អតីតមេដឹកនាំកុម្មុយនីស្តរបស់ប្រទេសគុយបាលោក Fidel Castro បានទទួលមរណភាពនៅអាយុ ៩០ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសរបស់ទូរទស្សន៍រដ្ឋ។ មូលហេតុនៃការស្លាប់របស់លោកនៅមិនទាន់ដឹងនៅឡើយ។
លោក Castro គឺជាអ្នកដែលធ្វើឲ្យប្រទេសគុយបា ក្លាយជាប្រទេសដែលកាន់លទ្ធិកុម្មុយនីស្តដំបូងគេនៅក្នុងអឌ្ឍគោលខាងលិច។ លោកធ្វើជានាយករដ្ឋមន្ត្រីប្រទេសគុយបាពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៧៦ ហើយបន្ទាប់មកលោកបានក្លាយទៅជាប្រធានាធិបតីពីឆ្នាំ១៩៧៦ ដល់ឆ្នាំ២០០៨។ លោកត្រូវបានគេចាត់ទុកថាជាជើងឯក សង្គមនិយមនិងជាអ្នកដែលប្រឆាំងនឹងចក្រពត្តិនិយម។
លោកធ្លាប់បម្រើការជាប្រធានទីមួយនៃគណបក្សកុម្មុយនីស្តរបស់គុយបាពីឆ្នាំ១៩៦១ ដល់ឆ្នាំ២០១១។
ក្រោមការគ្រប់គ្រងរបស់លោក Castro គុយបាបានក្លាយទៅជាប្រទេសដែលមានគណបក្សកុម្មុយនីស្តតែមួយ។
ពលរដ្ឋគុយបានៅក្នុងរដ្ឋធានី Havana កាន់មរណៈទុក្ខនៅតាមដងផ្លូវចំពោះការស្លាប់របស់មេដឹកនាំបដិវត្តន៍គឺលោក Fedel Castro។ សម្រាប់មនុស្សជាច្រើន តាំងពីពួកគេធំដឹងក្តីមក ពួកគេមានលោក Fidel Castro ជាមេដឹកនាំរបស់ពួកគេ ហើយលោកគឺជាមេដឹកនាំម្នាក់ដែលឪពុកម្តាយរបស់ពួកគេស្គាល់។ ការស្លាប់របស់បុរសម្នាក់ដែលត្រូវបានពលរដ្ឋគុយបាភាគច្រើនស្គាល់ថាជាមេបញ្ជាការដឹកនាំប្រទេសនោះ គឺជាការបាត់បង់ដ៏ធំធេងមួយនៅក្នុងប្រទេសដែលលោកក្តោបក្តាប់ជាយូរមកហើយនេះ។
និស្សិត Sariel Valdespino រស់នៅក្នុងរដ្ឋធានី Havana បានថ្លែងថា៖«ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង។ អ្នកចង់និយាយអ្វីក៏បាន ប៉ុន្តែលោកគឺជាបុគ្គលសាធារណៈមួយរូបដែលពិភពលោកទាំងមូលគោរពស្រឡាញ់»។
ស្របពេលជាមួយគ្នានេះដែរ នៅក្នុងទីក្រុង Miami រដ្ឋ Florida ពលរដ្ឋគុយបាចេញមកប្រារព្ធពិធីអបអរចំពោះការស្លាប់របស់លោក Castro។ អ្នកខ្លះរុំទង់ជាតិគុយបា អ្នកខ្លះទៀតរាំនៅតាមដងផ្លូវ ហើយអ្នកខ្លះទៀតនៅតែមិនជឿថា ទីបំផុតថ្ងៃស្លាប់របស់លោក Castro ដែលពួកគេទន្ទឹងរង់ចាំជាយូរមកហើយនោះបានមកដល់។
មនុស្សម្នានាំគ្នាស្រែកតាមផ្លូវថា៖ «ជយោសេរីភាពរបស់ប្រទេសគុយបា»។
លោក Gabriel Morales អាយុ ៤០ឆ្នាំ ជានាយកប្រតិបត្តិខាងផ្នែកហិរញ្ញវត្ថុ ដែលឪពុកម្តាយរបស់លោកបានចាកចេញពីប្រទេសគុយបាកាលពីប៉ុន្មានទសវត្សរ៍មុន បានថ្លែងថា ព័ត៌មានជុំវិញការស្លាប់របស់លោក Castro «ហាក់ដូចមិនមែនជាការពិតនោះទេ»។
លោក Carlos Lopez នៅក្នុងទីក្រុង Miami បានប្រាប់កាសែត Miami Herald ថា៖ «យើងមិនមែនអបអរចំពោះការស្លាប់របស់លោកនោះទេ ប៉ុន្តែអបអរចំពោះការស្លាប់នៃមនោគមវិជ្ជាមួយ។ យើងអបអរចំពោះសេរីភាពមួយផ្នែកដែលយើងទទួលបានមកវិញនៅថ្ងៃនេះ»។
នៅលើទំព័រ Twitter លោកស្រី Gloria La Riva បានសរសេរថា៖ «កេរដំណែលរបស់លោកនឹងនៅមានរហូត ពីព្រោះថា លោកបានបន្សល់ទុកនូវប្រទេសដ៏រឹងមាំមួយដែលពោរពេញទៅដោយអ្នកធ្វើបដិវត្តន៍ពិតប្រាកដ មានដូចជាបុគ្គលផ្នែកសុខាភិបាល គ្រូបង្រៀន កម្មករសំណង់ ហើយនិងយុទ្ធជនដែលប្រយុទ្ធដើម្បីអំពើមនុស្សធម៌ជាដើម»៕