គេ​រំពឹង​ថា​នឹងមាន​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​​​​ជា​ច្រើន​ករណី​​​ក្នុង​ប្រទេស​ថៃ​ពាក់ព័ន្ធ​នឹង​ជន​អន្តោប្រវេសន៍​ចិន

រូបឯកសារ៖ អ្នក​ជាប់​ឃុំ​លើក​ដៃ​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​មួយ​កន្លែង​នៅ​រាជធានី​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩។

មន្ត្រី​អន្តោប្រវេសន៍​ថៃ​ជាង​១០០នាក់​ត្រូវ​គេ​រំពឹង​ថា​នឹងប្រឈម​ការ​ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក​មួយ​ចំនួន​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ បន្ទាប់ពីបាន​ជួយសម្រួល​ដល់​ជនជាតិចិន​រាប់ពាន់នាក់​ឱ្យចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ដើម្បី​បង្កើត​មុខ​ជំនួញ​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម។

ថ្លែង​ទៅកាន់​ក្រុមអ្នក​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី៩ មីនា​កន្លង​ទៅ ស្នងការ​រង​ប៉ូលិស​ជាតិ​លោក​ឧត្តមសេនីយ៍ Surachet Hakparn បាន​និយាយ​ថា​គេ​បាន​រៀបចំ​សំណុំ​រឿង​ប្រឆាំងនឹង​មន្ត្រី​ទាំង​នេះ​រួច​ហើយ ដែល​នៅក្នុង​នោះ​យ៉ាង​ហោច​ណាស់​ក៏​មាន​មន្ត្រីជាន់​ខ្ពស់​ម្នាក់មាន​ឋានៈ​ជា​ឧត្តមសេនីយ៍​ប៉ូលិសផង​ដែរ។ សំណុំ​រឿង​របស់​ពួក​គេ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ខាង​គណៈ កម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ជាតិ​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់លើ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​ក្នុងការិយាល័យធ្វើការ​ក៏​ដូច​ជា​ការទទួល​សំណូក​ជា​ដើម។

ករណី​ទាំង​នេះ​កើត​មាន​ឡើង​ ខណៈពេល​ដែល​អាជ្ញាធរ​ថៃ​បាន​ព្យាយាមទប់ស្កាត់​ការ​រីករាល ដាល​កាន់​តែ​ខ្លាំង​ឡើង​នៃការបង្ហូរ​សាច់ប្រាក់​ខុស​ច្បាប់​ ពី​ប្រទេស​ចិន​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ចរបស់​ថៃ​ចាប់ តាំង​ពីជំនួញ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​រហូតដល់​វិស័យ​ទ្រព្យសម្បត្តិ និង​សហគ្រាស​កម្សាន្ត​ពេល​រាត្រី​ជា​ដើម។

លទ្ធភាពនៃ​ការ​ប្រើ​លុយ​របស់​ចិន​ ​ក្នុង​ការគេចវេស​ពី​ផ្លូវច្បាប់​របស់​ថៃនោះ​បាន​ធ្វើ​ឱ្យ​ជន​ជាតិ​ថៃ​ជា​ច្រើនមាន​ការបារម្ភខ្លាំង​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះក្រោយពី​ការចាប់ខ្លួន​អ្នក​ជំនួញ​ចិនមួយ​រូប​ឈ្មោះ Chaiyanat Kornchayanant ដែល​មាន​ឈ្មោះ​ក្រៅថា «Tuhao‍» កាលពី​ចុង​ឆ្នាំ​ទៅ​ពី​បទលាង​លុយ​កខ្វក់រាប់លាន​ដុល្លារ​អាមេរិក​តាម​រយៈប្រទេស​ថៃ។

អ្នក​ជំនួញ​ចិន​រូប​នេះ​បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​នឹងមន្ត្រី​ប៉ូលិស​ថៃម្នាក់​ ​ហើយ​ក្រោយ​មក​ក៏​បាន​ទទួល​សញ្ជាតិ​ថៃ​តាម​រយៈ​ប្រពន្ធ​របស់​គាត់​នឹង​បាន​ដូរ​ឈ្មោះទៅ​ជា​ឈ្មោះ​ថៃថា​ជា Chaiyanat Kornchayanant។ ដោយ​ប្រឈម​ទៅ​នឹងដីការ​ចាប់ខ្លួនលើ​បទចោទ​ប្រកាន់​គ្រឿង​ញៀន​នោះ ​បុរស​ចិន​រូប​នេះ​បានចូលសារភាព​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ថៃ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ហើយ​ត្រូវ​បាន​ប៉ូលិសថៃ​រឹបអូសយកបានទ្រព្យសម្បត្តិ​ជា​ច្រើន រថយន្ត​ទំនើប​ៗ យន្ត ហោះ​ផ្ទាល់​ខ្លួន​ ​និង​ប្រាក់​សុទ្ធ​ប្រមាណជិត​៩០លាន​ដុល្លារ​អាមេរិក​ផង​ដែរ។

អាជ្ញាធរ​ថៃបាន​ចោទ​ប្រកាន់​អ្នក​ជំនួញ​ចិន​រូប​នេះ​ថា​បាន​ប្រើប្រាស់រូបភាពនៃ​ការទាក់ទង​កម្រិត​ខ្ពស់​ជាមួយ​ថៃ​ដើម្បី​បង្កើត​ក្រុម​ឧក្រិដ្ឋ​ដ៏​ធំ​មួយ​ហើយ​បាន​នាំចូល​ជនជាតិ​ចិន​យ៉ាង​តិច​ណាស់​ក៏៤ពាន់​នាក់​ដែរ​ចូល​មកក្នុង​ប្រទេស​ថៃ​ដើម្បីធ្វើ​ជំនួញ​ផ្សេងៗ ដូចជា​ការបើកក្លិប​រាំ កម្សាន្ត​ពេល​រាត្រី​ដែល​មាន​ការលក់​គ្រឿង​ញៀន​ទៅ​ឱ្យ​ភ្ញៀវ​ជាជនជាតិ​ចិនដោយចំហរ​នៅ​ទី​នោះ​ដែរ។ បុរស​ចិន​រូប​នេះមិន​ព្រម​ទទួល​សារភាព​កំហុសទៅ​លើ​ការចោទ​ប្រកាន់​នោះ​ឡើយ​ហើយ​ត្រូវ​ឡើង​តុលាការក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕