តើ​ច្បាប់​គ្រប់គ្រង​​អ៊ីនធើណិត​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​អ៊ីនធើណិត ​ឬ​សេរីភាព​បញ្ចេញ​មតិ

និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/VOA) ​

រដ្ឋាភិបាល​បន្ត​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ទូរគមនាគមន៍។ ​ក្រុម​អ្នក​រិះគន់​ព្រួយ​បារម្ភ​ថា​ ច្បាប់​ទាំង​ពីរ​នេះ​នឹង​មាន​ការ​រិតត្បិត​ទៅ​លើ​មធ្យោបាយ​មួយ​ចំនួន​ដែល​ប្រជាជន​ប្រើ​សម្រាប់​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ពិតៗ​នៅ​ក្នុង​ប្រទេស​នេះ។​

អ៊ីនធើណិត​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដូច​ជា​បណ្តាញ​សង្គម​ និង​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​ផ្សេងៗ​ទៀត​ទាំង​អស់​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​បាន​បញ្ចេញ​មតិ​ ដែល​នេះ​ជា​និន្នាការ​មួយ​មិនធ្លាប់​មាន​ពីមុន​មក​នៅ​ក្នុង​ប្រទេស​នេះ។​

របាយការណ៍«‍ដំណើរឃ្លាតចេញពីអ៊ីនធឺណែត៖ ការគម្រាមគំហែងចំពោះសេរីភាពលើប្រព័ន្ធអ៊ីនធឺណែតដែលទើបរកឃើញថ្មីនៅកម្ពុជា»របស់អង្គការលីកាដូ ដែល​ចេញ​ផ្សាយ​នៅ​ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថតផ្តល់ឲ្យ៖ លីកាដូ)

ការ​សន្ទនា​អំពី​ភាព​ក្រីក្រ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​រំលោភ​យក​ដីធ្លីមាន​ជា​ហូរហែ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត និង​បណ្តាញ​សង្គម ​ហើយ​វា​មិន​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​នោះ​ទេ។

​នៅ​ក្នុង​របាយ​ការណ៍​ថ្មីមួយ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ Licadho ​ដែល​មាន​ចំណង​ជើង​ថា៖ ​«ដំណើរ​ឃ្លាត​ចេញ​ពី​អ៊ីនធើណិត? ​ការ​គំរាម​កំហែង​ចំពោះ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធើណិត​ ដែល​ទើប​រក​ឃើញ​ថ្មី​នៅ​កម្ពុជា»​នោះ​ ​អង្គការ​នេះ​បាន​និយាយ​ថា ​ប្រសិន​បើ​ត្រូវ​បាន​អនុម័ត ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ទាំង​ពីរ​នេះនឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ព័ត៌មាន​ និង​ទប់​ស្កាត់​សេរីភាព​បញ្ចេញ​មតិ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណិត​ និង​បណ្តាញ​សង្គម​ទាំង​នោះ​ដោយ​រដ្ឋាភិបាល​តាម​ដាន​ និង​គាបសង្កត់​ក្រុមហ៊ុន​ដែល​ជា​អ្នក​ផ្តល់​សេវា​អ៊ីនធើណិត។​

លោក អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​របស់​អង្គការ​លីកាដូ​ បាន​និយាយនៅ​ក្នុង​របាយ​ការណ៍នេះ​ថា៖​«សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​គឺ​ជា​សិទ្ធិ​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ពិតជា​មិន​ធ្លាប់​មាន​ពីមុន។ ​មិន​មែនជារឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ​ដែល​ថា​ ភ្លាមៗ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​បាន​រក​ឃើញ​មធ្យោបាយ​ថ្មី​ដែល​អាច​ឲ្យ​ពួកគេ​បញ្ចេញមតិ​របស់​ខ្លួន​ឲ្យ​គេ​បាន​ដឹង​នោះ​ រាជ​រដ្ឋាភិបាល​នឹង​ចាប់ផ្តើ​ម​ព្យាយាម​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​បំបិទ​សំឡេង​របស់​ប្រជាពលរដ្ឋ​ជា​ថ្មី​ម្តង​ទៀត»។​

លោក ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​បាន​និយាយ​ថា ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋ​កម្ម​ព័ត៌មាន​វិទ្យា​នេះ​ស្ថិត​នៅ​ក្នុង​សភាព​«អសកម្ម» ​(dormant)​ ហើយ​ថា ​របាយ​ការណ៍​របស់​អង្គការ​លីកាដូ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ចេតនា​របស់​រដ្ឋាភិបាល​ទេ។​ លោក​មាន​ប្រសាសន៍​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បង្កើត​ឡើង​ដើម្បី​បង្ក្រាប​ពួក​អ្នក​លួច​ទិន្នន័យ​តាម​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ ​ដែល​ត្រូវ​គេ​ហៅ​ថា ​Hacker។​

លោក​ អំ សំអាត​ អ្នក​សម្របសម្រួល​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (ឆ្វេង) ​ថ្លែង​នៅ​ក្នុង​សន្និសីទព័ត៌មាន​អំពី​យុទ្ធនាការ«ឈប់​និង​ពិគ្រោះ​យោបល់​លើ​ច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

ទោះ​យ៉ាង​ណា ​លោក អំ សំអាត បាន​និយាយ​ថា ​របាយ​ការណ៍​ដែល​ក្រុម​ការងារ​របស់​លោក​ចំណាយ​ពេល​ពីរ​ឆ្នាំ​ដើម្បី​ចងក្រង​នោះ គឺ​ជា​ប្រភព​ល្អ​មួយ​ដែល​អាច​ផ្តល់​គំនិត​ដល់​រដ្ឋាភិបាល ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​ការ​បង្កើត​គោល​នយោបាយ។ ​រហូត​មក​ដល់​ពេល​នេះ ច្បាប់​នេះ​ត្រូវ​បាន​រក្សា​ជា​សម្ងាត់។​ លោក​បាន​និយាយ​ថា​ ច្បាប់​នេះ​គួរតែ​ផ្សព្វផ្សាយជា​សាធារណៈ​«ដើម្បីឲ្យ​ក្រុម​ដែល​ពាក់ព័ន្ធ​អាច​ផ្តល់​ជា​មតិ​យោបល់»។​

លោក មាស ប៉ូ​ ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ បាន​មាន​ប្រសាសន៍​ថា​ ច្បាប់​ទូរគមនាគមន៍​នេះ​នឹង​ត្រូវ​ផ្ញើ​ទៅ​កាន់​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី ហើយ​បន្ទាប់​ពី​នោះ​ច្បាប់​នេះ​នឹង​ត្រូវ​ត្រូវ​ផ្ញើរ​ទៅ​រដ្ឋ​សភា​ពិភាក្សា​ដេញ​ដោល​នៅ​ចុង​ឆ្នាំ​នេះ។​

លោក​បាន​និយាយ​ថា៖​ «យើង​បង្កើត​ច្បាប់​នេះ​ឡើង​ដើម្បី​តម្រង់​ទិស​ និង​គ្រប់គ្រង​ មិន​មែន​បង្កើត​ឡើង​ដើម្បី​ឲ្យ​មាន​បញ្ហា​នោះ​ទេ»។​

លោក មាស​ ប៉ូ​ បាន​មាន​ប្រសាសន៍​ថា ​ក្រសួង​កំពុង​បន្ត​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ពី​ប្រទេស​ដទៃ ដើម្បី​ឲ្យ​ច្បាប់​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា​នេះ​កាន់​តែ​ល្អ។ ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ថា ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​ទូរគមនាគមន៍​អាច​នឹង​ត្រូវ​ប្រើ ដើម្បី​គ្រប់គ្រង​អ្នក​ផ្តល់​សេវា​ប្រព័ន្ធ​អ៊ីនធើណិត​ឬទេ​ លោក​បាន​និយាយ​ថា៖​ «អ្នក​មួយ​ចំនួន​មិន​ទាន់​ដឹង​ច្បាប់»។​

លោក ខៀវ ​សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​ឱ្យ​ដឹង​ថា ​លោក​មិន​បាន​ដឹង​អំពី​ព័ត៌មាន​លម្អិត​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ​ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ​ជាទូទៅ​ការ​ដែល​មាន​ច្បាប់​គឺ​ប្រសើរ​ជាង​គ្មាន​ច្បាប់។​

លោក​បាន​និយាយ​ថា៖​ «និយាយ​រួម ​អ្វីៗ​នៅ​ក្រោម​ច្បាប់ល្អ​ជាង»។​

នាយក​របស់​អង្គការ​លីកាដូ​គឺ​លោក​ស្រី​ ណាលី ​ពីឡូក​ Naly Pilorge​ បាន​និយាយ​ថា​ ច្បាប់​ទាំង​ពីរ​នេះ​គឺ​មាន​ន័យ​ថា​ ជា​ការ​ផ្តល់​នូវ​អំណាច​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ឲ្យ​មាន​អំណាច​គ្រប់​គ្រង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ហើយ​វា​នឹង​បន្ទុច​បង្អាក់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​

លោក​ស្រី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា៖​«សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​ទូរគមនាគមន៍​នេះ​គឺ​ជា​ការ​ព្យាយាម​យ៉ាង​ក្រឡែត​របស់​គណ​បក្ស​កាន់​អំណាច​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ពេញ​លេញ​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត​ និង​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ ​«វិធានការ​ស្ងាត់ៗ​ក្រែលែង​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ឡើង​ដោយ​យោង​លើ​ច្បាប់​ទាំង​ពីរ​នេះ​ អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់ ​ហើយ​ហាក់​ដូចជា​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើការ​គាប​សង្កត់​គ្រប់​ទម្រង់​ទាំង​អស់​ទៅលើ​អត្ថបទ​ទាំង​អស់​ដែល​រិះគន់​អាជ្ញាធរ​រដ្ឋ»។​

លោក អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត (Future Forum) ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ​អំពី​«ផល​ប៉ះពាល់​នៃ​ចំណាក​ស្រុក​មក​លើ​នយោបាយ​និង​សេដ្ឋកិច្ច​កម្ពុជា‍» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក អ៊ូ វីរៈ ​ប្រធាន​នៃ​វេទិកា​អនាគត​បាន​និយាយ​ថា ​អ៊ីនធើណិត​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាជន​ខ្មែរ​ ហើយ​ប្រព័ន្ធ​នេះ​ផ្តល់​ព័ត៌មាន​ជា​ច្រើន​អំពី​ពិភពលោក​ទាំង​មូល​ទៅ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ​លោក​បាន​បន្ថែម​ផង​ដែរ​ថា​ ប្រព័ន្ធ​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​មាន​វេទិកា​ពិភាក្សា បន្ថែម​លើ​ការ​ធ្វើ​បាតុកម្ម​តវ៉ា។​

លោក​បាន​និយាយ​ថា៖​ «ចំនួន​នៃ​ការ​តវ៉ា​នេះ​បាន​ថយ​ចុះ។ ​ប្រជាជន​បញ្ចេញ​មតិ​របស់​គាត់​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាម​អ៊ីនធើណិត​ ដូច​ជា​ហ្វេសប៊ុក។​ វា​មាន​ការ​រីក​ចម្រើន»។​

លោក​បាន​បន្ថែម​ថា​ មនុស្ស​រាប់​លាន​នាក់​កំពុង​ប្រើ​ប្រាស់​អ៊ីនធើណិត​ និង​ បណ្តាញ​សង្គម​ ដូច​ជា​ហ្វេសប៊ុក​ ដោយ​សារ​តែ​ភាព​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា និង ទូរស័ព្ទ​ដៃ ​និង​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត​ដែល​មាន​តម្លៃ​ទាប។​

លោក អ៊ូ វីរៈ បាន​និយាយ​ថា​ ច្បាប់​ត្រូវ​តែមាន​ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​និង​ឧក្រិដ្ឋ​កម្ម​ផ្សេងៗ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ​ដែល​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​រដ្ឋ​ ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ​គួរ​តែ​ផ្តោត​ទៅ​លើ​ចំណុច​នេះ៕