សេចក្តីព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​រង​ការរិះគន់​ក្រោម​ហេតុផល​ខ្វះ​ការពិគ្រោះ​យោបល់

រូបឯកសារ៖ បុរស​ម្នាក់​កំពុង​ប្រើ​ទូរសព្ទ​ស្មាតហ្វូន​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បើក​ផ្លូវ​ឱ្យ​មាន​ការ​ចូលរួម​ពីអង្គការ​សង្គមស៊ីវិល​ និង​សាធារណ​ជន​ក្នុង​ការ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​សង្គម​ បាន​ឱ្យ​ដឹង​ថា​ ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​កំពុង​ធ្វើ​ឡើង​ ដោយ​ខ្វះ​ការ​ពិគ្រោះយោបល់​ពី​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​ ដែល​នាំ​ឱ្យ​មាន​ការ​បារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​តាម​បណ្តាញ​អ៊ីនធឺណិត។

វេទិកា​ប្រជាពល​រដ្ឋ​កម្ពុជា​នេះ​ ក៏​ជាផ្នែក​មួយ​នៃ​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​ ដែល​ធ្វើ​ឡើង​នៅ​មុន​ពេល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ នៅ​ប្រទេស​កម្ពុជា​ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២២​ នេះ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ ដែល​ចេញ​ផ្សាយ​ក្រោយ​ការរៀបចំ​វេទិកា​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ១៦​ និង ១៧ ខែ​តុលានេះ​ ពលរដ្ឋ​ខ្លះ​លើកឡើង​ថា ពួកគេ​ត្រូវបាន​ចាប់​ខ្លួន ឬ​ទទួល​រង​ការ​គំរាម​កំហែង​ នៅ​ពេល​បង្ហាញ​អំពី​ទុក្ខ​កង្វល់​ ក្តី​បារម្ភ​ និង​បញ្ហា​ប្រឈម​របស់​ខ្លួន។

សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា៖ «​នៅពេល​សម្តែង​មតិ​ ឬ​ទាមទារ​សិទ្ធិ​សេរីភាព​តាម​ប្រព័ន្ធ​អនឡាញ​ ប្រជាពលរដ្ឋ​អាច​ទទួល​រង​ការ​គំរាម​កំហែង​ពី​មន្ត្រី​អាជ្ញាធរ​ ដោយ​រួម​មាន​ទាំង​ការ​ចាប់​ខ្លួន​អ្នក​បញ្ចេញ​មតិ​យោបល់​តាម​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ ឬ​នៅ​ពេល​ពលរដ្ឋ​ផ្សព្វផ្សាយ​ព័ត៌មាន​អវិជ្ជ​មាន​ដែល​កើត​ឡើង​ក្នុង​សហគមន៍»។

​សេចក្តី​ថ្លែងការណ៍​បន្ត​ឲ្យ​ដឹង​ទៀតថា៖ ​«ច្បាប់​កាន់​តែ​ច្រើន​ កាន់​តែ​បាន​រឹតត្បិត​ដល់​សកម្មជន​ និង​ប្រជាជន​ទូទៅ»។

វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា​បានឱ្យដឹង​ទៀត​ថា វេបសាយ​ (គេហទំព័រ)​ ចំនួន​ ៤៣ ​ដែល​ភាគច្រើន​ធ្វើ​ការ​លើ​បញ្ហា​បរិស្ថាន​ ឬ​ការ​តស៊ូមតិ​ ត្រូវបាន​បិទ​ចោល។ បន្ថែម​លើ​ការ​បិទ​ខ្ទប់​វេបសាយ​ទាំងនេះ​ វេទិកា​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ការ​បង្កើត​អនុក្រឹត្យ​ស្តីពី​ច្រក​អ៊ីនធឺណិត​ជាតិ​ ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ និង​អវត្តមាន​ច្បាប់​ការពារ​ទិន្នន័យ​អ្នកប្រើប្រាស់​ បង្ក​ឱ្យមាន​ការ​ព្រួយ​បារម្ភ»។

រូបឯកសារ៖ ក្រុមអង្គការសង្គមស៊ីវិលធ្វើសន្និសីទស្តីពីលទ្ធផលនៃវេទិកាប្រជាពលរដ្ឋកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

លោក​ អំ សំអាត នាយក​ទទួល​បន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ យល់​ស្រប​នឹង​ការ​លើកឡើង​របស់​វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា​ ពាក់​ព័ន្ធនឹង​កង្វះ​ការពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ ឬ​តាម​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា សេចក្តីព្រាង​ច្បាប់​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន។ លោក​បន្តថា រដ្ឋាភិបាល​គួរ​តែ​ផ្តល់​ឱ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ​ រួម​ទាំង​សង្គម​ស៊ីវិល​ ក្នុង​ការ​ព្រាង​សេចក្តីស្នើ​ច្បាប់​នេះ​ ដើម្បី​បញ្ចៀស​ការ​រិះគន់។

លោក​បន្ថែម​ថា៖​ «ការ​បង្កើត​ច្បាប់​ គឺ​ដើម្បី​ ទី ១ ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។ ទី ២ គឺរក្សា​សុវត្ថិភាព​ សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​សង្គម​ ហើយ​និង​កិច្ចការពារ​ទៅ​លើ​សិទ្ធិ​របស់ពលរដ្ឋ។​ បើ​សិន​ជា​ច្បាប់​មិន​គោរព​ទៅ​តាម​គោលការណ៍​ហ្នឹង​ទេ​ អាហ្នឹង​គឺ​វា​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ»។

សេចក្តីព្រាង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​ ត្រូវបាន​គេ​ធ្វើ​ឱ្យ​បែក​ធ្លាយ​កាលពី​ឆ្នាំ​ ២០១៤ ហើយ​ក៏​បន្ត​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ក្នុង​វិស័យ​លើក​កម្ពស់​សិទ្ធិមនុស្ស។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង​ កាលពីដើម​ខែកញ្ញា​ ឆ្នាំ​ ២០២២​ បាន​អះអាង​ថា​ សេចក្តីព្រាងច្បាប់​នោះត្រូវបាន​ក្រសួង​តាក់​តែងឡើង​ តាំង​ពីឆ្នាំ​ ២០១៦ ​ដោយ​បាន​ឆ្លង​កាត់​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជាច្រើន​លើក​ជាច្រើន​សារ​ ហើយ​ក៏មាន​ការ​ចូលរួម​ពី​ភាគី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ។​

បើ​តាមសេចក្តី​ព្រាង​ច្បាប់​ ដែល​វីអូអេ​ទទួល​បាន​កាល​ពី​ខែ​តុលា ​ឆ្នាំ​ ២០២០ ​មាត្រា​៤៥​ ចែង​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ដាក់​ពិន័យ ​ឬ​ដាក់​ពន្ធនាគារ​លើ​បុគ្គល​ណា ​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ «ដោយ​មាន​បំណង​ ឬ​ចេតនា»​ ដើម្បី​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ក្លែងក្លាយ ​ដែល​អាច​ប៉ះពាល់​ដល់​ «សុវត្ថិភាព​សាធារណៈ»​ «សន្តិសុខ​ជាតិ» «ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​ និង​ប្រទេស​ដទៃ» ​និង​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ ញុះញង់​ឱ្យ​មាន​ភាព​អមិត្ត​ មាន​ការ​ស្អប់​ខ្ពើម ​និង​ការ​រើស​អើង​ពូជ​សាសន៍​ជាដើម។ ​ប្រសិន​បើ​ត្រូវ​បាន​កាត់​ឱ្យមាន​ទោស​ បុគ្គល​មួយ​រូប​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​បី​ឆ្នាំ​ និង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ ២.៥០០ ​ដុល្លារ​អាមេរិក។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ មាន​បទបញ្ញត្តិ​ស្តីពី​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ផ្សេង​ទៀត​ ដូចជា​ការ​លួច​អត្តសញ្ញាណ​ ការ​ក្លែង​បន្លំ​ និង​ការ​លួច​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ ​បទល្មើស​កម្មសិទ្ធិ​បញ្ញា​ និង​បទល្មើស​ទាក់ទង​នឹង​រូប​ភាព​អាសអាភាស។​

លោក​ ប៊ុន ហុន រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​ទទួល​បន្ទុក​លើ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ ប្រាប់​វីអូអេ​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេកវិទ្យា​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​ពង្រាង​ដោយ​អ្នកជំនាញ។ ហេតុដូច្នេះ​ ការ​ពិគ្រោះយោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឱ្យ​បាន​ទូលំទូលាយ​នោះ គឺ​មិន​អាច​ធ្វើ​ទៅរួច​ឡើយ។

លោក​ថ្លែង​ថា​៖ «ប្រហែល​ជា​ខាង​លោក​សួរ​ទៅ​ប្រទេស​ណា​ ដែលគេ​ដាក់​មក​អង្គុយ​យក​ប្រជាពលរដ្ឋ​ ឬក៏​សង្គម​ស៊ីវិល​ មក​អង្គុយជជែក​តាំង​ពី​ដំបូង​ទៅ ទៅធ្វើ​ម៉េច​ចេញ​ អាហ្នឹង​ធ្វើ​អង្គុយ​ដាក់​ សូម្បី​តែ​អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​ក្រសួង​ស្ថាប័ន​មក​អង្គុយ​ជជែក​គ្នា​មួយ​ព្រឹក​ ជួន​កាល​មិន​បាន​មួយ​មាត្រា​ផង។ ជជែក​គ្នា​ហើយ​សុទ្ធ​តែ​អ្នក​ជំនាញ​ច្បាប់​ អ្នកអី​ទាំង​អស់​តាម​ក្រសួង​មួយៗ​មក ហើយ​ទំរាំ​ដាក់​មនុស្ស​រាប់​រយ​រាប់ពាន់​នាក់​មក​ទៀត​ មិន​ដឹង​ថា​ បាន​ស្អី​ទៅទៅ​រួច»។

លោក ប៊ុន ហុន ថ្លែង​បន្ថែមថា៖ «គ្រាន់​តែ​ផ្តាំ​ទៅវិញ​ថា​ ចាំ​មើល​គេ​ នីតិវិធី​គេ​បន្តបន្ទាប់​សិន​ វា​អត់​ទាន់​នេះ​ទេ​ អត់​ទាន់​មាន​អីដឹង​ កិច្ចការ​ហ្នឹង​ច្បាស់​ថា​ ត្រូវ​តែ​ដល់​ណា ដល់​ណី​នៅ​ឡើយ​ ព្រោះ​ដោយ​សារ​ វា​កំពុង​តែ​ដំណើរការ​ក្រុម​ជំនាញ​សិន បាន​ផុត​ពី​ជំនាញ​ទៅ​ ឈានទៅ​បាន​ចូលទៅ​ដល់​ដាក់​ចូល​ទៅ​រាជរដ្ឋាភិបាល​ ក្រោម​ការ​ពិនិត្យ​សម្រេច​ពី​សម្តេច​នាយករដ្ឋ​មន្ត្រី។ អា​ហ្នឹង​គ្រាន់​មិន​ទាន់​ឈាន​ទៅ​ដល់​ ចូល​ប្រជុំ​គណៈរដ្ឋមន្ត្រី​ អី​ហើយ​ត្រូវ​បាន​គេ​ចូល​ទៅ​សភា​ បាននីតិវិធី​វា​នៅ​វែង​ទៀត»។

ក្រៅពី​ការ​បង្ហាញ​ក្តីបារម្ភ​អំពី​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​ទាក់​ទង​នឹង​បច្ចកវិទ្យា​ព័ត៌មាន​នោះ​ វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ឱ្យ​ដឹង​អំពីបញ្ហា​ប្រឈម​ជាច្រើន​ទៀត​ ដូច​ជា​ការ​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ​ និង​ការ​ចូលរួម​ផ្នែក​នយោបាយ​ និង​សេរីភាព​នៃ​កា​រជួប​ប្រជុំ​ដោយ​សន្តិវិធី។

វេទិកា​នេះ ក៏​បាន​ឱ្យដឹង​អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដោយ​មិន​សម​ស្រប​ ទៅ​លើ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ ការ​បណ្តេញ​ចេញ​ពី​លំនៅឋាន​ដោយ​គម្រោង​អភិវឌ្ឍ​ជាដើម។ ហើយ​នៅ​ពេល​មាន​វិវាទ​រវាង​អ្នក​មាន​អំណាច​ មាន​លុយ​ ជាមួយ​នឹង​កសិករ​ក្រីក្រ​ ជាញឹក​ញាប់​ការ​អនុវត្ត​ច្បាប់​មាន​ភាព​លម្អៀង​ទៅ​លើក្រុម​មាន​លុយ​ ឬ​ក្រុមមាន​ឥទ្ធិពល​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិក្នុង​ការ​ទទួល​បាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខច្បាប់។

ទោះ​ជា​យ៉ាង​ណាក្តី​ ក៏​លោក ​ជិន ម៉ាលីន រដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ថា​ ការ​ដោះ​ស្រាយវិវាទ​តាម​យន្តការ​តុលាការ​ គឺ​ស្រប​តាម​គោលការណ៍​ច្បាប់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ដែលមាន​នីតិរដ្ឋ ហើយ​ការ​សម្រេច​របស់​តុលាការ​គឺ​យោង​តាម​អង្គហេតុ​ អង្គ​ច្បាប់​ ភស្តុតាង​ និង​សក្ខីកម្ម​ដែលមាន​ជាធរមាន។

លោក​ក៏​អះអាង​ថា ពល​រដ្ឋ​ខ្លះ​ចាញ់​ក្តី គឺ​ដោយសារ​តែ​ពួកគេ​មិន​យល់​ពី​ច្បាប់​ ហើយ​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ដែល​បំពាន​ច្បាប់​ និង​សិទ្ធិ​អ្នកដទៃ ហើយ​ខ្លះ​ទៀត​មិន​យល់​ពីច្បាប់​ ហើយ​ត្រូវ​បាន​អ្នកនយោបាយ​មួយ​ចំនួនកេង​ប្រយោជន៍​នយោបាយ​ថែម​ទៀត៕