ក្រុមអ្នកតាមដានការអភិវឌ្ឍរបស់កម្ពុជាមួយចំនួន លើកឡើងថា អ្នកដែលទទួលផលចំណេញភាគច្រើនពីជំនួយនិងកម្ចីបរទេស សម្រាប់យកទៅអភិវឌ្ឍប្រទេស គឺជាអ្នកមានអំណាចមួយក្រុមតូចប៉ុណ្ណោះ ចំណែកអ្នកខាតបង់ប្រយោជន៍គឺជាប្រជាពលរដ្ឋភាគច្រើនទៅវិញ។
Your browser doesn’t support HTML5
លោក ទូច វណ្ណៈ អ្នកស្រាវជ្រាវនិងអ្នកប្រឹក្សាយោបល់នៅរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក បានលើកឡើងនៅក្នុងកម្មវីធី «Hello VOA» កាលពីថ្ងៃចន្ទទី៩ ខែមករានេះថា ទោះបីជាជំនួយនិងកម្ចីបរទេស ផ្ដល់ផលវិជ្ជមានខ្លះដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក៏ដោយ ក៏លោកថា ប្រជាពលរដ្ឋភាគច្រើន គឺជាអ្នកខាតបង់។
«ពីព្រោះកន្លងមក វាមានការពុករលួយនៅក្នុងការរៀបចំគម្រោងមួយចំនួនហ្នឹង គឺអត់មានតម្លាភាពនិងការទទួលខុសត្រូវត្រឹមត្រូវទេ។ ភាគច្រើនដាក់ម៉ោ គឺមានអាគ្រួសារនិយមហ្នឹង គឺអ្នកណាដែលស្គាល់គ្នាមួយចំនួនហ្នឹង គឺអាចដេញយកគម្រោងហ្នឹងបាន។ ដូច្នេះ ការអនុវត្តគម្រោងហ្នឹង គឺមិនសូវមានប្រសិទ្ធភាព»
ក្រោយពីបញ្ចប់សង្គ្រាមជាង៣ទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា នៅតែជាប្រទេសពឹងផ្អែកលើជំនួយនិងកម្ចីបរទេសសម្រាប់ការស្តានិងអភិវឌ្ឍប្រទេសឡើងវិញ។
ប៉ុន្តែ អ្នកទិតៀន លើកឡើងថា ជំនួយនិងកម្ចីភាគច្រើនជាពិសេសទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា មិនត្រូវបានគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យផលប្រយោជន៍នៃជំនួយទាំងនោះ ភាគច្រើន បានធ្លាក់ទៅក្នុងដៃជនមួយក្រុមតូចទៅវិញ។
អ្នកទូរស័ព្ទចូលរួមកម្មវិធី «Hello VOA» ម្នាក់ ដែលប្រាប់ថាខ្លួនឈ្មោះ សួន មកពីខេត្តកំពង់ចាម បាននិយាយថា៖
«ជំនួយបរទេសសម្រាប់ផ្ដល់ជូនប្រទេសកម្ពុជានេះ វាមិនដែលឃើញដល់ដៃប្រជាពលរដ្ឋទេ ឃើញតែបានដល់ជនមួយក្ដាប់តូច ដល់ប្រជាពលរដ្ឋនៅតែរងគ្រោះ នៅតែវេទនា។ អញ្ចឹង លុយជំនួយអន្តរជាតិមកស្រុកខ្មែរយើងនេះ តើលុយហ្នឹងធ្លាក់ទៅលើអ្នកណាវិញ?»
លោក វិសាល មកពីខេត្តកំពង់ចាម ក៏បានលើកឡើងស្រដៀងគ្នានេះយ៉ាងដូច្នេះថា៖
«ជំនួយពីបរទេសមក វាអត់ដែលឃើញបានអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទេ គឺភាគច្រើន គេថាយកជំនួយមកអភិវឌ្ឍប្រទេសមែន ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរនៅតែក្រីក្រ នៅតែរហេមរហាម នៅតែធ្វើជាខ្ញុំគេ មិនថាឡើយតែក្នុងប្រទេសនិងក្រៅប្រទេសទេ»។
តែទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានអះអាងថា រាល់ជំនួយឬកម្ចីបរទេស ដែលប្រទេសកម្ពុជា ទទួលយក គឺពុំមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយណាមួយទេ។
លោកបន្តថា ចំពោះជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស រដ្ឋាភិបាលទទួលបានតែតួលេខនិងផលិតផលសម្រេចដែលម្ចាស់ជំនួយ ជួយសាងសង់ឲ្យតែប៉ុណ្ណោះ។
លោក បន្ថែមថា រដ្ឋាភិបាល ក៏ពុំបានព្រងើយកន្តើយចំពោះការត្រួតពិនិត្យមើលលើគុណភាពនិងការគ្រប់គ្រងជំនួយទាំងនោះដែរ ដូចជាទៅលើការកសាងស្ពានថ្នល់ជាដើម។
«ជំនួយគឺគ្រាន់តែលេខ ដែលយើងបានទទួលទេ។ បន្ទាប់ពីលេខដែលយើងទទួលចំនួនជាទឹកប្រាក់គឺបានសមិទ្ធផល គឺគេសាងសង់ឲ្យយើង។ ការសាងសង់ហ្នឹង គឺគុណភាព ទៅតាមស្តង់ដារមួយដែលមើលការគ្រប់គ្រងដោយក្រសួងដឹកជញ្ជូនសាធារណៈហ្នឹងឯង។ ចុះបើថាគេធ្វើមិនត្រឹមត្រូវតាមស្តង់ដារ មិនមានគុណភាព តើនរណាជាអ្នកខាត? គឺក្រុមហ៊ុនហ្នឹង អ្នកខាត ព្រោះត្រូវជួសជុលឲ្យយើងវិញ ហើយជួនកាលត្រូវបង់ប្រាក់ពិន័យមកលើកម្ពុជាឬរាជរដ្ឋាភិបាលទៀត»។
ប៉ុន្តែ លោក ទូច វណ្ណៈ ថ្លែងថា អ្នកខាតបង់ពិតប្រាកដនៃការគ្រប់គ្រងជំនួយមិនបានត្រឹមត្រូវរបស់រដ្ឋាភិបាល គឺជាពលរដ្ឋទូទៅទៅវិញទេ គឺមិនមែនក្រុមហ៊ុនដែលសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវនិងស្ពានជាដើមនោះទេ។
«គាត់ជាអ្នកទទួលខុសត្រូវ គឺត្រូវរកក្រុមហ៊ុនណា ដែលមានប្រសិទ្ធភាព គឺក្រុមហ៊ុនដែលមិនមែនជាបងប្អូនរបស់គាត់ យកមកធ្វើផ្លូវហ្នឹង»៕