មន្រ្តីសុខាភិបាលចិន បានប្រកាសកាលពីថ្ងៃពុធថា មេរោគរលាកសួតថ្មី បានសម្លាប់មនុស្ស១៧នាក់នៅក្នុងប្រទេស ជាការកើនឡើងយ៉ាងខ្លាំងមកពីការស្លាប់ចំនួន៩នាក់ដែលត្រូវបានគេរាយការណ៍កាលពីដំបូង។
ការប្រកាសនេះ បានត្រូវធ្វើឡើងដោយគណៈកម្មការសុខាភិបាលរបស់ចិន។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានរដ្ឋដែលបានដកស្រង់សម្តីពីពួកមន្រ្តីខេត្ត។
ពួកអាជ្ញាធរ បាននិយាយថា ការស្លាប់នេះបានកើតមានឡើងនៅក្នុងខេត្តហ៊ូបេនៃប្រទេសចិនហើយមានការឆ្លងមេរោគចំនួន៤៤០ករណីនៅក្នុងខេត្តចំនួន១៣។
ចំនួនមនុស្សស្លាប់កាន់តែច្រើនឡើង បានត្រូវប្រកាសនៅពេលដែលអង្គការសុខភាពពិភពលោក បានធ្វើកិច្ចប្រជុំជាបន្ទាន់កាលពីថ្ងៃពុធស្តីពីការផ្ទុះឡើងនូវមេរោគរលាកសួតថ្មីនោះ ដែលបានធ្វើឲ្យមនុស្ស៤៤០នាក់ធ្លាក់ខ្លួនឈឺនៅក្នុងប្រទេសចិននិងប្រទេសផ្សេងៗទៀត។
ទីភ្នាក់ងារសុខាភិបាលពិភពលោក បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងពិចារណាថាតើការផ្ទុះឡើងនូវជំងឺនេះដែលមានប្រភពនៅក្នុងទីក្រុងវូហាននៃប្រទេសចិន ត្រូវប្រកាសភាពអាសន្នខាងសុខភាពសាកលដែរឬទេ?។
មន្រ្តីចិន បានជំរុញឲ្យពលរដ្ឋនៅក្នុងក្រុងវូហានបញ្ចៀសការប្រមូលផ្តុំគ្នាជាហ្វូងៗ នៅពេលដែលចំនួននៃមនុស្សស្លាប់និងឆ្លងបានបន្តកើនឡើង។
បុគ្គលិកសុខាភិបាល១៥នាក់ បានស្ថិតនៅក្នុងចំណោមអ្នកដែលបានឆ្លងមេរោគរលាកសួតថ្មីនោះដែលបានរាលដាលពីទីក្រុងវូហានទៅក្នុងទីក្រុងប៉េកាំង សៀងហៃនិងខេត្តកងទុង និងប្រទេសជប៉ុន កូរ៉េខាងត្បូង ថៃកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក បានប្រកាសករណីលើកដំបូងកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋវ៉ាស៊ីនតោនភាគពាយ័ព្យ។ មន្រ្តីសុខាភិបាលនៅទីនោះ បាននិយាយថា បុរសដែលទើបត្រឡប់មកពីទីក្រុងវូហ៉ាននៃប្រទេសចិនទៅកាន់ក្រុង Seattle រដ្ឋវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពល្អដោយមានជំងឺរលាកសួត៕