ប៉ុន្មានថ្ងៃក្រោយពេលដែលមនុស្សម្នានាំគ្នាសម្រុកទៅទិញឥវ៉ាន់ចំថ្ងៃបញ្ចុះតម្លៃពិសេសដែលគេស្គាល់ថាជា «Black Friday» នោះ នៅថ្ងៃចន្ទម្សិលមិញក្រុមអ្នកទិញទំនិញជាពលរដ្ឋអាមេរិកាំងជាច្រើននាក់ បាននាំគ្នាងាកមករកទិញទំនិញតាមប្រព័ន្ធអនឡាញវិញ ដែលគេស្គាល់ថាជា Cyber Monday ដែលមានការចុះថ្លៃជាពិសេស សម្រាប់ទំនិញនិងរបស់របរផ្សេងៗ ដែលបានឡើងថ្លៃខ្ពស់ក្នុងពេលកន្លងទៅដោយសារអតិផរណានោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការទិញទំនិញតាមប្រព័ន្ធអនឡាញនៅថ្ងៃចន្ទនេះ ត្រូវគេរំពឹងថា នឹងនៅជាថ្ងៃទិញទំនិញតាមអនឡាញដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក ដែលការលក់ទំនិញសរុបនៅថ្ងៃនោះអាចមានទឹកប្រាក់ទាំងអស់ប្រមាណ១១,៦ពាន់លានដុល្លារអាមេរិក។ នេះបើតាមការវិភាគរបស់ក្រុមហ៊ុនAdobe ដែលតាមដានការលក់តាមប្រព័ន្ធអនឡាញនៃហាងទំនិញជាង៨៥ ក្នុងចំណោមហាងលក់ទំនិញដែលល្បីៗចំនួន១០០នៅក្នុងសហរដ្ឋអាមេរិក។ ការព្យាករណ៍នេះបង្ហាញឲ្យឃើញនូវការកើនឡើងនៃការចំណាយរបស់អ្នកទិញដែលឡើងពីចំនួន១០,៧ពាន់លានដុល្លារអាមេរិក ដែលគេបានចំណាយកាលពីឆ្នាំទៅ។
អ្នកទិញទំនិញបានចំណាយប្រាក់ប្រមាណ៩,១២ពាន់លានដុល្លារ ទិញទំនិញតាមប្រព័ន្ធអនឡាញកាលពីថ្ងៃ Black Friday ដែលកើនចំនួនប្រមាណ២,៣% លើសពីឆ្នាំទៅ។ នេះបើតាមក្រុមហ៊ុន Adobe។ សកម្មភាពធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ បានបន្តមមាញឹកនៅចុងសប្តាហ៍កន្លងទៅនេះ ជាមួយនឹងទឹកប្រាក់លក់តាមប្រព័ន្ធអនឡាញមានចំនួនសរុបប្រមាណ៩,៥៥ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Salesforce ដែលតាមដានការចំណាយរបស់ក្រុមអ្នកទិញផងដែរនោះនិយាយថា ការប៉ាន់ប្រមាណរបស់គេបង្ហាញថា ការលក់តាមប្រព័ន្ធអនឡាញនៅក្នុងសហរដ្ឋអាមេរិក មានទឹកប្រាក់ប្រមាណ១៥ពាន់លានដុល្លារកាលពីថ្ងៃសុក្រកន្លងទៅ ហើយមានទឹកប្រាក់ប្រមាណ១៧,២ពាន់លានដុល្លារកាលពីចុងសប្តាហ៍នេះ ដោយក្នុងនោះការបញ្ចុះតម្លៃលើទំនិញគឺប្រមាណ ៣០%។ ទំនិញជាគ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ ប្រដាប់ក្មេងលេង របស់របរសុខភាព និងគ្រឿងសំអាង ស្ថិតក្នុងចំណោមទំនិញនានា ដែលលក់ដាច់ខ្លាំង។ នេះបើតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនទាំងពីរខាងលើ៕