ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​រុស្ស៊ី​លើ​ទីក្រុង​កៀវ​សម្លាប់​​មនុស្ស​យ៉ាង​តិច ៣ នាក់

មន្ត្រីប៉ូលិសពិនិត្យទីតាំងនៃការបាញ់មីស៊ីលរបស់រុស្ស៊ី នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ទីក្រុង​កៀវ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣ នាក់ និង​ធ្វើ​ឱ្យ​មនុស្ស ១០ នាក់​ទៀត​រង​របួស។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ខ្លួន​បាន​បាញ់​ស្ទាក់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ទាំង ១០ គ្រាប់​របស់​រុស្ស៊ី។

មន្ត្រី​ទីក្រុង​កៀវ​បាន​និយាយ​ថា កម្ទេចកំទី​បាក់បែក​នៃ​មីស៊ីល​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​អគារ​ស្នាក់នៅ​មួយ​ចំនួន គ្លីនិក​វេជ្ជសាស្ត្រ​មួយ​កន្លែង និង​បំពង់​ទឹក​មួយ​ខ្សែ។

រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ជា​ញឹកញាប់​លើ​ទីក្រុង​កៀវ​នៅ​ក្នុង​ខែ​ឧសភា​ ស្រប​ពេល​អ៊ុយក្រែន​ត្រៀម​ធ្វើ​ការ​វាយ​បក​ដែល​គ្រោង​ទុក​ដើម្បី​ព្យាយាម​ដណ្ដើម​មក​វិញ​នូវ​ដែនដី​ដែល​កងទ័ព​រុស្ស៊ី​បាន​ដណ្ដើម​កាន់កាប់​ តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ធ្វើ​ការ​ឈ្លានពាន​ពេញ​ទំហឹង​លើ​អ៊ុយក្រែន​កាលពី​ដើម​ឆ្នាំ​មុនមក។

លោក Vyacheslav Gladkov អភិបាល​តំបន់ Belgorod នៃ​ប្រទេស​រុស្ស៊ី​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​បាញ់​ផ្លោង​កាលពី​យប់​មិញ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស​នៅ​ក្នុង​ក្រុង Shebekino។

លោក Gladkov បាន​បញ្ជាក់​តាម Telegram ថា ការ​វាយ​ប្រហារ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​អគារ​មួយ​ចំនួន​ផង​ដែរ។ លោក​បាន​ចោទ​កងទ័ព​អ៊ុយក្រែន​ថា​ជា​អ្នក​ប្រព្រឹត្ត។

នៅ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ (NATO) បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើន​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​អ៊ុយក្រែន​និង​អំពី​បំណង​ប្រាថ្នា​របស់​អ៊ុយក្រែន​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ស្នើ​ឱ្យ​អង្គការ​អូតង់​ផ្ដល់​សមាជិកភាព​ដល់​ប្រទេស​របស់​លោក​ឱ្យ​បាន​លឿន ប៉ុន្តែ​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា រឿង​សមាជិកភាព​របស់​អ៊ុយក្រែន​ក្នុង​អង្គការ​អូតង់​នេះ​គឺ «មិន​ស្ថិត​នៅ​លើ​របៀបវារៈ​ទេ» នៅ​ពេល​ដែល​សង្គ្រាម​នៅ​កំពុង​បន្ត៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters