដ្ឋក្នុងការទទួលស្គាល់ព្រឹត្តិការណ៍នេះ ឬបង្ហាញពីជោគវាសនារបស់ជនរងគ្រោះ។ ក្រុមការងារស្តីពីការបាត់ខ្លួនដោយបង្ខំរបស់អង្គការសហប្រជាជាតិបានកត់ត្រាករណីមិនបានដោះស្រាយចំនួន ១.៣០៣ នៅទូទាំងតំបន់ គិតត្រឹមខែឧសភាឆ្នាំនេះ។
នៅប្រទេសឡាវ អ្នកស្រី Ng និយាយថា អាជ្ញាធរមិនបានផ្តល់ព័ត៌មានថ្មីៗអំពីករណីរបស់ លោក Sombath ដល់អ្នកស្រីឡើយ ហើយថែមទាំងបានបដិសេធមិនជួបជាមួយអ្នកស្រីតាំងពីឆ្នាំ ២០១៧ មក។ ប្រសិនបើអាចប្រឈមមុខនឹងពួកគេម្តងទៀត អ្នកស្រីនិយាយថាគាត់នឹងប្រាប់ពួកគេពីអ្វីដែលអ្នកស្រីបាននិយាយអស់រយៈពេល ១០ ឆ្នាំមកនេះ។
អ្នកស្រីបាននិយាយក្នុងបទសម្ភាសជាមួយ VOA ថា៖ «ប្រាប់ខ្ញុំពីអ្វីដែលបានកើតឡើងចំពោះលោក Sombath ប្រាប់ខ្ញុំពីការណ៍ពិត ប្រាប់ខ្ញុំពីកន្លែងដែលគាត់នៅ នៅពេលនេះ។ បើគាត់បានប្រព្រឹត្តបទល្មើសអ្វីមួយ សូមចោទប្រកាន់គាត់ទៅតាមច្បាប់។ នោះជាការអំពាវនាវរបស់ខ្ញុំ។ សូមផ្តល់ការពិតមកខ្ញុំ គ្រាន់តែប្រាប់ខ្ញុំថា លោកសម្បត្តិនៅឯណា ហើយគាត់បានធ្វើអ្វី»។
អ្នកស្រី Ng បន្ថែមថា ការរស់នៅដោយមិនដឹងពីជោគវាសនារបស់លោក Sombath គឺជាការ «គួរឱ្យភ័យខ្លាច» ។
អ្នកស្រីបន្ថែមថា៖ «អ្នករស់នៅជាមួយស្ថានភាពមិនដឹងអ្វីសោះ។ ជញ្ជាំងទទេនេះដែលអ្នកកំពុងសម្លឹងមើល ហើយដោយគ្មានព័ត៌មាន ដោយមិនដឹងពីអ្វីដែលបានកើតឡើងចំពោះគាត់ ដោយមិនដឹងថា តើគាត់នៅមានជីវិតទេ ហើយប្រសិនបើគាត់នៅរស់ តើគាត់ស្ថិតក្នុងស្ថានភាពបែបណា។ រឿងនេះដក់ធ្ងន់ក្នុងចិត្តរបស់ខ្ញុំអស់រយៈពេល ១០ ឆ្នាំមកហើយ»។
ដោយបានទទួលការអប់រំនៅប្រទេសឡាវ និងសហរដ្ឋអាមេរិក លោក Sombath បានឧទ្ទិសវិជ្ជាជីវៈរបស់លោក ក្នុងការបង្រៀនកសិករឡាវនូវបច្ចេកទេសថ្មីៗ និងរបៀបបញ្ចេញមតិក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគេ។ លោកបានឈ្នះពានរង្វាន់អភិវឌ្ឍន៍ធនធានមនុស្សរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០១ និងពានរង្វាន់ Ramon Magsaysay ដ៏ល្បីល្បាញរបស់អាស៊ីសម្រាប់ភាពជាអ្នកដឹកនាំសហគមន៍ នៅបួនឆ្នាំក្រោយមក។
មុនពេលបាត់ខ្លួន លោក Sombath ក៏ធ្លាប់បានសាកសួរពីកិច្ចព្រមព្រៀងដីធ្លីមួយចំនួនដែលគាំទ្រដោយរដ្ឋាភិបាល ហើយធ្វើឲ្យពលរដ្ឋច្រើនគ្រួសារគ្មានផ្ទះសម្បែង ដោយទទួលបានសំណងតិចតួច ឬគ្មានសោះ។
នៅក្នុងរដ្ឋតូចមួយដែលតាមដានពលរដ្ឋជាប្រចាំ ហើយមានបក្សកុម្មុយនីស្ត ដូចជាប្រទេសឡាវ អ្នកស្រី Ng បាននិយាយថា អ្នកស្រីមិនជឿថាអាជ្ញាធរមិនអាចតាមដានលោក Sombath ឬស្វែងរកអ្វីដែលបានកើតឡើងចំពោះគាត់នោះទេ ប្រសិនបើពួកគេចង់ ហើយហៅការស៊ើបអង្កេតរបស់ពួកគេថា «ជាការបោកប្រាស់»។
អ្នកស្រី Angkhana Neelapaijit អ្នកតស៊ូមតិសិទ្ធិមនុស្សថៃ និងជាសមាជិកនៃក្រុមការងាររបស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្សែវីដេអូពីកាមេរ៉ាសន្តិសុខ បានផ្តល់តម្រុយដ៏ខ្លាំងមិនធម្មតាមួយសម្រាប់ករណីបាត់ខ្លួនដោយបង្ខំ។
អ្នកស្រីបាននិយាយថា៖ «តាមបទពិសោធន៍របស់ខ្ញុំ ស្ទើរតែគ្រប់ករណីទាំងអស់មិនមានភ័ស្តុតាងទេ… ពួកគេគ្មានរូបភាព ពួកគេគ្មានឃ្លីបវីដេអូ។ ប៉ុន្តែសម្រាប់លោក សម្បត្តិ ខ្ញុំគិតថាវាច្បាស់ណាស់។ យើងមានភ៍ស្តុតាងដែលគាត់ត្រូវបានគេឃាត់ឱ្យឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យ... ហើយបន្ទាប់មកគាត់បានបាត់ខ្លួន»។
អ្នកស្រីបាននិយាយថា ការអះអាងរបស់អាជ្ញាធរថាមិនបានដឹងអ្វីសោះអំពីអ្វីដែលបានកើតឡើងបន្ទាប់ពីនោះ បង្ហាញពីការខ្វះភាពស្មោះត្រង់ និងតម្លាភាព។
VOA មិនអាចទាក់ទងប៉ូលិសឡាវដើម្បីសុំការអធិប្បាយបានទេ។ ការហៅទូរស័ព្ទជាច្រើនដងទៅកាន់អ្នកនាំពាក្យរបស់រដ្ឋាភិបាលគ្មានការឆ្លើយតប។
ក្នុងចំណោមករណីបាត់ខ្លួនដោយបង្ខំចំនួន ១.៣០៣ ករណីដែលមិនបានដោះស្រាយត្រូវបានចងក្រងដោយអង្គការសហប្រជាជាតិនៅអាស៊ីអាគ្នេយ៍ គឺមានប្រទេសតែពីរប៉ុណ្ណោះ គឺហ្វីលីពីន និងទីម័រខាងកើតបច្ចុប្បន្ន ដែលពីមុនជាផ្នែកមួយរបស់ឥណ្ឌូណេស៊ី មានករណីចំនួនបីភាគបួន។ ករណីភាគច្រើនមានអាយុកាលរាប់ទសវត្សរ៍។
ប៉ុន្តែ អ្នកស្រី Angkhana ដែលប្តីរបស់អ្នកស្រី ឈ្មោះ Somchai Neelapaijit បានបាត់ខ្លួនក្រោមកាលៈទេសៈគួរឱ្យសង្ស័យនៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០០៤ បាននិយាយថាការបាត់ខ្លួនដោយបង្ខំនៅតែកើតឡើងនៅទូទាំងតំបន់។ ក្នុងចំណោមប្រទេសទាំង១១ នៃអាស៊ីអាគ្នេយ៍ មានតែព្រុយណេ និងសិង្ហបុរីប៉ុណ្ណោះដែលមិនមានករណីលេចធ្លោ ហើយប្រទេសខ្លះមានករណីថ្មីៗកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកស្រី Angkhana បន្ថែមថា តួលេខផ្លូវការ ទំនងជាគ្រាន់តែជា «ករណីដែលគេបានដឹង» ប៉ុណ្ណោះ ព្រោះជារឿយៗ ក្រុមគ្រួសារមានការភ័យខ្លាចអាជ្ញាធរខ្លាំងពេក ហើយមិនហ៊ានរាយការណ៍ពីករណីដែលសង្ស័យថាមានការចាប់ពង្រត់ទេ ដោយខ្លាចក្លាយជាជនរងគ្រោះបន្ទាប់ ដោយអាជ្ញាធរដដែលនេះ។
អ្នកស្រី Katia Chirizzi តំណាងរងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា ការបង្កើតការភ័យខ្លាចនោះគឺជាហេតុផលមួយដែលរដ្ឋាភិបាលនៅតែអនុវត្ត។
អ្នកស្រីបាននិយាយនៅក្នុងកម្មវិធីមួយនៅទីក្រុងបាងកកកាលពីពេលថ្មីៗនេះដែលប្រារព្ធខួបនៃការចាប់ពង្រត់លោក Sombath ថា «ក្នុងតំបន់អាស៊ីអាគ្នេយ៍ការអនុវត្តត្រូវបានរដ្ឋប្រើប្រាស់ជាប្រពៃណីជាមធ្យោបាយនៃការបំបិទមាត់គូប្រជែងនយោបាយ ឬសំឡេងរិះគន់»។
អ្នកស្រីបានថ្លែងថា៖ «ជាការពិត ការបាត់ខ្លួនដោយបង្ខំត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីជំរុញការភ័យខ្លាច និងផ្ញើសារខ្លាំងៗទៅកាន់បុគ្គលផ្សេងទៀតដែលបញ្ចេញសំឡេងរបស់ពួកគេដោយក្លាហានលើបញ្ហាសំខាន់ៗ និងការព្រួយបារម្ភជាសាធារណៈ»។ អ្នកស្រីបន្ថែមថាដោយមានជនរងគ្រោះ ចាប់ពីអ្នកការពារសិទ្ធិមនុស្ស រហូតដល់ «អ្នកការពារបរិស្ថាន សង្គម និង សកម្មជននយោបាយ អ្នករិះគន់រដ្ឋាភិបាល មេធាវី និងអ្នកកាសែត»។
អ្នកស្រី Siriphorn Chaiphet អ្នករៀបចំកម្មវិធីយុវជនស្ម័គ្រចិត្តថៃដែលជួយគ្រប់គ្រងគម្រោង Sombath Somphone and Beyond ដែលតស៊ូមតិដើម្បីយុត្តិធម៌សម្រាប់លោក Sombath និងជនរងគ្រោះផ្សេងទៀតនៃការបាត់ខ្លួនដោយបង្ខំបាននិយាយថា «ពួកគេព្យាយាមបំភ័យសកម្មជនផ្សេងទៀត» ។
អ្នកស្រីបានប្រាប់ VOA ថា៖ «ប្រសិនបើមនុស្សម្នាក់បាត់ខ្លួន ប្រាកដណាស់អ្នកផ្សេងទៀតនឹងគិតថាពួកគេនឹងមករកយើងក្នុងពេលឆាប់ៗនេះ»។
អ្នកស្រី Ng នៅតែមិនមានការរាថយ។
អ្នកស្រីបន្តរស់នៅ និងធ្វើការនៅប្រទេសឡាវ ហើយមកទីក្រុងបាងកកក្នុងសប្តាហ៍មុននេះ ដើម្បីបន្តលើកកម្ពស់ការយល់ដឹងអំពីការបាត់ខ្លួនដោយបង្ខំរបស់ស្វាមី និងអ្នកដទៃ និងទាមទារចម្លើយ។
អ្នកស្រីបានជួបជាមួយអ្នកការទូតបរទេសកាលពីពេលថ្មីៗនេះ ហើយបានចូលរួមព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលប្រារព្ធដល់ការងាររបស់ លោក Sombath នៅពេលរសៀល។
អ្នកស្រីបាននិយាយថាមនុស្សជាច្រើនបានជំរុញឱ្យអ្នកស្រីបោះបង់ចោល។
អ្នកស្រីថ្លែងថា៖ «តែខ្ញុំធ្វើមិនបានទេ… វាមិនត្រឹមត្រូវទេ។ ខ្ញុំមិនអាចធ្វើអ៊ីចឹងដាក់ខ្លួនឯងបានទេ។ ខ្ញុំមិនអាចធ្វើដូច្នេះចំពោះលោក Sombath ទេ។ ខ្ញុំត្រូវតែបន្តសួរ និងព្យាយាមស្វែងរកការណ៍ពិត»។ អ្នកស្រីនៅតែរក្សាក្តីសង្ឃឹមថានឹងបានជួបស្វាមីម្ដងទៀត។
អ្នកស្រីបាននិយាយថា៖ «ដូចជាជនរងគ្រោះទាំងអស់ គ្រួសារនៃអ្នកបាត់ខ្លួន យើងអធិស្ឋាន យើងសង្ឃឹម។ វាគឺជាក្តីសង្ឃឹមថា ខ្ញុំនឹងរកឃើញគាត់ ហើយគាត់នឹងត្រឡប់មកវិញដែលធ្វើឱ្យខ្ញុំបន្តការភ្ញាក់ពីដំណេកជារៀងរាល់ព្រឹកនិងព្យាយាមបន្តរស់នៅ បន្តជីវិតរបស់ខ្ញុំ»៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង