​ឧក្រិដ្ឋកម្ម​ធ្លាក់​ចុះ​ក្នុង​ប្រទេស​ហ្វីលីពីន​ដោយសារ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​លោក ​Duterte

រូបឯកសារ៖ ភ្នាក់​ងារ​អនុវត្ត​ច្បាប់​គ្រឿង​ញៀន​របស់​ហ្វីលីពីន​កំពុង​នាំ​ជន​សង្ស័យ​រឿង​គ្រឿង​ញៀន​ក្នុងពេល​បង្ក្រាប​មួយ​នៅ​តំបន់​សំណង់​អនាធិបតេយ្យ នៅ​កន្លែង​បញ្ចុះ​សព​មួយកន្លែង​​ក្នុង​ទីក្រុង​ម៉ានីល កាល​ពី​ខែ​មីនា។

ឧក្រិដ្ឋកម្ម​បាន​ធ្លាក់​ចុះ​ជាង ១ ភាគ ៥ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០១៧ នេះ ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​សាធារណជន​សប្បាយ​ចិត្ត និង​បាន​បង្ហាញ​ថា ការ​ធ្លាក់​ចុះ​នេះ​អាច​បណ្ដាល​មក​ពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ដ៏​ប្រល័យ​របស់​លោក​ប្រធានាធិបតី ​Rodrigo Duterte ដែល​ជា​យុទ្ធនាការ​មួយ​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា​ពី​សំណាក់​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស។

សកម្មភាព​ខុស​ច្បាប់​នានា​ដែល​ធ្វើ​ឡើង​ប្រឆាំង​នឹង​មនុស្ស និង​ទ្រព្យសម្បត្តិ បាន​ធ្លាក់​ចុះ​ចំនួន ២១,៨​ ភាគរយ ចាប់​ពី​ខែ​មករា​រហូត​ដល់​ខែ​វិច្ឆិកា​ក្នុង​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ជាមួយ​នឹង​រយៈពេល​ដូច​គ្នា​នេះ​ដែរ​ក្នុង​ឆ្នាំ ២០១៦។ នេះ​បើ​យោង​តាម​តួលេខ​របស់​នគរបាល​ជាតិ​ហ្វីលីពីន​ដែល​បាន​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ហ្វីលីពីន។

តួលេខ​នោះ​សំដៅ​លើ​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ដែល​ពោរពេញ​ដោយ​ភាព​ប្រទាំង​ប្រទើស​របស់​លោក Duterte ក៏​ដូចជា​កិច្ច​ប្រឹងប្រែង​ជា​ទូទៅ​របស់​ប៉ូលិស​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​Antonio Contreras អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ De La Salle ក្នុង​ប្រទេស​ហ្វីលីពីន។

តួលេខ​របស់​នគរបាល​ជាតិ​ហ្វីលីពីន​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ហ្វីលីពីន ​បាន​បង្ហាញ​ថា ចំនួន​សរុប​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន​រាយការណ៍​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោល​បំណង​ស្ថិតិ​នានា បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១០០៦៦៨ ករណី​នៅ​ក្នុង​រយៈ​ពេល ១១ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៧ នេះ។ គេ​ឃើញ​មាន​តែ​ករណី​មនុស្ស​ឃាត​ប៉ុណ្ណោះ ដែល​មាន​ការ​កើន​ឡើង។

អ្នក​នាំ​ពាក្យ​ការិយាល័យ​ប្រធានាធិបតី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នានា​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​ថា ឧក្រិដ្ឋកម្ម​បាន​ធ្លាក់​ចុះ​ចំនួន ៣៥ ភាគរយ ប៉ុន្តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​លំអិត​នោះ​ទេ។

លោក Antonio Contreras បាន​និយាយ​ថា ការ​ស្ទង់​មតិ​កន្លង​មក​បាន​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ហ្វីលីពីន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​មុន​ក្រោយ​ពី​លោក Duterte បាន​ចាប់ផ្ដើម​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​លោក​មក៕