ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានត្រឡប់ពីដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសចំនួន ៥ នៅទ្វីបអាស៊ី ដោយសម្រេចបានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន និងការបង្កើនទំនាក់ទំនងប្រសើរជាងមុនជាមួយនឹងបណ្ដាប្រទេសសំខាន់ៗជាច្រើននៅក្នុងតំបន់។
ប៉ុន្តែ អ្នករិះគន់នានាបាននិយាយថា សហរដ្ឋអាមេរិកទទួលបានផលប្រយោជន៍ទាំងអស់នោះមែន ប៉ុន្តែខាតបង់កេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាជើងឯកសិទ្ធិមនុស្ស។
លោក Brad Adam ប្រធានប្រចាំទ្វីបអាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា៖ «យើងមិនឃើញសហរដ្ឋអាមេរិកលើកឡើងពីបញ្ហាសិទ្ធិមនុស្សនោះទេ។ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកមានការចាប់អារម្មណ៍រឿងទំនាក់ទំនងជាមួយមេដឹកនាំនៃបណ្ដាប្រទេសនានាតែប៉ុណ្ណោះ ហើយប្រសិនបើមេដឹកនាំទាំងនោះបញ្ជោរលោក នោះលោកមានការសប្បាយចិត្ត ហើយមេដឹកនាំទាំងនោះអាចរួចខ្លួនពីអំពើឃាតកម្មរបស់ខ្លួនបាន»។
នៅក្នុងពេលធ្វើដំណើរត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ លោក ត្រាំ បានការពារយុទ្ធសាស្ត្ររបស់លោកក្នុងការកសាងទំនាក់ទំនងបុគ្គល ដោយអះអាងថា លោកសម្រេចបានប្រសើរជាងមុនលើបញ្ហាមួយចំនួនតាំងពីការរារាំងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ការជួយឲ្យមានសេរីភាពឡើងវិញចំពោះកីឡាករបាល់បោះប្រចាំសាកលវិទ្យាល័យអាមេរិកាំង ៣ នាក់ ដែលត្រូវបានអាជ្ញាធរចិនចោទប្រកាន់ថាបានលួចទំនិញក្នុងហាងក្នុងប្រទេសចិន និងរហូតដល់ការធានាឲ្យបាននូវអនាគតនៃមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
លោក ត្រាំ បានពន្យល់ថា៖ «ទំនាក់ទំនងគឺតែងតែសំខាន់។ វាមិនមែនចាំបាច់មានន័យថាទាល់តែទំនាក់ទំនងនោះមានភាពស្និទ្ធស្នាលនោះទេ។ វាគឺជាទំនាក់ទំនងដែលផ្អែកលើការគោរព។ សម្រាប់ខ្ញុំ ទំនាក់ទំនងដែលផ្អែកលើការគោរពនេះគឺមានសារៈសំខាន់ខ្លាំងជាងអ្វីៗទាំងអស់ បូករួមទាំងមិត្តភាពផងដែរ»៕