មានឯកសារលេចធ្លាយជាង១៤លានទំព័រទាក់ទងនឹងមនុស្សគ្រប់ស្រទាប់វណ្ណៈ គឺតាំងពីមហាក្សត្រីយានី Elizabeth នៃប្រទេសអង់គ្លេសរហូតដល់លោក Lewis Hamilton ជើងឯកប្រណាំងឡាន Formula One។
ឯកសារមានឈ្មោះថា Paradise Papers មានន័យថា ឯកសារអាថ៌កំបាំង ដែលទាក់ទងនឹងក្រុមហ៊ុនប្រតិបត្តិការនៅក្រៅប្រទេស ហើយវាទាក់ទងនឹងឈ្មោះមនុស្សល្បីៗបំផុតក្នុងពិភពលោក។
ការលាតត្រដាងចុងក្រោយទាក់ទងនឹងលោក Bono តារាឈានមុននៃក្រុមចម្រៀង U2 ដែលប្រើក្រុមហ៊ុននៅក្នុងប្រទេសម៉ាល់តា ដែលជាប្រទេសកំណត់ពន្ធទាប ដើម្បីធ្វើការវិនិយោគទុន បើកហាងទំនិញនៅប្រទេសលីទុយអានី។ ក្រុមចម្រៀងរបស់អៀរឡង់នេះ ដែលបានល្បីឈ្មោះដោយសារយុទ្ធនាការប្រឆាំងភាពក្រីក្រនោះ កន្លងមកបានប្រឈមនឹងការរិះគន់ទាក់ទងនឹងការចាត់ចែងការបង់ពន្ធ។ ប៉ុន្តែមិនមានការចោទប្រកាន់ថា លោក Bono ធ្វើខុសច្បាប់ទេ។ ប៉ុន្តែអ្នកធ្វើយុទ្ធនាការប្រឆាំងភាពក្រីក្រនិយាយថា ការកេងប្រវ័ញ្ចពន្ធដាដោយលាក់ប្រាក់ចំណេញយ៉ាងសម្ងាត់គឺជាការលួចផលប្រយោជន៍សាធារណៈ។
លោក Murray Worthy នៃអង្គការ Global Witness និយាយថា ការបាត់បង់លុយនេះគឺជាការបាត់បង់ការគាំពារសុខភាព ការអប់រំ និងសេវាសាធារណៈសំខាន់ៗ។ សហភាពអឺរ៉ុបចង់ធ្វើបញ្ជីខ្មៅអំពីអាជ្ញាធរ ឬក្រុមហ៊ុន ដែលមិនសហការធ្វើការបង់ពន្ធមានតម្លាភាព៕