អង្គការសហប្រជាជាតិប្រកាសថា ប្រទេសទាំងអស់ត្រូវតែខិតខំឲ្យខ្លាំងបន្ថែមទៀត ដើម្បីកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ ដើម្បីទប់ស្កាត់ការឡើងកម្តៅជាមធ្យមក្នុងសកលលោកឲ្យនៅត្រឹម ២អង្សាត្រឹមឆ្នាំ២០៣០។
របាយការណ៍ប្រចាំឆ្នាំលើកទី៩របស់អង្គការសហប្រជាជាតិស្តីពីគម្លាតនៃការបំភាយឧស័្មននៅក្នុងបរិយាកាសបានចេញផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ដោយបានលើកឡើងថា ការបំភាយឧស័្មននៅឆ្នាំ ២០៣០ អាចកើតឡើងដល់១៥ពាន់លានតោន ច្រើនជាងតម្រូវការ ដើម្បីទប់ស្កាត់មិនឲ្យឡើងកម្តៅលើសពី២អង្សា។
របាយការណ៍បានបង្ហាញទៀតថា ការបំភាយឧស័្មននៅឆ្នាំ២០៣០ ត្រូវតិចជាង ៥៥ភាគរយនៃបរិមាណ ដែលមានកាលពីឆ្នាំ២០១៧ ដើម្បីទប់ស្កាត់ការឡើងកម្តៅជាមធ្យមត្រឹម ១,៥ភាគរយ ដែលជាកម្រិតមានសុវត្ថិភាព។កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០១៥អំពាវនាវឲ្យទប់ស្កាត់ការឡើងកម្តៅភពផែនដីឲ្យនៅចន្លោះពី ១,៥អង្សាទៅ ២អង្សា។
របាយការណ៍ក៏បានបង្ហាញទៀតថា ការបំភាយឧស័្មនបានកើនឡើងខ្ពស់ជាងកំណត់ត្រាដល់ទៅ ៥៣,៥តោនកាលពីឆ្នាំ២០១៧ បន្ទាប់ពីថយចុះអស់រយៈពេល៣ឆ្នាំ។ របាយការណ៍ក៏បានលើកឡើងផងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២០នៅក្នុងពិភពលោក ដែលស្ថិតនៅក្នុងក្រុម G២០ មិនទាន់សម្រេចបានតាមគោលដៅរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ទេ។ ការវិភាគនេះបានធ្វើឡើងដោយយោងតាមរបាការណ៍ពិសេសកាលពីខែមុនរបស់គណៈកម្មការអន្តររដ្ឋាភិបាលអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ការវិភាគនេះបានសន្និដ្ឋានថា ការឡើងកម្តៅ ២អង្សារ ដែលធ្លាប់ត្រូវបានគេជឿថា ស្ថិតនៅចំណុចសុវត្ថិភាពនោះ នឹងអាចបង្កឲ្យមានគ្រោះមហន្តរាយយ៉ាងខ្លាំង ដែលបង្កឡើងដោយសារការប្រែប្រួលធាតុអាកាស៕