អង្គការសង្គមស៊ីវិលចំនួន៨រួមទាំងអង្គការឃ្លាំមើលការបោះឆ្នោតសំខាន់ចំនួនពីរគឺអង្គការខុមហ្វ្រែលនិងនិកហ្វិកផង បានសម្តែងការ «ខកចិត្តយ៉ាងខ្លាំង» ចំពោះការបោះឆ្នោតព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនេះ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
ការបោះឆ្នោតព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ បានធ្វើឡើង ដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលជាគូរប្រជែងដ៏សំខាន់ជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។ ជាលទ្ធផល គណបក្សប្រជាជន ឈ្នះទាំងស្រុង ហើយនឹងទទួលបានអាសនៈទាំង៥៨ ក្នុងចំណោមអាសនៈទាំង៦២ នៃសមាជិកព្រឹទ្ធសភាសរុបក្នុងអាណត្តិថ្មី ដែលបានដាក់ឲ្យប្រកួតប្រជែង។ អាសនៈ៤ទៀត ត្រូវបានតែងតាំងដោយព្រះមហាក្សត្រនិងរដ្ឋសភា។
ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា ក្រោយពីបានពិនិត្យមើលដំណើរការបោះឆ្នោតព្រឺទ្ធសភានេះ ពួកគេ យល់ថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងតាមរបៀបមួយ «ដែលមិនស្របនឹងដំណើរការនិងគោលការណ៍ប្រជាធិបតេយ្យ»នោះទេ។
ប្រតិកម្មរបស់អង្គការសង្គមស៊ីវិលនេះ កើតឡើង ចំពេលដែលមានការអំពាវពីសភាអ៊ឺរ៉ុប ដោយស្នើឱ្យសហគមន៍អ៊ឺរ៉ុប ប្រកាសជាបន្ទាន់ថាការបោះឆ្នោតនេះ មិនមានលក្ខណៈស្របច្បាប់នោះទេ៕