កូនស្រីច្បងរបស់មន្ត្រីព័ត៌មានគណបក្សសង្គ្រោះជាតិមួយរូបបានសរសេរលិខិតទៅលោកប្រធានាធិបតី សហរដ្ឋអាមេរិក Barack Obama ស្នើឲ្យលោកជួយអន្តរាគមន៍ ឲ្យមានការដោះលែងឪពុករបស់ខ្លួន គឺលោក មាជ សុវណ្ណារ៉ាដែលកំពុងជាប់ឃុំឃាំងនាក្រុងភ្នំពេញ។ នេះបើយោងតាមលិខិតដែលVOA បានទទួលនាព្រឹកថ្ងៃព្រហស្បតិ៍។
កូនស្រីច្បងរបស់លោក មាជ សុវណ្ណារ៉ា គឺកញ្ញា សុវណ្ណារ៉ា សុជាតាដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានរៀបរាប់ក្នុងលិខិតទៅកាន់លោកប្រធានាធិបតី Obama ថាឪពុករបស់ខ្លួនមិនបានប្រព្រឹត្តខុសអ្វីនោះទេដោយគ្រាន់តែធ្វើការផ្សព្វផ្សាយពីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ លិខិតដែលផ្ញើទៅកាន់លោក Obama នាថ្ងៃពុធក៏បានគូសបញ្ជាក់ថាការកាត់ទោសលើឪពុកខ្លួនគឺក្រោមការបង្គាប់បញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្តោបអំណាចជាង៣០ ឆ្នាំ។
នៅក្នុងលិខិតជាភាសាអង់គ្លេសទៅកាន់លោកObama កញ្ញា សុវណ្ណារ៉ា សុជាតា វ័យ១៦ឆ្នាំ បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើឲ្យលោកជួយដោះលែងឪពុករបស់ខ្ញុំ មាជ សុវណ្ណារ៉ា ដែលជាពលរដ្ឋអាមេរិកនោះ។ គាត់ត្រូវបាន គេចោទដោយគ្មានកំហុស ថាបានបង្កើត «កុប្បកម្ម» និងកាត់ទោសដាក់ពន្ធនាគារ រយៈពេល២០ ឆ្នាំក្នុងមន្ទីរអប់រំកែប្រែព្រៃស ដែលមានសភាព ដុនដាបនិងពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា»។
សុវណ្ណារ៉ា សុជាតា ក៏បានរៀបរាប់ពីស្ថានភាពគ្រួសារខ្លួនដែលរស់នៅគ្មានឪពុកថាកំពុងស្ថិតក្នុង « ភាពអស់សង្ឃឹម និង ឈឺចាប់» ដោយសារតែម្តាយរបស់នាងត្រូវមើលថែប្អូនស្រីទាំងពីររបស់នាង និង មើលការខុសត្រូវ សារព័ត៌មានខ្មែរប៉ុស្តិ៍ (Khmer Post) តែម្នាក់ឯង។
ការផ្ញើលិខិតសុំអន្តរាគមន៍នេះកើតមានឡើងក្នុងខណៈពេលដែលលោកប្រធានាធិបតីអូបាម៉ាគ្រោងនឹងជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅរដ្ឋកាលីហ្វញ៉ានៅពាក់កណ្តាលខែក្រោយ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅចូលរួមផងដែរ។
លោកមាជ សុវណ្ណារ៉ា មន្ត្រីព័ត៌មាននៃគណបក្សជំទាស់ ដែលមានសញ្ជាតិ អាមេរិកាំង និង សកម្មជន ១០រូប ផ្សេងទៀត ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោស នាខែតុលាកន្លងមកនេះ ពីបទចូលរួមនិងធ្វើកុប្បកម្មប្រឆំាងនឹងរដ្ឋាភិបាលពេលដែលសកម្មជន គណបក្សជំទាស់ធ្វើបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ ក្នុងខែកក្កដាឆ្នាំ២០១៤។ តុលាការបានដាក់ទោសលោកនិងសកម្មជនផ្សេងទៀត ពី៧ ដល់២០ឆ្នាំ ដោយសំអាងថា បានបង្កឲ្យមានអំពើហិង្សាធ្វើឲ្យមានអ្នកបម្រើការសន្តិសុខរបួសជាង៤០នាក់ក្នុងពេលប៉ះទង្គិចគ្នានោះ។
ទាក់ទិននឹងការស្នើសុំឲ្យមានការដោះលែងលោក មាជ សុវណ្ណារ៉ានេះ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ VOA ថានេះគឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋអាមេរិកាំង ក៏ប៉ុន្តែ វាមិនស្ថិតក្នុងដែនអធិបតេយ្យរបស់ តុលាការកម្ពុជានោះទេ ហើយប្រទេសកម្ពុជាក៏ជាប្រទេសឯករាជ្យមិនស្ថិតក្រោមបង្គាប់របស់ប្រទេសណានោះដែរ។
«នេះគឺជាសិទ្ធិរបស់គាត់។ ក្នុងនាមជាពលរដ្ឋអាមេរិក អាចបញ្ចេញមតិរបស់គាត់ ឬក៏ធ្វើការស្នើសុំតាមស្ថាប័នដែលពាក់ព័ន្ធទៅតាមការយល់ឃើញរបស់គាត់ទៅណា។ហើយសម្រាប់កម្ពុជាយើង គឺគ្មានអ្វីអត្ថាធិប្បាយនោះទេដោយសារតែយើងជារដ្ឋអធិបតេយ្យហើយយើងធ្វើការ ចំណាត់ការតាមនីតិវិធីផ្លូវច្បាប់របស់យើងជាធរមាន។ ហើយក្នុងនាមជារដ្ឋអធិបតេយ្យមិនស្ថិតនៅក្រោមសម្ពាធ ហើយក៏មិនមានការជ្រៀតជ្រែកពីខាងក្រៅ ដែរបាទ!»។
លោក ជិន ម៉ាលីន បានការពារចំណាត់ការរបស់តុលាការកម្ពុជាចំពោះការកាត់ទោស លោកមាជ សុវណ្ណរ៉ា ដោយលើកឡើងយ៉ាងដូច្នេះថា៖ «ជាទិដ្ឋភាពច្បាប់អ្នកដែលអាចវាយតម្លៃបានថាគាត់មានកំហុសឬគ្មានកំហុសមានពិរុទ្ធ ឬក៏គ្មាននោះគឺមានតែស្ថាប័នតុលាការទេអញ្ចឹងសម្រាប់សាម៉ីខ្លួនគឺគ្រាន់តែជាការយល់ឃើញជាលក្ខណៈឯកជនរបស់គាត់។ ប៉ុន្តែជាទិដ្ឋភាពផ្លូវច្បាប់គឺមានតែស្ថាប័នដែលមានសមត្ថកិច្ចនោះទេ។ ហើយប្រសិនជាគាត់យល់ថាឪពុករបស់គាត់មិនមានកំហុសឬមិនមានពិរុទ្ធនោះទេគឺគាត់អាចធ្វើការតតាំង ទៅតាមផ្លូវច្បាប់ និងសេរីភាពដែលច្បាប់បានផ្តល់ឱ្យ»។
មន្ត្រីនាំពាក្យរបស់ស្ថានទូតអាមេរិក គឺលោក Jay Raman បានបញ្ជាក់ប្រាប់VOA តាមរយៈសារអេឡិកត្រូនិកឬEmail នាថ្ងៃព្រហស្បតិ៍នេះថាយ៉ាងណាក៏ដោយខ្លួនបានផ្តល់សេវា «កុងស៊ុល តាមអ្វីដែលអាចធ្វើបាន និងចុះសួរសុខទុក្ខលោក មាជ សុវណ្ណារ៉ា តាមធម្មតាផងដែរ»។
បន្ទាប់ពីមានការប្រេះឆា នយោបាយរវាងគណបក្សធំៗទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជារបស់ លោក ហ៊ុនសែន និង គណបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី មានសកម្មជននិង មន្ត្រីគណបក្សជំទាស់ជាច្រើនរូបត្រូវបានសាលាដំបូងរាជធានីភ្នំពេញចាប់កាត់ទោសជាបន្តបន្ទាប់។ ក្នុងនោះក៏មានលោក លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន ដែលមានសញ្ជាតិអាមេរិកាំង និង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ដែលមានសញ្ជាតិបារាំងផងដែរ។ ការចាប់ខ្លួននេះបានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មន្ត្រីសិទ្ធិមនុស្សជាតិនិងអន្តរជាតិ៕