ខ្យល់​កួច​ស៊ីក្លូន Amphan បោក​បក់​​តំបន់​ឆ្នេរ​សមុទ្រ​ឥណ្ឌា​និង​បង់ក្លាដែស​ខណៈ​មាន​វិបត្តិ​កូវីដ១៩

បុរសម្នាក់ពាក់អាវភ្លៀងផ្លាស្ទិកដើរកាត់ភ្លៀងមួយ មុនពេលខ្យល់កួចស៊ីក្លួន Amphan មកដល់នៅរដ្ឋ Orissa ប្រទេសឥណ្ឌា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ខ្យល់​កួច​ស៊ីក្លូន​ដ៏​ខ្លាំង​ឈ្មោះ​ Amphan បាន​ចាប់​ផ្តើម​បោកបក់​តំបន់​ឆ្នេរ​សមុទ្រនៃ​ប្រទេស​ឥណ្ឌា​និង​បង់ក្លាដែស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ដោយ​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ​ហើយ​អាជ្ញាធរ​កំពុង​ស្រវ៉ាស្រទេញជម្លៀស​ពលរដ្ឋ​ជាង​២​លាន​នាក់​ទៅ​កាន់​ជម្រក​សុវត្ថិភាព។

ខ្យល់​ព្យុះនេះ​បាន​ថយ​ល្បឿន​បន្តិច​នៅ​ពេល​មក​ជិត​ដល់​ឆ្នេរ​សមុទ្រ ប៉ុន្តែ​អ្នក​ព្យាករណ៍​អាកាសធាតុ​នៅ​ឥណ្ឌា​ថា​ ពេល​នេះ​ខ្យល់​ព្យុះមាន​ល្បឿន​ពី​១៦០​ទៅ​១៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​នៅតែ​អាច​បង្កការ​ខូច​ខាត​យ៉ាង​ខ្លាំង។

ខ្យល់​និង​ភ្លៀង​ខ្លាំង​ទំនង​នឹង​បំផ្លាញ​ផ្ទះ​ដែល​មិន​រឹងមាំ ហើយ​អាច​រុញ​ទឹកសមុទ្រ​ឲ្យ​ចូល​ក្នុងផ្ទៃ​ដី​រហូត​ដល់​២៥​គីឡូម៉ែត្រ​ពី​ឆ្នេរ ដែល​នេះ​អាច​នឹង​នាំ​ឲ្យ​មាន​ទឹក​ជំនន់​នៅ​ក្នុង​ទី​ក្រុង​ដែល​មាន​ប្រជាជន​រាប់​លាន​នាក់​ដូច​ទី​ក្រុង​ Kolkata របស់​ឥណ្ឌា។

បេសកកម្ម​ជួយ​សង្គ្រោះ​និង​ជម្លៀស​ប្រជាជន​មាន​ការ​លំបាក​មួយ​កម្រិត​ទៀត​ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និងវិធានការ​រឹតត្បិត​ដែលតម្រូវ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម ហើយ​អាជ្ញាធរ​ថា​ ពួក​គេ​ព្យាយាម​រក​ទី​ជម្រក​បន្ថែម​ទៀត​ដើម្បី​អាច​ជម្លៀស​ពលរដ្ឋ​ទៅ​ទី​នោះ​ដោយ​នៅ​អាច​ឲ្យ​ពួក​គេ​មាន​ទី​ធ្លា​គ្រប់គ្រាន់​រក្សា​គម្លាត​ពី​គ្នា​បាន៕​