ជនសង្ស័យជាឃាតករនៅក្នុងការវាយប្រហារដ៏ដែលសម្លាប់ជីវិតប៉ូលិសក្នុងទីក្រុង Dallas រដ្ឋ Texas គឺជាអតីតយុទ្ធជនរបស់អាមេរិកដែលធ្លាប់បានបម្រើការងារនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមមន្ត្រីការពារប្រទេសរបស់សហរដ្ឋអាមេរិក។
មន្ត្រីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណជនសង្ស័យថាឈ្មោះ Micah Xavier Johnson រស់នៅក្នុងតំបន់ Mesquite ជាយក្រុង Dallas។ ជនសង្ស័យរូបនេះត្រូវបានសម្លាប់បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាមួយនឹងប៉ូលិសកាលពីព្រឹកថ្ងៃសុក្រ។
ប៉ូលិស៥នាក់ត្រូវបានសម្លាប់ ហើយមន្ត្រីប៉ូលិស៧នាក់ទៀតបានរងរបួសនៅក្នុងហេតុការណ៍ឆ្មក់បាញ់ ដែលបានកើតឡើងក្នុងអំឡុងពេលដែលមានការធ្វើបាតុកម្មតវ៉ា ទៅលើប៉ូលិសចំពោះការសម្លាប់បុរសជនជាតិអាហ្វ្រិកអាមេរិកាំង២នាក់។
ជនស៊ីវិល២នាក់ក៏បានរងរបួសផងដែរ នៅក្នុងហេតុការណ៍វាយប្រហារដ៏អាក្រក់បំផុតទៅលើមន្ត្រីប៉ូលិសអាមេរិក ចាប់តាំងពីមានការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ រួចមក។
លោក Jeh Johnson រដ្ឋមន្ត្រីក្រសួងសន្តិសុខប្រទេសរបស់អាមេរិកបានមានប្រសាសន៍ថា ខ្មាន់កាំភ្លើងទំនងជាធ្វើសកម្មភាពវាយប្រហារនេះតែម្នាក់ឯងប៉ុណ្ណោះ។
ជនសង្ស័យ Johnson បាននិយាយទៅកាន់ប៉ូលិសក្នុងអំឡុងពេលប្រឈមមុខដាក់គ្នានោះថា រូបគេមានការអាក់អន់ស្រពន់ចិត្តនឹងប៉ូលិសដែលបាញ់សម្លាប់បុរសជនជាតិស្បែកខ្មៅ ហើយថា រូបគេចង់ «សម្លាប់ជនជាតិស្បែកស ជាពិសេសប៉ូលិសស្បែកស»។ ជននេះក៏បាននិយាយថា ខ្លួនមិនបានសហការជាមួយនឹងក្រុមណាមួយនោះទេ។
បន្ទាប់ពីមានការចរចាអស់រយៈពេលជាច្រើនម៉ោងនៅក្នុងហេតុការណ៍ដែលបានកើតឡើងនៅចំណតរថយន្តមួយនោះ Johnson ត្រូវបានសម្លាប់ដោយគ្រាប់បែកមួយគ្រាប់ដែលចងភ្ជាប់នឹងមនុស្សយន្តរបស់ប៉ូលិស៕