មុនពេលប្រទេសជាច្រើននៅជុំវិញពិភពលោកនឹងប្រារព្ធទិវាប្រជាធិបតេយ្យអន្តរជាតិ នៅថ្ងៃទី១៥ ខែកញ្ញាដែលត្រូវបានតាក់តែងឡើងដោយអង្គការសហប្រជាជាតិ សកម្មជនសិទ្ធិមនុស្ស និងអ្នកតាមដានស្ថានភាពនយោបាយកម្ពុជា បានកត់សម្គាល់ថា ការអនុវត្តសិទ្ធិមូលដ្ឋានរបស់សកម្មជននយោបាយពីគណបក្សប្រឆាំង ការតស៊ូមតិរបស់ក្រុមអង្គការសង្គមស៊ីវិល និងសិទ្ធិបញ្ចេញមតិនិងសិទ្ធិប្រមូលផ្តុំគ្នាដោយសន្តិភាពរបស់ប្រជាពលរដ្ឋ ត្រូវបានរឹតត្បិតកាន់តែខ្លាំងឡើងនៅកម្ពុជា។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានឲ្យដឹងថា លំហរនៃការបំពេញការងារលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយក្រុមអង្គការសង្គមស៊ីវិល កាន់តែចង្អៀតជាងមុន។
លោកបានប្រាប់ VOA ថា៖ «ខ្ញុំមើលទៅរដ្ឋាភិបាលសព្វថ្ងៃនេះ កាន់តែបង្កើនការរឹតបន្តឹង។ សព្វថ្ងៃនេះ អាជ្ញាធរគាត់ចាប់ផ្តើមតាក់តិចថ្មីនៅក្នុងការគំរាមកំហែងហ្នឹងណា ហើយជាពិសេសគឺអាជ្ញាធរបង្កើននូវការគ្រប់គ្រងនិងការជ្រៀតជ្រែកខ្លាំងជាងមុន សូម្បីតែការងារធម្មតាប្រចាំថ្ងៃរបស់អង្គការក្រៅរដ្ឋាភិបាល ដែលអាជ្ញាធរមិនដែលធ្វើពីមុន ឥឡូវចាប់ផ្តើមលូកដៃ ចាប់ផ្តើមជ្រៀតជ្រែក»។
លោក ប៉ា ងួនទៀង ក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលក្រុមអង្គការសង្គមស៊ីវិល ដែលបានជួបប្រទះនៅក្នុងអំឡុងឆ្នាំ២០១៩នេះ ក្នុងនោះរួមមានការតាមដានអត់ឈប់ឈរ និងការគំរាមកំហែងលើសកម្មជនរបស់អង្គការសង្គមស៊ីវិល ដែលភាគច្រើនធ្វើការបម្រើផលប្រយោជន៍ពលរដ្ឋ។ ជាក់ស្តែងរូបលោកផ្ទាល់ រួមជាមួយនឹងសកម្មជនការពារសិទ្ធិមនុស្ស ដូចជាលោក ធន់ សារាយ ស្ថាបនិកនៃអង្គការសិទ្ធិមនុស្សអាដហុក លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ត្រូវបង្ខំចិត្តនិរទេសខ្លួនរស់នៅក្រៅប្រទេសដោយសារការគំរាមកំហែងពីអាជ្ញាធរកម្ពុជា។
លោកបានលើកឡើងថា៖ «អាជ្ញាធរមូលដ្ឋានសួរនាំ បង្កើតភាពស្មុគស្មាញតែម្តង។ សួរនាំ អ្នកឯងមានច្បាប់ទម្លាប់ទេ? ហើយមានច្បាប់ហើយ សួរថា អ្នកឯងបានជូនដំណឹងទេ? អ្នកឯងមានឯកសារនេះទេ ឬនោះទេ? សុំមើលរបៀបវារៈប្រជុំ ល។ល។ ឧទាហរណ៍ ដូចសមាគមកសិករមួយ គ្រាន់តែគាត់បង្រៀនកសិករឲ្យចិញ្ចឹមមាន់ហ្នឹង ក៏ត្រូវបានអាជ្ញាធរហាមឃាត់ដែរ»។
យោងតាមសលាកបត្រព័ត៌មានចុះកាលពីចុងខែសីហារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឬហៅកាត់ថា (CCHR) សិទ្ធិប្រមូលផ្តុំដោយសន្តិភាពនៅកម្ពុជាត្រូវបានបំពាន ដោយការប្រើប្រាស់កងកម្លាំង និងការយាយីតាមប្រព័ន្ធតុលាការ។ សលាកបត្រព័ត៌មានដដែលនេះឲ្យដឹងទៀតថា ក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០១៩ អាជ្ញាធរកម្ពុជាបានរំលោភការអនុវត្តសិទ្ធិរបស់សកម្មជន និងប្រជាពលរដ្ឋក្នុងការប្រមូលផ្តុំគ្នាដោយសន្តិភាព ចំនួន៩៩ករណី។
ក្រៅពីសិទ្ធិប្រមូលផ្តុំដោយសន្តិភាព សិទ្ធិក្នុងការបញ្ចេញមតិក៏ត្រូវបានរឹតបន្តឹងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ ២០១៨មក។
ជាក់ស្តែង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានចាប់ខ្លួន និងសួរនាំ បន្ទាប់ពីពួកគេបានបញ្ចេញមតិនយោបាយដែលខុសពីនិន្នាការនយោបាយរបស់គណបក្សកាន់អំណាច។ កាលពីខែមីនាកន្លងទៅ បុរសម្នាក់ឈ្មោះ គង់ ម៉ាស់ ត្រូវបានសមត្ថកិច្ចនៅរាជធានីភ្នំពេញចាប់ខ្លួន បន្ទាប់ពីលោកបានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរិះគន់រដ្ឋាភិបាល ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស់នៃការដកឋានៈអនុគ្រោះពន្ធ EBA។
លោកស្រី មូ សុខហួរ អនុប្រធានម្នាក់នៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានប្រាប់ VOA ថា៖ «ការបញ្ចេញមតិ ទោះបីជាមតិនោះគាំទ្រ មតិផ្ទុយ មតិប្រឆាំង គឺជាសិទ្ធិ ហើយសិទ្ធិនេះគឺជាសិទ្ធិនៃមនុស្សដែលកើតមកត្រូវតែមានមតិ។ ពេលណាយើងអត់បញ្ចេញមតិ អារម្មណ៍យើងនឹងស្លាប់។ បើសិនជាអារម្មណ៍យើងនឹងស្លាប់ ប្រជាធិបតេយ្យនឹងស្លាប់»។
ស្របពេលជាមួយគ្នានេះ អង្គការសហប្រជាជាតិកំពុងតែឃ្លាំមើល និងកត់សម្គាល់ពីការធ្លាក់ចុះនៃសិទ្ធិសេរីភាពមូលដ្ឋាននៅកម្ពុជា ជាពិសេសសិទ្ធិនយោបាយ។
នាឱកាសបើកកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៩ ខែកញ្ញាក្នុងសប្តាហ៍នេះ លោកស្រី Michelle Bachelet ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានលើកឡើងថា លោកស្រីមានការព្រួយបារម្ភពីសិទ្ធិនយោបាយរបស់អតីតសកម្មជននយោបាយ និងអ្នកគាំទ្រគណបក្សប្រឆាំងនៅកម្ពុជា ដែលត្រូវបានតុលាការកំពូលរំលាយ កាលពីចុងឆ្នាំ២០១៧កន្លងទៅ។
លោកស្រីបានថ្លែងជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «នៅកម្ពុជា ស្របពេលដែលយើងទទួលស្គាល់ការសហការពីអាជ្ញាធរកម្ពុជាជាមួយនឹងការិយាល័យរបស់ខ្ញុំ ខ្ញុំនៅតែព្រួយបារម្ភពីការគាបសង្កត់ជាបន្តបន្ទាប់លើសមាជិក និងក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧»។
លោកស្រីបានបន្ថែមទៀតថា៖ «សិទ្ធិដើម្បីការអភិឌ្ឍន៍ចាំបាច់ត្រូវផ្តោតលើការចូលរួមរបស់មនុស្សគ្រប់រូបនៅក្នុងដំណើរការសេចក្តីសម្រេចចិត្ត ដែលក្នុងនោះរួមមានទាំងអ្នកដែលផ្តល់មតិរិះគន់ផងដែរ ហើយខ្ញុំជំរុញឲ្យរដ្ឋាភិបាល [កម្ពុជា] ចាត់វិធានការនានាដើម្បីធានាឲ្យមានការចរចាគ្នាដ៏ពិតប្រាកដ និងការគោរពសិទ្ធិសេរីភាពមូលដ្ឋាន»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រីពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី Bachelet ក៏បានកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ២០១៩មក ប៉ូលិសនិងតុលាការក្នុងប្រទេសកម្ពុជាបានចាប់ខ្លួនសួរនាំមនុស្សយ៉ាងហោចណាស់ ១៣០នាក់ ហើយយ៉ាងតិចសកម្មជននយោបាយនិងអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ២២នាក់ កំពុងជាប់ឃុំ ក្រោមការចោទប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយសារតែការបញ្ចេញមតិនយោបាយរបស់ពួកគេ។
ថ្មីៗនេះ លោក ហ៊ុន សុខគង់ សកម្មជនគណបក្សប្រឆាំងនៅខេត្តកំពង់ចាម ដែលជាអតីតមេឃុំបុសខ្នុរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទសមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ រីឯសកម្មជនគណបក្សសង្គ្រោះជាតិបីនាក់ទៀតនៅខេត្តកំពងធំ ក៏ត្រូវបានចាប់ខ្លួនសួរនាំ និងឃុំខ្លួនពីប្រមាថនាយករដ្ឋមន្ត្រី និងឃោសនានយោបាយឲ្យរង់ចាំទទួលការវិលចូលស្រុករបស់លោកសម រង្ស៊ី។
លោកស្រី មូ សុខហួរ អនុប្រធានម្នាក់នៃគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស បានថ្កោលទោសការបន្តចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជា ដោយអះអាងថា អ្នកទាំងអស់នេះជាពលរដ្ឋក្រីក្រដែលមានការឈឺចាប់ និងចង់បង្ហាញក្តីកង្វល់របស់ពួកគេពីអនាគតប្រទេសជាតិ។
លោកស្រីបានប្រាប់ VOA ថា៖ «ចំពោះខ្ញុំដែលជាអនុប្រធាននៃគណបក្សសង្គ្រោះជាតិ យើងមិនអាចទទួលយក និងអនុញ្ញាតបានជាដាច់ខាតនូវការចាប់ចងសកម្មជន ទោះបីជាសកម្មជននៃគណបក្សសង្គ្រោះជាតិក៏ដោយ។ ដូច្នេះ ការចាប់ចងឪពុក ការចាប់ចងម្តាយដែលជាមេគ្រួសារ វាធ្វើឲ្យមានការបាក់បែកទៅដល់កូនចៅ ទៅដល់គ្រួសារ ការបាត់បង់ការអប់រំដល់កុមារ រហូតដល់ត្រូវបង្ខំខ្លួនរត់ទៅធ្វើការងារនៅប្រទេសថៃ។ នេះគឺជាសោកនាដកម្មដ៏ធំធេងសម្រាប់គ្រួសារខ្មែរយើងណាស់»។
យ៉ាងណាមិញ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានច្រាលចោលការចោទប្រកាន់ដែលថាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាកំពុងត្រូវបានបំផ្លាញ ហើយក៏បានច្រានចោលការចោទប្រកាន់ពីការរឹតបន្តឹងរបស់អាជ្ញាធរកម្ពុជាលើការអនុវត្តសិទ្ធិមូលដ្ឋាននៅកម្ពុជា។
លោក សុខ ឥសាន សមាជិករដ្ឋសភាជាតិមកពីគណបក្សប្រជាជនកម្ពុជានិងជាអ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា ពលរដ្ឋនៅកម្ពុជាសព្វថ្ងៃនេះ«កំពុងតែបន្តជីវភាពរស់នៅដោយសន្តិភាព និងដោយភាពសម្បូរសប្បាយ មិនមានភាពចលាចលអ្វី» ដូចដែលការអះអាងថា កម្ពុជាគ្មានប្រជាធិបតេយ្យនោះទេ។ លោកក៏បានអះអាងបន្ថែមទៀតថា រដ្ឋាភិបាលស្វាគមន៍រាល់ការអនុវត្តសិទ្ធិក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ អំពីសកម្មភាពមិនប្រក្រតីទាំងឡាយណារបស់មន្ត្រីរដ្ឋាភិបាល។
លោកបានប្រាប់ VOA ថា៖ «គឺថារាជរដ្ឋាភិបាលលោកស្វាគមន៍ចំពោះប្រជាពលរដ្ឋដែលមានមតិ ហើយផ្តល់ព័ត៌មានបានទាន់ពេលវេលាចំពោះបាតុភាពអសកម្មទាំងឡាយណាដែលកើតឡើងចេញពីមន្ត្រី ពីព្រោះមន្ត្រីការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាចហ្នឹង គឺចង់ឲ្យគាត់ ឲ្យមន្ត្រីនីមួយៗ ម្នាក់ៗហ្នឹង បម្រើប្រជាជនដោយស្មោះស្ម័គ្រនៅក្នុងដួងចិត្ត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន មិនឲ្យប៉ះពាល់អ្វីដល់ផលប្រយោជន៍ ក៏ដូចជាសតិអារម្មណ៍ប្រជាជនទេ»។
ប៉ុន្តែលោកថា ការបញ្ចេញមតិទាំងនោះធ្វើយ៉ាងណាឲ្យស្របទៅតាមមាត្រាដែលមានចែងក្នុងច្បាប់កម្ពុជា។
លោក សុខ ឥសាន បានបន្តថា៖ «ពលរដ្ឋម្នាក់ៗមានសិទ្ធិបញ្ចេញមតិដោយសេរី ក៏ប៉ុន្តែលើកលែងតែកុំឲ្យប៉ះពាល់ដល់អ្នកដទៃ សេចក្តីថ្លៃថ្នូរ ឬមួយកិត្តិយសរបស់អ្នកដទៃ។ អាហ្នឹងបើប៉ះពាល់ហ្នឹង វាគងគ្នា កាលណាគងគ្នា វានាំឲ្យមានបដិវាទកម្ម មានទំនាស់ហើយ។ អីចឹងរដ្ឋធម្មនុញ្ញលោកចែងច្បាស់ណាស់»។
នៅឆ្នាំ២០១៩នេះ អង្គការ Freedom House ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានចាត់ទុកប្រទេសកម្ពុជាថា ជាប្រទេស«មិនមានសេរីភាព»។ អ្នកនាង Olivia Enos អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់នៃមូលនិធិ Heritage ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានកត់សម្គាល់ថា តាំងពីមុនការបោះឆ្នោតឆ្នាំ២០១៨ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានរងការគំរាមកំហែង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិ។
អ្នកនាងបានប្រាប់ VOA ថា៖ «ខ្ញុំយល់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងរង្គោះរង្គើ។ ហើយខ្ញុំគិតថា វាសំខាន់ណាស់ដែលសហរដ្ឋអាមេរិកបង្កើតគោលនយោបាយនានា ដែលអាចជួយពង្រីកលំហរសេរីភាពរបស់សង្គមស៊ីវិលនៅកម្ពុជា ជួយដល់ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាអកុសល ខ្ញុំគិតថា នាពេលនេះ ប្រជាពលរដ្ឋកម្ពុជាមិនអាចមានលទ្ធភាពក្នុងការបញ្ចេញមតិរបស់ពួកគេទេ»។
ទោះជាយ៉ាងណាមិញ នាឱកាសទិវាប្រជាធិបតេយ្យអន្តរជាតិឆ្នាំ២០១៩នេះ សកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា នៅតែបន្តសង្ឃឹមថា កម្ពុជាអាចនឹងវិលទៅរកការបើកចំហរឲ្យមានសិទ្ធិសេរីភាពមូលដ្ឋានពេញលេញជាងពេលបច្ចុប្បន្ននេះ ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងពិចារណាការអំពាវនាវជាច្រើនលើកជាច្រើនសាររបស់ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក និងសហគមន៍អន្តរជាតិ ធ្វើយ៉ាងណាឲ្យកម្ពុជាអាចវិលទៅរកគន្លងប្រជាធិបតេយ្យវិញ៕