លោក Lung Sai Lang ដែលជាជនភៀសខ្លួន Shan បានរំឭកអំពីការវាយប្រហាររបស់យោធាភូមាទៅលើភូមិ Hauy Yao នៅព្រឹកថ្ងៃអាទិត្យមួយកាលពីឆ្នាំ ២០០២ ដែលនៅពេលនោះលោក បាននាំកូនតូចរបស់លោកពីរនាក់ និងប្រពន្ធរបស់លោកគេចខ្លួនកាត់តាមព្រៃចូលទៅព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា។
លោក Lung Sai Lang ដែលជាកសិករជាតិសាសន៍ Shan រូបនេះ សព្វថ្ងៃរស់នៅក្នុងជំរំជនភៀសខ្លួន Kung Jor នៅក្នុងតំបន់ភ្នំជាប់ព្រំដែន។ លោកបាននិយាយថា៖ «ទាហានភូមាគិតថា ពួកយើងដែលជាប្រជាពលរដ្ឋធម្មតាមានបំណងចង់គាំទ្រយោធា Shan ប៉ុន្តែតាមពិត យើងគ្រាន់តែចង់រស់នៅក្នុងសុខសន្តិភាពតែប៉ុណ្ណោះ»។
កងកម្លាំងរបស់រដ្ឋាភិបាលយោធាភូមាកាលពីអតីតកាលបានបង្កើនយុទ្ធនាការវាយកម្ទេចទៅលើផលប្រយោជន៍របស់ជនស៊ីវិលជាតិសាសន៍ Shan តាំងពីឆ្នាំ ១៩៩៦ មក។ យុទ្ធនាការនេះជាយុទ្ធនាការបង្កការភិតភ័យ និងការរំលោភបំពានដើម្បីបំផ្លាញការគាំទ្ររបស់សហគមន៍ជាតិសាសន៍ Shan ចំពោះកងកម្លាំងប្រដាប់អាវុធប្រឆាំងនៃជាតិសាសន៍ភាគតិចនេះ។
នៅក្នុងឆ្នាំ ២០០២ អង្គការមូលនិធិសិទ្ធិមនុស្ស Shan និងអង្គការបណ្ដាញសកម្មភាពស្ត្រី Shan បានធ្វើការស៊ើបអង្កេត និងបោះពុម្ពផ្សាយសៀវភៅមួយក្បាលដែលមានចំណងជើងថា «សិទ្ធិក្នុងការចាប់រំលោភ»។ សៀវភៅនេះកត់ត្រាអំពីហេតុការណ៍ចំនួន ១៧៣ ករណីនៃការចាប់រំលោភ និងអំពើហិង្សាផ្លូវភេទផ្សេងៗទៀតដែលមានការពាក់ព័ន្ធនឹងក្មេងស្រី និងស្ត្រីចំនួន ៦២៥ នាក់ ដែលករណីទាំងនេះត្រូវបានចោទប្រកាន់ថាបានធ្វើឡើងដោយយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Shan នៅចន្លោះឆ្នាំ ១៩៩៦ និងឆ្នាំ ២០០១។
ការចោទប្រកាន់នៃការយកការចាប់រំលោភជាអាវុធធ្វើសង្គ្រាមដូចនេះបានបន្តរហូតមកដល់សព្វថ្ងៃនេះ ដោយឥឡូវនេះគឺធ្វើឡើងនៅក្នុងរដ្ឋ Rakhine ប្រឆាំងនឹងជនជាតិភាគតិច Rohingya ដែលតាំងពីខែសីហា ឆ្នាំមុនមក ជាតិសាសន៍ Rohingya ជាង ៦ សែន ៥ ម៉ឺននាក់ បានគេចចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដេសដែលនៅក្បែរខាង៕