ខណៈដែលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលកំណត់មិនឲ្យគណបក្សនយោបាយមានទំនាក់ទំនងជាមួយបុគ្គលដែលមានទោស នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនៅតែបន្តវាយប្រហារ និងរិះគន់គណបក្សកាន់អំណាច។ ការណ៍នេះធ្វើឲ្យអ្នកនាំពាក្យគណបក្សកាន់អំណាច បញ្ចេញប្រតិកម្មដោយព្រមានថា គណបក្សប្រឆាំងនឹងត្រូវប្រឈមមុខច្បាប់ ប្រសិនបើគណបក្សនេះ មិនមានវិធានការណាមួយលើលោក សម រង្ស៊ី ទេនោះ។
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ព្រមានគណបក្សសង្គ្រោះជាតិថាគណបក្សប្រឆាំងនេះ នឹងត្រូវប្រឈមមុខច្បាប់ នៅពេលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចូលជាធរមាននៅដើមសប្ដាហ៍ក្រោយ ប្រសិនបើគណបក្សនេះនៅតែបន្តឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បន្តបង្ហោះសារលើបណ្ដាញសង្គម ដើម្បីកេងចំណេញនយោបាយ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណបក្សកាន់អំណាច។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញនៅយប់ថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការថ្លែងបំផ្លើសខុសពីការពិត បន្ទាប់ពីវិទ្យុព្រះសង្ឃឯករាជ្យដកស្រង់សម្ដីរបស់លោក សម រង្ស៊ី ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដដែលថា «មានមន្ត្រីជាន់ខ្ពស់បក្សប្រជាជនច្រើន ចង់រួបរួមជាមួយបក្សសង្គ្រោះជាតិ តែមិនហ៊ានមកព្រោះមេដឹកនាំបក្សនេះគំរាម»។
សេចក្ដីថ្លែងការណ៍នោះ បានព្រមានពីការទទួលខុសត្រូវរបស់គណបក្សនយោបាយ ដែលមានជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី ថា ត្រូវហ៊ានប្រឈមនឹងផលវិបាក នៅពេលដែលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចូលជាធរមាន។
សេចក្ដីថ្លែងការណ៍ដដែលនោះបញ្ជាក់ក្នុងន័យដើមថា៖ «ដើម្បីរក្សាសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់គណបក្សនយោបាយ ស្របតាមគោលការណ៍នីតិរដ្ឋ ក្រោយពេលច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្ត នោះគណបក្សនយោបាយដែលមានការពាក់ព័ន្ធជាមួយទណ្ឌិត សម រង្ស៊ី ត្រូវហ៊ានប្រឈមនឹងផលវិបាកនៃការបណ្ដោយឲ្យគណបក្សខ្លួនជាប់ទាក់ទងនឹងទណ្ឌិតខុសនឹងគតិច្បាប់»។
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចបានស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចំនួនពីរលើក ទៅតាមការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីលោកមិនពេញចិត្តនឹងសកម្មភាពផ្សេងៗរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះសារលើបណ្ដាញសង្គម រិះគន់រដ្ឋាភិបាល និងឃោសនាឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ជាដើម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា គណបក្សនយោបាយទាំងអស់នឹងត្រូវទទួលខុសត្រូវមុខច្បាប់ ប្រសិនបើពួកគេមានជាប់ពាក់ព័ន្ធជាមួយទណ្ឌិត។ លោកបន្តថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលនឹងចូលជាធរមាននាដើមសប្ដាហ៍ក្រោយនេះ នឹងចាត់វិធានការផ្លូវច្បាប់លើគណបក្សប្រឆាំងដែលសម្ងំស្ងៀម បណ្ដោយឲ្យលោក សម រង្ស៊ី ថ្លែងគ្រប់បែបយ៉ាង ក្នុងគោលបំណងធ្វើឲ្យគណបក្សប្រឆាំងទទួលបានផលចំណេញផ្នែកនយោបាយ។
លោក សុខ ឥសាន បន្ថែមថា គណបក្សប្រឆាំងអាចនឹងគេចផុតពីការទទួលខុសត្រូវមុខច្បាប់ ប្រសិនបើពួកគេចេញសេចក្ដីថ្លែងការណ៍មិនទទួលស្គាល់រៀងរាល់ការថ្លែងរបស់លោក សម រង្ស៊ី។
លោកមានប្រសាសន៍ថា៖ «បើសិនណាជាគណបក្សហ្នឹងនៅតែសម្ងំទទួលយកការឃោសនារបស់ សម រង្ស៊ី ទោះបី សម រង្ស៊ី និយាយយ៉ាងម៉េច សម រង្ស៊ី និយាយមក គណបក្សធ្វើសេចក្ដីថ្លែងការណ៍បដិសេធ និយាយមកធ្វើសេចក្ដីថ្លែងការណ៍បដិសេធ អាហ្នឹងមិនអីទេ»។
ការស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយជាលើកទីមួយ កាលពីខែកុម្ភៈកន្លងទៅ បានកំណត់ថា មេដឹកនាំគណបក្សនយោបាយត្រូវតែជាជនគ្មានទោសពៃរ៍។ វិសោធនកម្មនាពេលនោះធ្វើឲ្យមានការផ្លាស់ប្ដូររចនាសម្ព័ន្ធដឹកនាំរបស់គណបក្សជំទាស់ និងបង្ខំឲ្យលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លាលែងពីតំណែងជាប្រធានគណបក្សជំទាស់។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទី២ ដែលបានស្នើកាលពីដើមខែកក្កដាកន្លងទៅនេះបានកំណត់ថា គ្រប់គណបក្សនយោបាយទាំងអស់ នឹងត្រូវរំលាយចោល ប្រសិនបើមានទំនាក់ទំនងជាមួយបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបទល្មើសមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ។
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីលោក សម រង្ស៊ី តាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែល តែរហូតមកដល់ល្ងាចថ្ងៃសុក្រនេះ មិនទាន់មានការឆ្លើយតបណាមួយនៅឡើយ។
ខណៈវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយជាលើកទី២ កំពុងត្រូវបានបញ្ជូនពីស្ថាប័ននីតិបញ្ញត្តិពីមួយ ទៅមួយយ៉ាងឆាប់រហ័ស និងរង់ចាំតែការប្រកាសដាក់ឲ្យប្រើប្រាស់ជាការប្រញាប់ នាពេលឆាប់ៗខាងមុខ គេនៅតែឃើញលោក សម រង្ស៊ី បន្តបង្ហោះសារផ្សេងៗលើបណ្ដាញសង្គមរបស់លោក ដោយមានទាំងការរិះគន់ វាយប្រហារ លោក ហ៊ុន សែន ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រឆាំង មិនលោះថ្ងៃ។
ការបន្តបង្ហោះសារវាយប្រហាររដ្ឋាភិបាល កើតឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិកំពុងសម្រុកផ្លាស់ប្ដូរស្លាកគណបក្សដែលមានរូបលោក កឹម សុខា និងលោក សម រង្ស៊ី ឈរកាន់ដៃគ្នា។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំង ប្រាប់ VOA ថា គណបក្សសង្គ្រោះជាតិនឹងអនុវត្តទៅតាមច្បាប់គ្រប់បែបយ៉ាង បើទោះបីជាគណបក្សបានដឹងអំពីគោលបំណងនៃវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះថា មានបំណងសំដៅតែលើគណបក្សប្រឆាំងក៏ដោយ។
លោកបញ្ជាក់ថា៖ «គណបក្សយើងក៏យើងត្រៀមខ្លួនដែរ ត្រៀមខ្លួននឹងធ្វើអ្វីៗមិនឲ្យគេយកលេសបានទេ រឿងទាំងឡាយនោះ ព្រោះធម្មតាមនុស្សម្នាក់ៗគេដឹង ហើយខ្ញុំក៏ជឿជាក់ថា អតីតលោកប្រធានរបស់ខ្ញុំក៏គាត់យល់ដែររឿងអញ្ចឹងៗ គាត់មិនមែនធ្វើឲ្យគេរំលាយគណបក្សសង្គ្រោះជាតិទេ»។
ការបង្កើត និងការអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយទាំងពីរលើកយ៉ាងតក់ក្រហល់ដូចនេះ ត្រូវបានគេមើលឃើញថា ជាចេតនាផ្ដាច់លោក សម រង្ស៊ី ចេញពីនយោបាយកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោក ចាន់ វិបុល អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ចលើកឡើងថា សេចក្ដីថ្លែងការណ៍ និងការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចដែលបានព្រមានពីទំនាក់ទំនងរបស់គណបក្សនយោបាយជាមួយទណ្ឌិត គឺបង្ហាញថា កម្ពុជាមានការប្រើប្រាស់អំណាចច្រើនជាងគោលការណ៍ច្បាប់។
លោកបញ្ជាក់ថា៖ «បើយើងនិយាយពីប្រទេសដែលប្រកាន់នីតិរដ្ឋពិតប្រាកដ គឺជាតួនាទីហើយរបស់ស្ថាប័នរដ្ឋ ជាពិសេសគឺជាតួនាទីរបស់សភាហ្នឹងហើយជាអ្នកផ្សព្វផ្សាយទូទៅ ហើយតុលាការហ្នឹងហើយដែលជាអ្នកឃ្លាំមើលការអនុវត្តច្បាប់។ ប្រសិនបើយើងមើលក្រៅពីស្ថាប័នទាំងអស់នេះ ការចេញសេចក្ដីថ្លែងការណ៍នេះ ហាក់ដូចជាការបង្ហាញពីអំណាច ជាជាងគោលការណ៍ច្បាប់។ តែជាទូទៅមិនជាការចម្លែកទេក្នុងស្ថានភាពសង្គមរបស់យើងនាពេលបច្ចុប្បន្ន»។
កាលពីថ្ងៃពុធសប្ដាហ៍មុននិងនៅថ្ងៃសុក្រនេះ ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាចំនួន១៩ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍មួយភ្ជាប់នឹងការវិភាគមាត្រានីមួយៗនៃសេចក្ដីព្រាងច្បាប់វិសោធនកម្មស្ដីពីគណបក្សនយោបាយនោះ។ ពួកគេបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថា វិសោធនកម្មនេះ«នឹងរឹតបន្តឹងយ៉ាងអយុត្តិធម៌» បន្ថែមទៀតលើសេរីភាពជួបជុំ និងសេរីភាពបញ្ចេញមតិ ហើយវា«ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិមួយចំនួន»៕