យ៉ាងហោចណាស់មានមនុស្ស៤០នាក់ ក្នុងដែនដី Gaza និងក្រុងហ្ស៊េរុយសាឡិម (Jerusalem) ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាមួយរវាងក្រុម Hamas និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល ដែលបានកើតឡើងកាលពីថ្ងៃពុធ។
ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារតាមផ្លូវអាកាសជាថ្មីទៅលើតំបន់ Gaza កាលពីព្រឹកព្រលឹមថ្ងៃពុធ ដោយសំដៅទៅលើគោលដៅប៉ូលិស និងទីតាំងកងសន្តិសុខនានា។ អគារលំនៅដ្ឋាននិងការិយាល័យធ្វើការមួយកន្លែង បានបាក់រលំដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ពុំមានមនុស្សណាម្នាក់ស្ថិតក្នុងអគារ ដែលទទួលរងការវាយប្រហារនោះទេ។
ការវាយប្រហារតាមផ្លូវអាកាសនេះ ដែលអ៊ីស្រាអែលថា សំដៅទៅលើគោលដៅទីតាំងបាញ់គ្រាប់រ៉ុក្កែត ការិយាល័យចារកម្ម និងផ្ទះរបស់មេដឹកនាំក្រុម Hamasនោះ បានសម្លាប់មនុស្សចំនួន៣៥នាក់ ដែលរួមមានកុមារចំនួន១០នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលក្នុងតំបន់ Gaza។ មនុស្សប្រមាណ២០០នាក់ ទៀត បានរងរបួសក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល។
ទន្ទឹមនឹងនេះដែរ ជនជាតិអ៊ីស្រាអែល៥នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារគ្រាប់រ៉ុក្កែតរបស់ក្រុម Hamas កាលពីថ្ងៃអង្គារ និងព្រលឹមថ្ងៃពុធ ដែលក្នុងនោះក៏មានមនុស្ស២នាក់ ក្នុងទីក្រុង Ashkelon។
ក្រុម Hamas បានបាញ់គ្រាប់រ៉ុក្កែតប្រមាណ៥០០គ្រាប់ទៅលើទីក្រុង Tel Aviv របស់អ៊ីស្រាអែល និងតំបន់ជាប់នោះ ចាប់តាំងពីថ្ងៃចន្ទកន្លងទៅ ដែលក្នុងនោះរួមមានគ្រាប់មីស៊ីលចំនួន១៣០គ្រាប់នៅយប់ថ្ងៃអង្គារ ដែលជាការឆ្លើយតបទៅនឹងការបំផ្លាញអគារដែលរលំដោយការវាយប្រហារពីអ៊ីស្រាអែលនោះ។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនិងការបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុម Hamas ដែលបណ្តាលឲ្យមានមនុស្សស្លាប់នេះ ជាការវាយប្រហារគ្នាដ៏ធ្ងន់ធ្ងរបំផុតមួយរវាងក្រុមសកម្មប្រយុទ្ធរបស់ប៉ាឡេស្ទីន និងកងកម្លាំងរបស់អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមក្នុងតំបន់ Gaza ក្នុងឆ្នាំ២០១៤មក។ ការវាយប្រហារនេះកើតឡើង ដោយសារការបះបោរ ជុំវិញការគ្រប់គ្រងទីក្រុងហ្ស៊េរុយសាឡិម និងការប៉ុនប៉ងរបស់អ្នកតាំងទីលំនៅជនជាតិជ្វីស ដែលចូលគ្រប់គ្រងសហគមន៍អារ៉ាប់នៅទីនោះ៕