ព្យុះ​ស៊ីក្លូន​បាន​សម្លាប់​មនុស្ស​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​អាហ្វ្រិក

កសិករ​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វាល​ស្រែ​មួយ​នៅ​ក្បែរ​ភូមិ Botor សាធារណរដ្ឋ Somaliland កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦។

មនុស្ស​យ៉ាង​ហោច​ណាស់​២២​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​អ្នក​ផ្សេង​ទៀត​នៅ​កំពុង​បាត់​ខ្លួន​នៅ​ឡើយ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បណ្តាល​មក​ពី​ព្យុះ​ស៊ីក្លូន​នៅ​អាហ្វ្រិក។

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​១៥​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់ Awdal ដែល​ស្ថិត​ក្នុង​សាធារណរដ្ឋ Somaliland ដែល​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង។ នេះ​បើ​យោង​តាម​លោក Abdirahman Ahmed Ali ដែល​ជា​អភិបាល​តំបន់​នេះ ខណៈ​ដែល​មនុស្ស​ផ្សេង​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ក្រុង Berbera នៃ​តំបន់ Sahil។ ​

លោក Ali បាន​និយាយ​ថា របាយការណ៍​នោះ​គឺ​ជា​របាយការណ៍​បឋម​នៅ​ឡើយ​ទេ ហើយ​តួលេខ​របស់​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​បន្ត​ទៀត ខណៈ​ដែល​ពួកគេ​ព្យាយាម​ទៅ​កាន់​តំបន់​ដាច់ស្រយាល​ដែល​រងផល​ប៉ះពាល់​ពី​ភ្លៀង​ធំ​នោះ។

ជនរងគ្រោះ​ភាគច្រើន​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​ទឹក​ជំនន់​កួច​យក​ទៅ។ នេះ​បើយោង​តាម​សម្តី​របស់​ពលរដ្ឋ​រស់​នៅ​ទីនោះ។

ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង Baki នៃ​តំបន់ Awdal និយាយ​ថា ពួកគេ​បាន​កត់ត្រា​អ្នក​ស្លាប់​ចំនួន​៤​នាក់ ដែល​ក្នុង​នោះ​៣​នាក់​ត្រូវ​បាន​ទឹក​ជំនន់​កួច​យក​ទៅ​បាត់ ខណៈ​ដែល​ជនទី​៤​បាន​ស្លាប់​ដោយសារ​តែ​ផ្ទះ​បាក់​សង្កត់​ពី​លើ។

លោក Mohamed Aw Ahmed Ateye គឺ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ក្នុងក្រុង Baki។ លោក​បាន​ថ្លែង​ប្រាប់ VOA សូម៉ាលី​ថា «មាន​ការ​បាត់បង់​ជីវិត​មនុស្ស​យ៉ាង​ច្រើន ហើយ​ទ្រព្យ​សម្បត្តិ​ក៏​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ផង​ដែរ‍»។

លោក Ateye បាន​រាយការណ៍​ថា ផ្ទះ​ចំនួន​៤១​ខ្នង​នៅ​ក្នុង​ក្រុង​បាន​រលំ ខណៈ​ដែល​ផ្ទះ​៣០​ខ្នង​ផ្សេង​ទៀត​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្នុង​ក្រុង Harirad។ លោក​បាន​និយាយ​ថា កសិដ្ឋាន​ចំនួន​១៤០​ក៏​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ផង​ដែរ៕