មហាសេដ្ឋីអចលទ្រព្យចូលនិវត្តន៍ជនជាតិចិនម្នាក់ ដែលបានរិះគន់លោកប្រធានាធិបតី Xi Jinping លើការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ ឆ្នាំពីបទពុករលួយ។
ការប្រកាសនៅថ្ងៃអង្គារនេះដោយតុលាការកណ្ដាលលេខ ២ ប្រចាំទីក្រុងប៉េកាំង បានឱ្យដឹងថា លោក Ren Zhiqaing ត្រូវបានរកឃើញថាមានទោស ដោយបានកិបកេងប្រាក់រហូតដល់ ១៦ លានដុល្លារ ពីក្រុមហ៊ុនរបស់រដ្ឋ ដែលលោកធ្លាប់គ្រប់គ្រងពីមុន ក៏ដូចជាការសូកប៉ាន់ និងរំលោភអំណាចដែលបណ្ដាលឱ្យក្រុមហ៊ុនបាត់បង់ប្រាក់ប្រហែល ១៧ លានដុល្លារ។
តុលារការបានឱ្យដឹងថា លោក Ren បានសារភាពរាល់ទោសកំហុសទាំងអស់ និងមិនប្ដឹងឧទ្ធរណ៍ទេ។ ក្រៅពីការកាត់ទោសឱ្យជាប់ពន្ធនាគារ លោក Ren ក៏ត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ៦ សែនដុល្លារផងដែរ។
លោក Ren ត្រូវបានឃាត់ខ្លួនក្នុងខែមីនា បន្ទាប់ពីចេញផ្សាយនូវអត្ថបទមួយរិះគន់លើលោកប្រធានាធិបតី Xi Jinping ទាក់ទិននឹងការថ្លែងសុន្ទរកថារបស់លោក Xi Jinping ទៅកាន់មន្ត្រី ១៧០.០០០ នាក់កាលពីខែកុម្ភៈ អំពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញដំបូងនៅខែធ្នូ ឆ្នាំមុន ក្នុងទីក្រុង Wuhan៕