ក្រោយបញ្ចប់សវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មុនការគ្រោងទុក មេធាវីម្នាក់របស់លោក កឹម សុខា គឺលោក ផែង ហេង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តុលាការបានប្រាប់មេធាវីឲ្យដាក់ឯកសារស្នើសុំបញ្ចាំងវីដេអូជាងមួយម៉ោង ដែលលោក កឹម សុខា បានស្នើសុំ ហើយប្រកាសបញ្ចប់ការសាកសួរនៅថ្ងៃនេះ។
លោកបានថ្លែងថា៖ «ចៅក្រមគាត់លើកហេតុផលថា ចាំឲ្យសហមេធាវីដាក់ឯកសារភស្តុតាង ឲ្យហើយមុនថ្ងៃ២០នេះសិន»។
សវនាការជំនុំជម្រះនឹងបន្តនៅសប្តាហ៍ក្រោយបន្តទៀត គឺនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ នេះបើតាមលោក ផែង ហេង។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់VOA កាលពីថ្ងៃអង្គារថា សវនាការជំនុំជម្រះក្តីលើលោក កឹម សុខា អាចប្រើរយៈពេលដល់ទៅ៣ខែ។
មេធាវីម្នាក់ទៀតរបស់លោក កឹម សុខា គឺលោកស្រី ម៉េង សុភារី បានថ្លែងថា វីដេអូនេះនឹងអាចត្រូវបញ្ចាំងនៅសវនាការសប្តាហ៍ក្រោយ។
លោកស្រីមានប្រសាសន៍ថា៖ «ឯកឧត្តម កឹម សុខា គាត់បានបញ្ជាក់នៅក្នុងអង្គសវនាការថា ទីមួយ គឺបញ្ហាវីដេអូដែលកាត់ត ថាជាវីដេអូដែលកាត់ត។ ហើយមួយទៀត លោកបានបញ្ជាក់ចំណុចកាត់ត គឺនៅត្រង់ណា។ គាត់ក៏បានបញ្ជាក់ផងដែរ ថាគាត់មិនបាននាំបរទេសណា មកឲ្យប្រទូសរ៉ាយ ឬក៏ឈ្លានពាននៅក្នុងប្រទេសកម្ពុជា មិនបានធ្វើឲ្យកម្ពុជា បាត់ទឹកបាត់ដី ឬមួយក៏នាំបរទេសមកឈ្លានពាននៅក្នុងប្រទេសកម្ពុជា»។
លោកស្រីបញ្ជាក់ថា៖ «គឺកាត់តពាក្យយុទ្ធសាស្រ្ត វាភ្ជាប់ជាមួយនឹងពាក្យខាងលើ មានប្រទេសយូហ្គោស្លាវី មានអី ប៉ុន្តែវាបាត់ខ្លឹមសារ មុនពាក្យហ្នឹងមកដល់។ អញ្ចឹងមុនពាក្យហ្នឹង អ្វីជាយុទ្ធសាស្រ្តរបស់គាត់ គឺបញ្ហារបស់ខ្មែរ ឃ្លាន ខ្លៅ ខ្លាច»។
បើតាមលោកស្រី ម៉េង សុភារី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តុលាការនៅបន្តសាកសួរអង្គហេតុពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៧ដដែល ដែលលោក កឹម សុខា បានធ្វើ។
លោកស្រីបញ្ជាក់ថា៖ «អំពើរបស់កូនក្តីរបស់ខ្ញុំគឺសុទ្ធតែជាអំពើដែលត្រឹមត្រូវស្របច្បាប់ គាត់ជាអ្នកប្រជាធិបតេយ្យ គាត់ប្រកាន់គោលការណ៍សិទ្ធិមនុស្ស ហើយនិងប្រជាធិបតេយ្យ គាត់មិនបានធ្វើបានធ្វើអំពើទាំងឡាយណា ធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់ជាតិនោះទេ»។
លោកស្រីបន្តថា លោក កឹម សុខា ក៏បានបញ្ជាក់អំពីតួនាទីស្របច្បាប់នៅក្នុងសភា ព្រឹទ្ធសភា និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៧។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេសក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានបរទេសនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ៕