រដ្ឋ​សភា​អនុម័ត​វិសោធន​កម្ម​ច្បាប់​នយោបាយ​ថ្មី​ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​វិល​ចូល​ឆាក​នយោបាយ​វិញ

រូបឯកសារ៖ សមាជិកនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ និងអ្នកគាំទ្រគណបក្សប្រឆាំងមួយនេះ កំពុងជួបជុំគ្នានៅមុខ​តុលាការឧទ្ធរណ៍ទាមទារឲ្យមានការដោះលែងលោកកឹម សុខា រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

អតីត​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​ចំនួន​១១៨​រូប ​នឹង​អាច​ត្រឡប់​មក​ធ្វើ​នយោបាយ​វិញ​ ​បន្ទាប់​ពី​រដ្ឋ​សភា​បាន​ធ្វើ​ការ​ប្រជុំ​ពិភាក្សា​អនុម័ត​វិសោធន​កម្ម​មាត្រា​៤៥​ថ្មី​(ស្ទួន)​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បរធន​បាល​កិច្ច​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​រដ្ឋ​សភា​ឯកបក្ស​ដែល​មានតែ​តំណាងរាស្ត្រ​របស់​បក្ស​កាន់​អំណាច​បាន​ពិភាក្សា​និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​មាត្រា​៤៥​ថ្មី​ (ស្ទួន)​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ​ដែល​គេ​រំពឹង​ថា ​នឹង​អាច​ជួយ​បើក​ផ្លូវ​ឱ្យ​អ្នក​នយោបាយ​នៃ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប អាច​វិល​ចូល​ឆាក​នយោបាយ​ឡើង​វិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៣​ ខែធ្នូ ឆ្នាំ​២០១៨ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖

«យោង​តាម​សេចក្តី​ថ្លែង​ហេតុ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធន​កម្ម​មាត្រា​៤៥​ថ្មី​(ស្ទួន)​ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ត្រូវ​បានធ្វើ​ឡើង​ដើម្បី​ធានា​ភាពច្បាស់​លាស់​អំពី​បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​ ​និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​នេះ ស្រប​តាម​គោល​ការណ៍​នីតិរដ្ឋ​ដើម្បី​លើក​កម្ពស់​ស្មារតី​បង្រួប​បង្រួម​ជាតិ​ ​ក៏ដូច​ជា​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា»។

តំណាងរាស្រ្ត​ចំនួន​១១៨​រូប​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ជា​គូ​ប្រជែង​ធំ​មួយ​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន​ ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៧​ ​ត្រូវ​បាន​តុលាការ​ដក​ហូត​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ។​ ​ការ​ដក​ហូត​សិទ្ធិ​នយោបាយ​ ​និង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​នេះ​បាន​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ឈ្នះ​និង​ដឹក​នាំ​ប្រទេស​កម្ពុជា​ដោយ​ឯកបក្ស ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៨។​ ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​រង​ការ​រិះគន់​ និង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​បស្ចឹម​ប្រទេស​ និង​ទាមទារ​ឱ្យ​មាន​ការ​បើក​សិទ្ធិ​សេរីភាព ​និង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​សម្រាប់​មន្ត្រី​បក្ស​ជំទាស់។

​លោក​ហ៊ុន​ ​សែន​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃពុធ​ថា ​ច្បាប់​នេះ​គឺ​សម្រាប់​គ្រប់​បក្ស​នយោបាយ​ទាំង​អស់​ ​ហើយ​អតីត​មន្ត្រី​បក្សសង្គ្រោះ​ជាតិ​ត្រូវ​ដាក់​លិខិត​ស្នើ​មក​លោក​ដើម្បី​ទទួល​បាន​នីតិសម្បទា​ពី​ព្រះមហាក្សត្រ​ឡើង​វិញ​ ​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ ​ប្រសិន​បើ​ពួក​គេ​ចង់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

«នៅ​ពេល​ច្បាប់​ចូល​ជា​ធរមាន​ ​ក្នុង​ឋានៈ​ខ្ញុំ​ជា​នាយក​រដ្ឋ​មន្រ្តី ​ខ្ញុំ​ត្រៀម​នឹង​ទទួល​យកៗ នូវ​សំណើ​របស់​សាម៉ី​ជន​ម្នាក់ ​មិន​តំណាង​ឲ្យ​បក្ស​នយោបាយ​ណា​មួយ​មក​ស្នើ​ទេ»។​

យោង​តាមច្បាប់​ស្តី​ពី​គណ​បក្ស​នយោបាយ​ ​បុគ្គល​ដែល​ត្រូវ​បាន​តុលាការដក​ហូត​សិទ្ធិ​នយោបាយ​ អាច​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើង​វិញ​តាម​ការ​ផ្តល់​នីតិសម្បទា​ ​ដោយ​ព្រះមហាក្សត្រ​ ​ក្រោម​ការ​ស្នើ​សុំដោយ​នាយក​រដ្ឋ​មន្ត្រី​ ឬ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​មហា​ផ្ទៃ។​

យ៉ាង​ណា​ក៏​ដោយ​ លោកសម រង្ស៊ី​ ​កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៣​ ខែធ្នូនេះ ​បាន​ធ្វើ​ការ​អំពាវនាវ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោកថា​ ហាម​មិន​ឲ្យ​អ្នក​តំណាងរាស្រ្ត​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ចាញ់​«ការ​បោក​កញ្ឆោត​ និង​ការ​សម្លុត»​របស់​លោក​ ​ហ៊ុន សែន។​

លោក​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ដូច្នេះ​ថា៖​

«អ្នក​ដែល​ទទួល​សិទ្ធិ​ពី​ហ៊ុន សែន​ ឲ្យ​ធ្វើ​នយោបាយ​តទៅ​ទៀត​ ​ក៏​មិន​ដឹង​ជា​ធ្វើ​នយោបាយ​យ៉ាង​ម៉េច​ទេ​ ​ក្នុង​គ្រា​ដែលគណបក្ស​សង្គ្រោះ​ជាតិត្រូវ​គេ​រំលាយ​ ​ហើយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​កឹម សុខា​ ត្រូវ​គេ​ចាប់​ឃុំឃាំង។ ដូច្នេះ​ សម្រាប់​អ្នក​ដែល​ទទួល​សិទ្ធិ​ពី​ហ៊ុន​ ​សែន​ ​គ្មាន​ផ្លូវ​ណា​ធ្វើ​នយោបាយ​តទៅ​ទៀត ​ក្រៅពី​ទៅ​បម្រើ​នយោបាយ​ហ៊ុន​ ​សែន ដោយ​ផ្ទាល់​ ​ឬ​ដោយ​ប្រយោល»។​

រហូត​មក​ទល់​ពេល​នេះ​ ​មាន​អតីត​អ្នក​នយោបាយ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយមួយ​ចំនួន​កំពុង​ត្រៀម​ខ្លួន​ដាក់​ពាក្យ​មក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដើម្បី​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ។​

លោកគង់ គាំ​ ​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី​ ​និង​ជាទី​ប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​និយាយ​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​មាន​ក្តី​រីករាយ​ដោយ​បាន​ទន្ទឹង​រង់​ចាំ​ឱកាស​ដើម្បី​ចូល​បម្រើ​លទ្ធិ​ប្រជាធិបតេយ្យ​វិញយូរ​មក​ហើយ។

«ការ​ទន្ទឹង​ចង់​បន្ត​ដង្ហើម​ដល់​កម្លាំង​ប្រជាធិបតេយ្យ​ហ្នឹង​ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទឹក​ចិត្ត​និង​ការ​រីករាយ​តាម​រយៈការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មីៗ​ហ្នឹង​បាទ»។​

លោក​បន្ត​ថា ​លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ ដើម្បី​ធ្វើ​តាម​នីតិ​វិធី​ដើម្បី​បាន​ទទួល​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​ ​Ted Yoho​ ​អ្នក​តំណាង​រាស្រ្ត​ប្រចាំ​រដ្ឋ​ ​Florida​ ​នៃ​គណបក្ស​សាធារណរដ្ឋ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ ​VOA​ ​ថា​ សំណើ​វិសោធន​កម្ម​ច្បាប់​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​នយោបាយ​អតីត​បក្ស​ប្រឆាំង​១១៨​នាក់​វិល​ត្រឡប់​ទៅ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​ ​ជា​រឿង​ក្លែង​ក្លាយ​ ហើយ​គ្រាន់​តែ​ជា​ល្បែង​សម្រាប់​លោកហ៊ុន សែន​ ប៉ុណ្ណោះ។​

លោក​បាន​ប្រាប់​ ​VOA​ ​យ៉ាង​ដូច្នេះ៖​

«ខ្ញុំគិត​ថា​ វាជា​រឿង​ក្លែងក្លាយ​ទេ។​ ​ចំពោះ​លោក​ ​ហ៊ុន សែន ​ដែល​ធ្វើ​ដូច្នេះ​ក្រោយ​ពី​ការ​បោះឆ្នោត​ចប់​ហើយ​ គឺ​គាត់​គ្មាន​ចាញ់​អ្វីទេ​ ​ពីព្រោះ​គ្មាន​ការ​បោះឆ្នោត​ទេ​ ​ហើយ​គាត់​អាច​ទាមទារ​រក​ភាព​ស្រប​ច្បាប់​ ដែល​បាន​ជាប់​ឆ្នោត​ជាថ្មី​ បើ​ទោះ​ជា​គាត់​បាន​បណ្តេញ​បក្ស​ប្រឆាំង​ចេញពី​ប្រទេស​ ឬ​ដាក់គុក​អ្នក​ដែល​នៅ​ក្នុង​ប្រទេស។​ ​ហើយ​រឹតត្បិត​បណ្តាញ​សារ​ព័ត៌មាន»។​

ជាមួយ​គ្នា​នោះ​ដែរ ឆ្លើយ​តប​ទៅ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(ស្ទួន)​ ​សភា​អាស៊ាន​ដើម្បី​សិទិ្ធ​មនុស្ស​ បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​ព្យាយាម​កែប្រែ​ច្បាប់​នេះ​ជា​ឥរិយាបថ​ក្លែងក្លាយ​មួយ​ទៀត​របស់​លោកហ៊ុន សែន​ ​និង​រដ្ឋាភិបាល​របស់​លោក​ ដើម្បី​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ​ ​ហើយ​ការ​ហាម​ឃាត់​នេះ​មិន​គួរ​ត្រូវ​បាន​ដាក់​ចេញ​តាំង​ពី​ដំបូង​ម៉្លេះ។

លោក​ Charles Santiago​ ​ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទិ្ធ​មនុស្ស​នៅ​ម៉ាឡេស៊ី​ ត្រូវ​បាន​គេ​ស្រង់​សម្តី​ដើម​យ៉ាង​ដូច្នេះ៖

«នេះ​ជាក់ស្តែង​ណាស់​ជា​សម្បទាន​តូច​មួយ​ទៀត​ ដើម្បី​កាត់​បន្ថយ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​អត្ថ​ប្រយោជន៍​ពាណិជ្ជ​កម្ម​ ដោយសារ​តែ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​យ៉ាង​ឃោរឃៅ​របស់​ខ្លួន។​ ​សហគមន៍​អន្តរជាតិ​គួរ​តែ​បន្ត​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ធំ​បន្ថែម​ទៀត​ រួម​មាន​ការ​ដោះ​លែង​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ គឺ​លោក​កឹម សុខា​ ភ្លាមៗ​ដោយ​គ្មាន​លក្ខខណ្ឌ​ ​ការ​ត្រឡប់​មក​វិញ​នូវ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ទាំងអស់​ ​ក៏​ដូចជា​ការ​បោះឆ្នោត​មួយ​ដោយ​សេរី​និង​យុត្តិធម៌។ បើ​សិន​ជា​ការណ៍​ទាំង​នេះ​មិន​អាច​សម្រេច​បាន​ទេ​ ​វិសោធន​កម្ម​ច្បាប់​ថ្ងៃ​នេះ​នឹង​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​ក្នុង​រយៈពេល​យូរ»។​

ទោះ​យ៉ាង​ជា​មាន​ការ​រិះគន់​យ៉ាងណា​ ក្រោយ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​មាត្រា​៤៥​ថ្មី(ស្ទួន)​ ​សភា​ជាតិ​នឹង​បញ្ជូន​ច្បាប់​នេះ​ទៅ​កាន់​ព្រឹទ្ធ​សភា​ដើម្បី​ពិនិត្យ​និង​អនុម័ត​បន្ត​ ​មុន​បញ្ជូន​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​និង​អង្គ​ព្រះ​មហា​ក្សត្រ​ ​ដើម្បី​ដាក់​ឱ្យ​ដំណើរការ​វិសោធន​កម្ម​ថ្មី​នេះ៕