ការ​ស្លាប់​​របស់​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​ម្នាក់​ទៀត​ក្នុង​ប្រទេស​ថៃ​បង្កើន​ការ​ភ្ញាក់​ផ្អើល

  • Ron Corben

រូបថតឯកសារ៖ ក្រុមបាតុករប្រឆាំង​រដ្ឋា​ភិបាល​ថៃ​លើក​ទង់​ជាតិ​នៅ​ជុំវិញ​របង​នៃ​អាគារ​រដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក​ កាល​ពីថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ២០១៣។

អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ថៃ​កំពុង​អំពាវនាវ​ឲ្យរដ្ឋាភិបាល​ថៃផ្តល់​កិច្ច​ការ​ពារ​កាន់​តែ​ខ្លាំង​ឡើង បន្ទាប់​ពី​ការ​សម្លាប់​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​ទៀតក្នុង​តំបន់​ខាង​ត្បូង​ប្រទេស​ថៃ។​

លោក ​Chai Bunthonglek ​អាយុ​៦៥​ឆ្នាំ​ ដែល​ជា​អ្នក​ធ្វើ​យុទ្ធនា​ការណ៍ដើម្បី​សិទ្ធិ​ដីធ្លី​មូលដ្ឋាន​ម្នាក់​ ត្រូវបាញ់​សម្លាប់​ដោយ​ឧក្រិដ្ឋ​ជន​ ដែល​បាន​មក​ផ្ទះ​របស់​លោក​កាល​ពីល្ងាច​ដើមសប្តាហ៍​មុន​ ដោយ​បាន​បាញ់​លោក​ជា​ច្រើន​គ្រាប់មុន​ពេល​រត់​គេច​ខ្លួន​ដោយ​ជិះម៉ូតូ។​

លោក ​Chai ​បាន​ស្លាប់​ភ្លាមៗ ​ដែល​ធ្វើ​ឲ្យ​លោក​បាន​ក្លាយ​ជា​អ្វី​ដែល​ក្រុម​សិទ្ធិ​មនុស្សថៃ​និយាយ​ថា ​ជា​សកម្មជន​សិទ្ធិ​ដី​ធ្លី​ទី​៤ ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​ចាប់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១៤​មក។​

​សកម្ម​ជន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ រួមមាន​មេធាវី​ម្នាក់​ដែល​តំណាងឲ្យ​ពួក​កសិករ​គ្មាន​ដី​ធ្លី​ មេ​ដឹកនាំ​ការ​តវ៉ាប្រឆាំង​នឹង​អាជីវ​កម្ម​អណ្តូងរ៉ែ ​ហើយ​នឹងអ្នក​រៀប​ចំ​ចាត់​ចែង​ការ​អំពាវនាវឲ្យ​មាន​ការ​ស៊ើប​អង្កេត​តាម​ផ្លូវ​ច្បាប់​ក្នុង​រឿង​ចម្ការ​ដូង​ប្រេង។​

លោកស្រី​ Angkhana Neelapaichi ​សកម្ម​ជន​សិទ្ធិ​មនុស្ស ដែល​ប្តី​របស់​លោកស្រី​ជា​មេធាវី​ដែល​បាន​ត្រូវ​គេ​ចាប់​ពង្រត់ហើយ​បាន​បាត់​ខ្លួន​តាំងពីឆ្នាំ​២០០៤​មក​នោះ​ ​និយាយ​ថា ​ការ​សម្លាប់​លោក ​Chai ក្នុង​ខេត្ត ​Surat Thani ​នៅ​ភាគ​ខាង​ត្បូង​ប្រហាក់​ប្រហែល​គ្នានឹង​ការ​សម្លាប់ពួក​សកម្មជន​ដែល​ត្រូវ​បាន​គេ​គំរាម​កំហែង​ ​ឬ​សម្លាប់​ដោយសារបញ្ហា​ដី​ធ្លី​ ឬ​ធនធាន​ធម្ម​ជាតិ​ផ្សេង​ទៀត​ដែរ។​

«ខ្ញុំ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ ពីព្រោះ​ការ​សម្លាប់​នេះ​បាន​កើត​មាន​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ហើយ​យើង​គ្មាន​យន្តការ​ដើម្បី​ការពារ ​ហើយ​ជា​ពិសេស​រឿង​បែប​នេះបាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល។​ ខេត្ត ​Surat Thani ​មិន​នៅ​ឆ្ងាយ​ទេ ​ក៏​ប៉ុន្តែ​ការ​សម្លាប់​បាន​កើត​មាន​ឡើង​ ​នៅពេល​ដែល​មនុស្ស​ព្យាយាម​ការពារ​ធន​ធាន​ធម្ម​ជាតិ‍»។​

លោក​ស្រី Angkhana ​និយាយ​ទៀត​ថា ​មាន​បរិយាកាស​នៃ​ការ​ភ័យ​ខ្លាចក្នុង​សហគមន៍ ដោយ​មនុស្ស​ទំនង​ជា​នឹង​ធ្វើការ​រិះ​គន់​កាន់​តែ​តិ​ចទៅ​នៅ​ពេល​អនាគត។​

នៅ​ក្នុង​សហគមន៍ ​Khlong Sai Pattana ​របស់​លោក​ Chai​ នៅ​ក្នុង​ខេត្ត ​Surat Thani ​មាន​សកម្ម​ជន​ការពារ​សិទ្ធិ​ដី​ធ្លី​ចំនួន​៤​នាក់​បាន​ត្រូវ​គេ​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។​ ជម្លោះ​នោះ​ពាក់​ព័ន្ធក្រុម​ហ៊ុនដូង​ប្រេងដែល​មាន​កិច្ច​សន្យា​ជួល​ដី​ដែល​សហគមន៍​រស់​នៅ។​ ក៏​ប៉ុន្តែ​សិទ្ធិ​នេះ​បាន​ចប់​នៅ​ក្រោម​អតីត​រដ្ឋាភិបាលរបស់​នាយករដ្ឋ​មន្រ្តី​ Abhisit Vejjajiva ​ដែលកាល​ពី​ជាង​៤​ឆ្នាំ​មុន​បាន​គាំទ្រ​សិទ្ធិ​របស់​សហគមន៍​រស់​នៅលើ​ទឹក​ដី​របស់​ខ្លួន។​

ការ​សម្លាប់បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០១០ ​ដោយ​ការ​ធ្វើ​ឃាត​សកម្ម​ជន​មូលដ្ឋាន​ម្នាក់។​ បន្ទាប់​ពី​ការ​សម្លាប់​នេះ ​ក៏​មាន​ការ​សម្លាប់មួយ​ទៀត​ដែល​បាន​កើត​មាន​ឡើងក្នុង​ឆ្នាំ​២០១២​ ដោយ​ការបាញ់​សម្លាប់​ស្ត្រី​២​នាក់ទាំង​កណ្តាល​ថ្ងៃ​នៅពេល​ដែលពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្សារ​ក្នុង​មូលដ្ឋាន។​ ស្រ្តី​២​នាក់​នេះ​មក​ពី​សហព័ន្ធ​កសិករ​តំបន់​ខាង​ត្បូងនៃ​ប្រទេស​ថៃ។​

អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch​ ដែល​មាន​ទី​តាំង​ក្នុង​សហ​រដ្ឋ​អាមេរិក​ ​បាន​ចោទ​ប្រកាន់​ថា​ រដ្ឋាភិបាល​ថៃ​ខក​ខាន​មិន​បាន​ការពារ ហើយ​មិន​បាន​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារប្រឆាំង​សកម្ម​ជន​មូលដ្ឋាន។​

អង្គការ​វេទិកាអាស៊ី​សម្រាប់​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍន៍​ បាន​និយាយ​ថា ​មាន​ការ​រំខាន​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង​ខាងសន្តិសុខ​សម្រាប់​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ថៃ ​ជាពិសេស​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​ខាង​សិទ្ធិ​ដី​ធ្លី។​

លោក​ Pimsiri Petchnarob ​នាយក​កម្មវិធីតំបន់​អាស៊ី​ខាង​កើត​នៃ​អង្គការ​វេទិកា​អាស៊ី ​បាន​និយាយ​ថា ​ការ​សម្លាប់​នេះ​បាន​បង្ហាញបន្ថែម​ទៀតពី​បរិយាកាស​នៃ​ការ​គ្មាន​ទោស​ពៃរ៍គឺនិទណ្ឌភាព។​

«ក្រុមហ៊ុន​ ឬ​មនុស្ស​ដែល​ធ្វើ​ឃាត​អ្នកការ​ពារ​សិទ្ធិ​មនុស្សដឹង​ថា ​ទោះ​បីជា​ពួក​គេ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ដ៏​ធ្ងន់​ធ្ងរ​បែប​នេះប្រឆាំង​ពួក​សកម្ម​ជន​សិទ្ធិ​ដី​ធ្លី​ក៏​ដោយ ​ ក៏​ពួកគេ​នឹង​អាច​គ្មាន​ទោស។​ រដ្ឋាភិបាល​និង​ប៉ូលិស​ត្រូវ​តែ​នាំ​ពួក​ឧក្រិដ្ឋ​ជន​ឡើង​តុលាការ ​ហើយ​ពួកគេ​ត្រូវ​បង្ហាញថា ​គេ​នឹង​មិន​អត់ឱនដល់​និទណ្ឌភាពនេះ​ទេ។ ដោយសារតែ​ឃាតករ​យល់​ដូច្នេះ​ហើយ​បាន​ជា​ឃាតកម្ម​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់‍»។​

ការិយាល័យ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សតំបន់​អាស៊ី​អាគ្នេយ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ ​បាន​អំពាវនាវឲ្យ​រដ្ឋាភិបាល​ថៃស៊ើប​អង្កេត​ជា​បន្ទាន់នូវការ​ធ្វើ​ឃាត​លោក ​Chai ​ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិធានការ​សន្តិសុខ​សម្រាប់​សមាជិក​សហគមន៍។​

ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ ក្នុង​ប្រទេស​ថៃ ​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក ​ពួក​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស​ និងពួក​អភិរក្ស​និយមជាង​៣០​នាក់​បាន​ត្រូវ​សម្លាប់​ ហើយប៉ូលិស ​ធ្វើ​ការចោទ​ប្រកាន់​ជន​សង្ស័យ​មិនដល់​២០​ភាគរយ​ផងទេនៃ​រឿង​ក្តី​ទាំង​នោះ៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន​