ចរាចរណ៍នៅកណ្តាលទីក្រុងហុងកុងត្រូវគាំងនៅកាលពីថ្ងៃពុធ នៅពេលលុយបានប៉ើងចេញពីឡានសន្តិសុខមួយគ្រឿង។ អ្នកបើកបរទូទៅ និងអ្នកដំណើរជិតៗនោះមិនអៀនខ្មាស់ទេក្នុងការប្រញ៉ាយគ្នារើសលុយនៅថ្ងៃមុនបុណ្យណូអែល គឺChristmas Eveនេះ។
បណ្តាញទូរទស្សន៍ព័ត៌មានក្នុងស្រុកបង្ហាញមនុស្សចេញពីឡានរបស់គេមកប្រញ៉ាយគ្នារើសលុយ ដែលប៉ើងពេញផ្លូវដ៏មមារញឹកដែលមានគំនូសផ្លូវបើកបរដល់ទៅ៨ជួរ។ លុយនោះប៉ើងនៅក្នុងសង្កាត់ Wan Chai ក្រុងហុងកុង នៅម៉ោងប្រហែលពេលបាយថ្ងៃត្រង់។ កម្លាំងប្រដាប់អាវុធបានទៅដល់កន្លែងកើតហេតុ ហើយបានបិទផ្លូវ Gloucester Road ក្រោយពីលុយប្រហែល២លានដុល្លារបានបាត់។
មនុស្សជាច្រើនបានយកលុយក្រដាស៥០០ដុល្លារហុងកុងជាច្រើនក្នុងដៃ។ ក្រដាសប្រាក់៥០០ដុល្លារហុងកុងនេះតម្លៃស្មើនឹងប្រហែល៦៥ដុល្លារអាមេរិក។ ក្រុមហ៊ុនសន្តិសុខពិភពលោក ដែលទទួលខុសត្រូវការដឹកលុយនេះនិយាយថា ការស៊ើបអង្កេតផ្ទៃក្នុងកំពុងធ្វើឡើងថា ហេតុអ្វីបានជាលុយនេះប៉ើងចេញពីឡាន។ នៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលព័ត៌មានក្នុងស្រុករាយការណ៍ថា លុយ៤៦ម៉ឺនដុល្លារត្រូវគេប្រគល់ឲ្យប៉ូលិសវិញ៕