ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Freedom House ​ឲ្យ​ចំណាត់​ថ្នាក់​​កម្ពុជា​​ក្នុង​ចំណោម​ប្រទេស​មិន​មាន​សេរីភាព


រូបភាព​ «ផែនទី​នៃសេរីភាព» របស់អង្គការ​ Freedom នៅ​ឆ្នាំ២០១៤។
រូបភាព​ «ផែនទី​នៃសេរីភាព» របស់អង្គការ​ Freedom នៅ​ឆ្នាំ២០១៤។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ដែល​ចេញ​ដោយ​អង្គការ​ Freedom House ​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ បាន​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​២០១៤ ​សេរី​ភាព​នៅ​លើ​សកល​លោក​មាន​ការ​ធ្លាក់ចុះ​ និង​មាន​ស្ថាន​ភាព​អាក្រក់។​

ក្រុម ​នេះ​បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​ដែល​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ថា​ ក្នុង​រយៈ​ពេល​ប្រាំ​បួន​ឆ្នាំ​ជាប់​គ្នា​ សេរីភាព​នៅ​លើ​ពិភព​លោក​បាន​ធ្លាក់​ចុះ។ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​នេះ​ចាត់​ចូលក្នុង​ចំណោម​ប្រទេស​ដែល ​«មិន​មាន​សេរីភាព»​ទាំង​នោះ​ដែល​ជា​ការ​កើន​ឡើង​នូវ​កង្វល់។​

អង្គការ​ Freedom House ​បាន ​បង្ហាញ​នៅ​ក្នុង​របាយ​ការណ៍​ថា​ ជិត​ពីរ​ដង​នៃ​ចំនួនប្រទេស​ជា​ច្រើន​មានការ​ធ្លាក់​ចុះ​ខាង​សេរីភាព​ ​ហើយ​ចំនួន​នៃ​ប្រទេស​ដែល​មាន​ការ​វិវត្ត​ល្អ​ខាងសេរីភាពមាន​ការ​ធ្លាក់​ ដល់​ចំនួន​ទាប​បំផុត ចាប់​តាំង​ពី​សេរីភាពចាប់​ផ្តើម​ធ្លាក់​ចុះ​រយៈ​ពេល​ប្រាំបួន​ឆ្នាំ​បន្ត​ បន្ទាប់​គ្នា​នេះ។

អៀត ​ សុភ័ក្ត្រ​ចិត្រា ​ដែល​ជា​និស្សិត​សកល​វិទ្យាល័យ​ឆ្នាំ​ទីមួយ​សិក្សា​អាជីវកម្ម​ និង​ហិរញ្ញ​វត្ថុ បាន​ប្រាប់​វីអូអេ​ខ្មែរ​ក្នុង​បទ​សម្ភាសន៍​ថា ​គាត់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​កន្លែង​ដែល​ «សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​កំណត់»​ ហើយ​«អំណាច​នយោបាយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមតែ​មួយ»។​

គាត់​បាន​និយាយ​ទៀត​ថា៖​ «កម្ពុជាមិន​ទាន់ជា​ប្រទេស​មានប្រជា​ធិបតេយ្យ​នៅ​ឡើយ​ទេ»។​

នៅ​ក្នុង​ការ​វិនិច្ឆ័យ​របស់​អង្គការ​ Freedom House ​ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​ «មិន​មានសេរីភាព»​ខាង​សិទ្ធិ​នយោបាយ​ ហើយ​សេរីភាព​របស់​ពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ស្ថិត​ឋេរ។​

លោក​ផៃ​ ស៊ី​ផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជំទាស់​នឹង​ការ​វាយ​តម្លៃ​របស់​អង្គការ​នេះ​ចំពោះ​ប្រទេស​កម្ពុជា។​

លោក​បាន​ថ្លែង​ថា ​របាយ​ការណ៍​នេះ​ចេញ​ដោយ​មាន​ការ​លាក់​កំបាំង​គោល​បំណង​ និង​មិន​បាន​បង្ហាញ​ពី​«ការណ៍​ពិត​ និង​ទិដ្ឋភាព​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជាទេ»។​

ទោះ ​យ៉ាង​ណា ​លោក​អំ ​សំអាត​ ដែល​ជា​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​ការពារ​ សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​ថា ​របាយ​ការណ៍​នេះ​មាន​ភាព​ត្រឹមត្រូវ។​

លោក​បាន​និយាយ​ថា៖​ «ពួក​គេ​មាន​ស្តង់ដារ​ និង​ការ​វាស់​ច្បាស់​លាស់។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​ការ​ប្រមូល​ផ្តុំគ្នាបាន​ធ្លាក់​ចុះ»។​

អង្គការ​ Freedom House ​បាន ​និយាយ​នៅ​ក្នុង​របាយ​ការណ៍​នោះ​ថា ​កម្ពុជា​គឺ​ជា​ផ្នែក​មួយ​ដែល​រួម​ចំណែក​ដល់​និន្នាការ​ធ្លាក់​ចុះ​នៃ​ សេរីភាព ​ហើយ​និន្នាការ​នេះ​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភព​លោក​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ។​

លោក​ Arch Puddington អនុ​ប្រធាន​របស់​ក្រុម​ស្រាវ​ជ្រាវ​របាយ​ការណ៍​«សេរីភាព​ក្នុង​ពិភព»​នេះ ​បាន​សរសេរ​នៅ​ក្នុង​របាយ​ការណ៍​ថា៖​ «ការ ​ទទួល​យក​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​ជា​ទម្រង់ដ៏​សំខាន់​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ពិភព​លោក​ និង​ប្រព័ន្ធ​អ​ន្ដរ​ជាតិ​មួយ ​ដែល​មាន​ប្រជា​ធិបតេយ្យ​ល្អ​បំផុត​ កំពុង​នៅ​ក្រោម​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ នៅក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ»។​

លោក​បាន​និយាយ​ទៀត​ថា៖​ «បច្ចុប្បន្ន ​នេះ​ភាគ​ច្រើន​នៃ​របប​ផ្តាច់​ការ​អះអាង​ពី​ការ​គោរព​កិច្ច​ព្រម​ព្រៀង​ អន្ដរ​ជាតិ​ ហើយរបប​ផ្តាច់​ការ​ទាំង​នេះគ្រាន់​តែ​និយាយប៉ុណ្ណោះ​អំពី​បទដ្ឋាន​ នៃ​ការប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ ដោយសេរី​ និង​ការគោរព​សិទ្ធិ​មនុស្ស ​[តែ​មិនមាន​ការ​អនុវត្ត​ជាក់ស្តែង​ទេ]»។​

លោក​បាន​បន្ត​ថា៖ ​«សព្វថ្ងៃ ​នេះ​ ពួក​គេ​គិត​តែ​ពី​ឧត្តមភាព​ដែល​ជាផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​របស់​ឯក​ បក្ស​ ហើយ​បោះ​បង់ចោល​ឧបសគ្គ​នៃ​គោល​ការណ៍​ការ​ទូត​ជា​មូលដ្ឋាន»។​

ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ី​ ដែល​ចូល​ក្នុង​ចំណាត់​ថ្នាក់ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​ក្រុម​ប្រទេស​«មិន​មាន​សេរីភាព​នោះ»​ មាន​ប្រទេស​ថៃ។​ ប្រទេស​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ថា ​ជាប្រទេស​ «សេរី​ដោយ​អន្លើ» ​នៅ​ក្នុង​ឆ្នាំ​ ២០១៣។​ ប៉ុន្តែភាព​ចលាចលផ្នែក​នយោបាយ​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យប្រទេស​នេះ​ធ្លាក់​ចូល​ក្នុង​ប្រភេទ​ក្រុម​ប្រទេស ​«មិន​មាន​សេរីភាព»។ ​ប្រទេស​ចិន ​ម៉ាឡេស៊ី​ និង​មីយ៉ាន់ម៉ា​ក៏ត្រូវ​បាន​អង្គការ​ Freedom House​ ចាត់​ទុក​ថា ជា​ប្រទេស ​«មិន​សេរីភាព»​ផង​ដែរ។​

នៅ ​ក្នុង​ប្រទេស​កម្ពុជា​ ភាព​មិន​សេរី​មាន​ន័យ​ថា​ មានការ​កម្រិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ហើយ​ពេល​ខ្លះ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ដែល​មិន​បាន​រំពឹង​ទុក។​

អៀត​ សុភ័ក្ត្រ​ចិត្រា​បាន​និយាយ​ថា៖​ «នៅ​ផ្សារ ​ប្រសិន​បើ​យើង​និយាយ​អំពី​រឿង​នយោបាយ ​ប្រធាន​ផ្សារ​នឹង​ប្រាប់​ឲ្យ​យើង​ឈប់​និយាយ»។​

គាត់​បាន​បន្ថែម​ថា៖​ «ពួក ​គេ​បាន​បង្កើត​ទីលាន​ប្រជា​ធិបតេយ្យ​ដែល​មាន​តែ​ឈ្មោះ។ ​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​នៅ​ទីនោះ​អត់​បាន។ ​ប្រសិន​បើ​មាន​ការ​តវ៉ា​នឹង​មាន​ការ​បង្ក្រាប»។​

គាត់​បាន​បង្ហាញ​ពី​កង្វល់​របស់​គាត់​ថា៖​ «ប្រសិន​បើ​ប្រទេស​មួយ​មាន​អ្នក​នយោបាយ​មិន​ល្អ​ ហើយ​បើ​អ្នក​នយោបាយ​នោះ​មិន​ស្លាប់​ទេ​ ប្រជាជន​នឹង​ស្លាប់»។​

ជួប ហាប់​ ដែល​ជា​អ្នក​បើក​បរ​រ៉ឺម៉ក​កង់បី​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា ​លោក​អាច​និយាយ​អំពី​នយោបាយ​ដោយ​សេរី​ជាមួយ​ក្រុម​មនុស្ស​របស់​លោក ​តែ​មិន​ហ៊ាន​និយាយ​ជា​សាធារណៈ​ទេ។​

ជួប​ ហាប់​បាន​និយាយ​ថា៖​ «អ្នក​ខ្លះភ័យ​ខ្លាច​ក្នុង​ការ​មិន​ហ៊ាន​និយាយ​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ទេ​ ​ដោយ​សារ​តែ​ពួក​គេ​ខ្លាច​មាន​បញ្ហា»។​

គាត់ ​និយាយ​ថា​ គាត់​គិត​ថា​ ប្រជាជន​មិន​អាច​ធ្វើ​ការ​តវ៉ា​ដោយ​សេរី​បាន​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ មនុស្ស​ម្នាក់​អាច​កាន់​បដារ​សរសេរ​និង​ដើរ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​តែ​ ម្នាក់​ឯង។ ​គាត់​បាន​និយាយ​ថា​ ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ខុស​ពី​ប្រជា​ធិបតេយ្យ​នៅ​ក្នុង ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត។

លោក​ជួប​ ហាប់​បន្ថែម​ថា ​ប្រសិន​បើ​អ្នក​តវ៉ា៖​ «អ្នក​នឹង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​ឱ្យ​មាន​ភាព​ចលាចល»។​

មាន ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ខ្លះ​ដែល​មិន​ជឿ​ថា​ សេរីភាព​របស់​ពួក​គេ​ត្រូវ​បាន​ដាក់​កម្រិត​ ដូច​ជា​លោក​ឈាង ​ភក្ត្រា ​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មួយ។​

លោក​បាន​និយាយ​ថា៖ «សម្រាប់ ​ខ្ញុំគឺ​វា​ល្អ។ ​ជីវភាព​របស់​ខ្ញុំ​ល្អ។ ​ខ្ញុំ​មិន​ចង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ។ ​អ្នក​ក្រ​ខ្លះ​ គាត់​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ​ចំពោះ​ខ្ញុំ ​ខ្ញុំ​រីក​រាយ​ជា​មួយ​នឹង​ជីវិត​របស់​ខ្ញុំ។ ​អ្វី​គ្រប់​យ៉ាង​គឺ​ល្អ​សម្រាប់​ខ្ញុំ»។​

អ្នក ​ដែល​សេរីភាព​របស់​ខ្លួន​មិន​ទាន់ត្រូវ​បាន​រំលោភ​ ឬ​អ្នក​ដែល​មិន​ទាន់​បាន​ប្រើ​សេរីភាព​របស់​ខ្លួន​ ​ឬការពារសេរីភាព​របស់​ខ្លួន​ យល់​ថា ​ប្រទេស​កម្ពុជា​មាន​សេរីភាព៕

XS
SM
MD
LG