ធនាគារ​អភិវឌ្ឍ​អាស៊ី​ថា ករណី​ឆ្លង​ជំងឺ​កូវីដ១៩ តិចតួច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​អាច​មក​ពី​កង្វះ​ការ​ធ្វើ​តេស្ត

បុគ្គលិកពេទ្យម្នាក់កំពុងធ្វើតេស្តរកវីរុសកូរ៉ូណាលើពលរដ្ឋជនជាតិប៉ាគីស្ថានម្នាក់ នៅខេត្ត Karachi ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ទ្វីប​អាស៊ី​មាន​ចំនួន​ទាប បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តាម​តំបន់​ផ្សេង​ទៀត ប៉ុន្តែ​នេះ​ទំនងជា​មិន​មែន​ដំណឹង​ល្អ​ដែល​អ្នក​សុទិដ្ឋិនិយម​សង្ឃឹម​ដូច្នេះ​នោះ​ទេ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ដែល​បាន​ធ្វើ​ការ​វិភាគ​លើ​ទិន្នន័យ បាន​បង្ហាញ​ថា តួលេខ​ទាប​នេះ​គឺ​ដោយសារ​ការ​ធ្វើ​តេស្ត​តិចតួច ដែល​ករណី​នេះ​មាន​ន័យ​ថា មាន​ហានិភ័យ​ដែល​វីរុស​នេះ​អាច​ផ្ទុះ​ឡើង នៅ​ពេល​ដែល​មាន​ករណី​ឆ្លង​វីរុស​នេះ​ដោយ​មិន​មាន​ការ​ធ្វើ​តេស្ត​ដឹង។

អ្នក​ផ្ដល់​ប្រឹក្សា​នៃ​វិទ្យាស្ថាន​ធនាគារ ADB លោក Trinh Long និង​លោក Peter Morgan បាន​ពិនិត្យ​លើ​ចំនួន​នៃ​ការ​ធ្វើ​តេស្ត និង​ការ​ឆ្លង​នៅ​តាម​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី ហើយ​បន្ទាប់​មក​ប្រៀបធៀប​ទិន្នន័យ​ទាំង​នេះ​ជាមួយ​នឹង​ប្រាក់​ចំណូល​ធម្យម​របស់​មនុស្ស​ម្នាក់ៗ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

លោក​ទាំង​ពីរ​បាន​បញ្ជាក់​ថា ការ​សិក្សា​របស់​ពួកគេ​បាន​បង្ហាញ​អំពី «ទំនាក់ទំនង​វិជ្ជមាន​ដ៏​ខ្លាំង» មួយ ដែល​ប្រទេស​អ្នក​មាន​មាន «កម្មវិធី​ធ្វើ​តេស្ត​ខ្លាំងក្លា» ចំណែក​ឯ​ប្រទេស​ក្រីក្រ​វិញ​មាន​ការ​ធ្វើ​តេស្ត​តិច​ជាង​ច្រើន។

លោក Long និង​លោក Morgan បាន​បញ្ជាក់​នៅ​ក្នុង​ការ​វិភាគ​មួយ​សម្រាប់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដូច្នេះ​ថា៖ «ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​នេះ​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ទ្វីប​អាស៊ី​កន្លង​មក​ត្រូវ​បាន​គ្រប់គ្រង​បាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល»។

លោក​ទាំង​ពីរ​បាន​បន្ថែម​ថា៖ «មាន​ការ​បកស្រាយ​ពីរ​ដែល​អាច​ទៅ​រួច។ ទី​មួយ​គឺ​អាច​មក​ពី​ប្រជាជន​នៅ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មាន​ភាព​ស៊ាំ​ទប់ទល់​នឹង​ជំងឺ​ខ្ពស់​ជាង ហើយ​ទី​ពីរ​អាច​បណ្ដាល​មក​ពី​ប្រទេស​ទាំង​នោះ​មាន​ការ​ធ្វើ​តេស្ត​តិចតួច»។

គ្មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ពាក់ព័ន្ធ​ជាមួយ​នឹង​ភាព​ស៊ាំ​របស់​ពួកគេ​ទៅ​នឹង​វីរុស​នោះ​ទេ។ ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​នៅ​ក្នុង​ការ​វិភាគ​នេះ​ក៏​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មាន​អាកាសធាតុ​ក្ដៅ​ផង​ដែរ ដែល​ក្នុង​នោះ​មាន​ដូចជា​ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន និង​ថៃ​ជា​ដើម។ គេ​បាន​និយាយ​ថា​ជំងឺ​កូវីដ១៩ អាច​នឹង​បាត់​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ក្ដៅ។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា ករណី​នេះ​មិន​ពិត​នោះ​ទេ។

អង្គការ​សុខភាព​ពិភពលោក​លើក​ឡើង​ដូច្នេះ​ថា៖ «វីរុស​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​កូវីដ១៩ អាច​ឆ្លង​នៅ​ក្នុង​តំបន់​ដែល​មាន​អាកាសធាតុ​ក្ដៅ ហើយ​សើម។ អ្នក​អាច​ឆ្លង​វីរុស​នេះ ទោះបីជា​ធាតុអាកាស​បើក​ថ្ងៃ​ក្ដៅ​យ៉ាង​ណា​ក៏​ដោយ»។

ដោយ​មិន​មាន​ការ​ធ្វើ​តេស្ត គេ​បាន​ប្រើ​វិធី​ផ្សេង​នៅ​ក្នុង​ការ​តាមដាន​មើល​ថា​តើ​អត្រា​នៃ​ការ​ឆ្លង ឬ​ក៏​ស្លាប់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វីរុស​នេះ​អាច​ខ្ពស់​ជាង​អត្រា​ដែល​បាន​រាយការណ៍ ឬ​ក៏​យ៉ាង​ណា​នោះ។

នៅ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ចំនួន​នៃ​ពិធី​បុណ្យ​សព​បាន​កើន​ឡើង ៤០ ភាគរយ កាល​ពី​ខែ​មីនា ដែល​អភិបាល​ក្រុង​ថា​បណ្ដាល​មក​ពី​វីរុស​នេះ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ទស្សនាវដ្ដី Economist កំពុង​ចងក្រង​ទិន្នន័យ ដែល​បង្ហាញ​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នេះ ដែល​រដ្ឋាភិបាល​នានា​បាន​រាយការណ៍ ដោយ​ប្រៀបធៀប​ជាមួយ​នឹង​ចំនួន​នៃ​ការ​ស្លាប់​ដែល​ជា​ទូទៅ​ត្រូវបាន​គេ​រំពឹង​ថា​នឹង​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នេះ​ក្នុង​មួយ​ឆ្នាំៗ។

មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ពន្យល់​ថា​ហេតុអ្វី​បានជា​អត្រា​នៃ​ការ​ធ្វើ​តេស្ត​មាន​លក្ខណៈ​ទាប​ខ្លាំង​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ទ្វីប​អាស៊ី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ប្រឹក្សា​គម្រោង​លោក Long និង​អ្នក​ប្រឹក្សា​សេដ្ឋកិច្ច​ជាន់​ខ្ពស់​លោក Morgan នៃ​វិទ្យាស្ថាន​ធនាគារ ADB។ កត្តា​ទាំង​នោះ​មាន​ដូចជា​ការ​ចំណាយ ជំនាញ និង​គ្រឿង​ប្រដាប់​បរិក្ខា​នានា។

លោក​ទាំង​ពីរ​បញ្ជាក់​ដូច្នេះ​ថា៖ «ទីមួយ ការ​បាន​ឧបករណ៍​ធ្វើ​តេស្ត​អាច​ពិបាក ដោយសារតែ​ថ្លៃ​ចំណាយ​ច្រើន និង​មាន​ការ​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​អ្នក​មាន​សម្រាប់​ការ​ផ្គត់ផ្គង់​ដែល​មាន​កម្រិត។ ទោះបីជា​ក្នុង​ករណី​បាន​ឧបករណ៍​ធ្វើ​តេស្ដ​ក៏​ដោយ ក៏​សមត្ថភាព​នៅ​ក្នុង​ការ​ប្រើ​ឧបករណ៍​ទាំង​នោះ​អាច​នៅ​មាន​កម្រិត ដោយសារតែ​មាន​បញ្ហា​ខ្វះខាត​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល ការ​ខ្វះខាត​គ្រឿង​ប្រដាប់​បរិក្ខា​មន្ទីរ​ពិសោធន៍ ឬ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​តាម​តំបន់​ជនបទ ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ទៅ​ដល់​ទី​កន្លែង​នោះ។ យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​អាច​ផ្ដោត​លើ​ការ​ធ្វើ​តេស្ត​តែ​លើ​អ្នក​ណា​ដែល​មាន​រោគ​សញ្ញា ជាជាង​ព្យាយាម​ជ្រើសរើស​គំរូ​តំណាង​ប្រជាពលរដ្ឋ​ទាំង​មូល»។

លោកទាំងពីរបន្ថែមថា ការធ្វើតេស្តអ្នកដែលមិនមានរោគសញ្ញាអាចប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសនៅក្នុងការគ្រប់គ្រងជំងឺឆ្លងរាតត្បាតនេះ។

លោក Long និង​លោក Morgan បាន​អំពាវនាវ​ឲ្យ​ទីភ្នាក់ងារ​អភិវឌ្ឍ​នានា​ដូចជា​វិទ្យាស្ថាន​ធនាគារ ADB របស់​ពួកគេ​ជា​ដើម ផ្ដល់​ជំនួយ​ដល់​ប្រទេស​ទាំង​នោះ​ដើម្បី​បាន​ឧបករណ៍​ធ្វើ​តេស្ត ផ្ដល់​សេវា​សុខាភិបាល និង​ពង្រឹង​សេដ្ឋកិច្ច​មិន​ឲ្យ​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។ ពួកគេ​បញ្ជាក់​ដូច្នេះ​ថា ប្រសិនបើ​គ្មាន​ជំនួយ នោះ​នឹង​មាន​ហានិភ័យ​នៃ​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នូវ​អត្រា​ឆ្លង​ជំងឺ​នេះ​នៅ​ពេល​អនាគត»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា